ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ក្រុមអាជីវករថៃលក់ដូរនៅផ្សាររុងក្លឿ ព្រំដែនបានឃ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ (ទល់មុខច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ) បានប្រមូលផ្តុំគ្នាតវ៉ាឱ្យរដ្ឋាភិបាល និងកងទ័ពបើកព្រំដែនជាមួយកម្ពុជាជាបន្ទាន់ ពីព្រោះការបិទព្រំដែនធ្វើឱ្យប៉ះពាល់ចំណូលរបស់អាជីវករធ្ងន់ធ្ងរ ជាពិសេស ចំណូលពីវិស័យទេសចរណ៍ ។ មុនពេលបិទព្រំដែន អាជីវករថៃទទួលបានចំណូលរហូតដល់រាប់ម៉ឺនបាតក្នុង១ខែ ប៉ុន្តែបច្ចុប្បន្ន រកចំណូលបានត្រឹម១០០បាត ឬ២០០បាតក្នុង១ថ្ងៃ ។
.jpg)
ការបិទព្រំដែនជាឯកតោភាគីពីសំណាក់កងទ័ពថៃក្រោមការបញ្ជាពីលោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការកងទ័ពភូមិភាគ២ ធ្វើឱ្យព្រំដែនបានឃ្លងលឹក មានសភាពស្ងាត់ជ្រងំ ។ អាជីវករថៃនៅព្រំដែនពុំអាចអត់ធ្មត់នឹងស្ថានការណ៍បែបនេះទៀតទេ និងតវ៉ាទៅរដ្ឋាភិបាលប្រញាប់បើកព្រំដែនជាបន្ទាន់ ។ អាជីវករថៃថៃលើកស្លាកសញ្ញាសរសេរអក្សរធំៗថា ៖ «យើងយល់ពីកិត្តិយសរបស់ពួកអ្នក ប៉ុន្តែពលរដ្ឋរស់នៅព្រំដែនកំពុងដាច់ពោះស្លាប់ សូមយល់ពីពួកយើងខ្លះផង ។ ជម្លោះកើតឡើងនៅកន្លែងណា ហេតុអ្វីពុំដោះស្រាយនៅកន្លែងនោះ ពួកយើងលក់ដូរជាមួយពលរដ្ឋវៀតណាម និងខ្មែរ តើនឹងបណ្តោយបែបនេះឱ្យខូចខាត មែនទេ?» ។
ការតវ៉ាឱ្យបើកព្រំដែនកម្ពុជា-ថៃឡើងវិញធ្វើឡើងស្របពេលលោក រ៉ាំងស៊ិម៉ាន់ រ៉ូម សមាជិកសភា និងជាអនុប្រធានគណបក្សប្រជាជន មានតួនាទីជាគណៈកម្មកការសន្តិសុខរដ្ឋកិច្ចការព្រំដែនថៃ យុទ្ធសាស្ត្រជាតិ និងកំណែទម្រង់ បានចុះមកពិនិត្យមើលវិធានការបើក-បិទព្រំដែនកម្ពុជា-ថៃ នៅព្រំដែនបានឃ្លងលឹក-ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ។
.jpg)
លោក រ៉ាំងស៊ិម៉ាន់ រ៉ូម សមាជិកសភា និយាយថា ព្រំដែនបានឃ្លងលឹក មានការលក់ដូរទំនិញ និងការធ្វើដំណើរឆ្លងដែនចេញ-ចូលរបស់ពលរដ្ឋប្រទេសទាំងពីរ ។ បច្ចុប្បន្ន ភាគីថៃបានបើកទ្វារព្រំដែន ប៉ុន្តែទ្វារព្រំដែនកម្ពុជាបិទ ហើយនៅថ្ងៃទី៧ ខែកក្កដា ពលរដ្ឋថៃបានមកតវ៉ាឱ្យកងទ័ពបើកព្រំដែនឡើងវិញដើម្បីឱ្យការលក់ដូរត្រឡប់មកធម្មតា ដោយសារការបិទព្រំដែនធ្វើឱ្យពលរដ្ឋថៃបាត់បង់ការងារ និងបារម្ភពីការលក់ដូររបស់ប្រទេសទាំងពីរនឹងដំណើរការដូចម្តេច?
កម្ពុជា និងថៃមានបញ្ហាច្រើន ក្នុងនោះក៏មានបញ្ហារវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល រួមទាំងការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ។ បើប្រទេសទាំងពីរគ្មានការលក់ដូរ គឺមិនត្រឹមតែប៉ះពាល់ពលរដ្ឋនៅស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវប៉ុណ្ណោះទេ ប៉ុន្តែវានឹងប៉ះពាល់គ្រប់ផ្នែកទាំងអស់ ។ បើមានដំណោះស្រាយបញ្ហា វានឹងក្លាយជាប្រយោជន៍សម្រាប់ពលរដ្ឋខ្មែរ-ថៃ ។ កម្ពុជាប្រាប់ឱ្យថៃបើកព្រំដែនមុន ប៉ុន្តែការពិត ថៃពុំបានបិទព្រំដែន រដ្ឋាភិបាលថៃកំពុងអនុវត្តវិធានការទប់ស្កាត់កុំឱ្យពលរដ្ឋទៅធ្វើជាក្រុមឆបោកអនឡាញ ឬចូលកាស៊ីណូ ។
គួរបញ្ជាក់ថា ការតវ៉ារបស់អាជីវករថៃ គឺដឹកនាំដោយលោក ស៊ុឃួន ភួនស៊ីខាំ ជាឈ្មួញនាំចេញទំនិញថៃ ដោយលោកបានប្រគល់លិខិតឱ្យលោក រ៉ាំងស៊ិម៉ាន់ រ៉ូម សមាជិកសភា ដែលមានខ្លឹមសារ៧ចំណុច សូមឱ្យរដ្ឋាភិបាលពិនិត្យមើលវិធានការបិទព្រំដែន ពីព្រោះអាជីវកររងផលប៉ះពាល់ពុំអាចលក់ដូរបាន ខណៈអាជីវករនៅខេត្តឧប៊ុនរ៉ាជថានី និង៥ខេត្តទៀត ក៏លក់ដូរមិនដាច់ដែរ ។ ការបិទព្រំដែនពុំអាចជួយដោះស្រាយបញ្ហាទេ ប៉ុន្តែពលរដ្ឋថៃដែលរកស៊ីស្មោះត្រង់ប៉ះពាល់ធ្ងន់ ។ បើមានសង្គ្រាម ចាំគិតទៀត ពេលនេះ ពលរដ្ឋត្រូវចិញ្ចឹមគ្រួសារ បើចង់បិទព្រំដែន ត្រូវប្រាប់ពលរដ្ឋឱ្យត្រៀមខ្លួនជាមុន ។

ម្យ៉ាងទៀត ទំនិញថៃដែលនាំចេញតាមព្រំដែនបានឃ្លងលឹក គឺផលិតនៅទូទាំងប្រទេសថៃ ប៉ុន្តែការបិទច្រកនឹងធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ច និងពលរដ្ឋថៃខ្លួនឯង ។ សូមអ្នកមានអំណាចពិនិត្យឡើងវិញ និងដោះស្រាយបញ្ហាឱ្យពលរដ្ឋ បើពុំដោះស្រាយទេ ផលប៉ះពាល់នឹងកើតឡើងថែមទៀត ។ ចុងក្រោយ លោក រ៉ាំងស៊ិម៉ាន់ សន្យាយកលិខិតតវ៉ារបស់អាជីវករថៃដាក់ជូនរដ្ឋាភិបាល ៕










