រាជធានីភ្នំពេញ ៖ មតិមហាជនជាច្រើនដែលជាអ្នករស់នៅ និងធ្វើដំណើរឆ្លងកាត់ម្ដុំផ្សារតាំងកសាង មុខព្រលានយន្តហោះពោធិ៍ចិនតុង ស្នើសុំទៅកាន់អាជ្ញាធរមូលដ្ឋាន ពិនិត្យមើលលទ្ធភាពក្នុងការលុប ឬរុះរើផ្លូវដែកដែលឈប់ប្រើប្រាស់ នៅចំពាក់កណ្ដាលផ្លូវចេញ ព្រោះវាតែងបង្ករគ្រោះថ្នាក់ជាញឹកញាប់ដល់អ្នកធ្វើដំណើរ។
បន្ទាប់ពីយុវតីម្នាក់ដែលជានិស្សិតម្នាក់បានបា.ត់ប.ង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កំឡុងពេលមេឃភ្លៀង ដោយសារតែជិះម៉ូតូរអិលដួលជាមួយនឹងផ្លូវដែកដែលនៅចំកណ្ដាលផ្លូវ និងត្រូវបានរថយន្តមួយគ្រឿងដែលបើកបរនៅខាងក្រោយកិ.នពីលើបណ្ដាលឲ្យស្លា.ប់ភ្លាមៗ។ មហាជនជាច្រើន ជាពិសេសពលរដ្ឋ និងអាជីវករ នៅម្ដុំផ្សារតាំងកសាង ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ កាន់តែព្រួយបារម្ភខ្លាំងឡើង និងសំណូមពរទៅកាន់អាជ្ញាធរមានសមត្ថកិច្ចពិនិត្យមើលលទ្ធភាពក្នុងការជួយសម្រួលលុបឲ្យជិត ឬរុះរើផ្លូវដែកនោះចេញតែម្ដង ដើម្បីកុំឲ្យគ្រោះថ្នាក់ដដែលៗកើតមានចំពោះអ្នកធ្វើដំណើរបន្តទៀត។

គួរជម្រាបថា ផ្លូវដែកនេះគឺជាផ្លូវដែករបស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលលាតសន្ធឹងលើមហាវិថីសហព័ន្ធរុស្ស៊ី សម្រាប់រថភ្លើងធ្វើដំណើរចូលក្នុងអាកាសយានដ្ឋាន។ វាត្រូវបានដាក់ឲ្យដំណើរការកាលពីថ្ងៃទី១០ ខែមេសាឆ្នាំ ២០១៨។ តាមពិតផ្លូវដែកនេះ ត្រូវបានរដ្ឋាភិបាលសម្រេចឲ្យចាក់បេតុង និងកៅស៊ូលុបរួចមកហើយនៅក្នុង២០២០ ដោយសារមិនសូវមានតម្រូវការប្រើប្រាស់ និងជាសំណូមពររបស់ប្រជាពលរដ្ឋ។

ប៉ុន្តែទោះជាយ៉ាងណា ដោយសារតែវានៅសល់គម្លាត និងគ្រោងដែកនៅទីនោះដដែល ដូចនេះជាញឹកញាប់តែងមានម៉ូតូដែលជិះចូលចំផ្លូវនោះក្រឡាច់កង់ដួល ជាពិសេសនៅពេលមេឃភ្លៀងដែលដែកមានសភាពរលោង កាន់តែធ្វើឲ្យអ្នកធ្វើដំណើរដោយម៉ូតូងាយនឹងរអិលដួល និងកើតមានគ្រោះថ្នាក់ជារឿយៗ។.jpg)
យោងតាមបញ្ហាខាងលើនេះ ជាមតិរបស់ពលរដ្ឋ សង្ឃឹមថាអាជ្ញាធរ និងរាជរដ្ឋាភិបាលនឹងពិនិត្យមើលលទ្ធភាពក្នុងការកែសម្រួលផ្លូវនេះឡើងវិញ ព្រោះបើមិនដូច្នេះទេ នៅថ្ងៃខាងមុខច្បាស់ជាកើតមានគ្រោះថ្នាក់ដោយសារមូលហេតុដដែលនេះជាបន្តទៀត៕










