ថៃ៖ ក្រោយការពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីថៃ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងភាសាបារាំង និងថៃ ជាមួយនឹងការអះអាងថា៖ ចំពេលដែលកំពុងមានបញ្ហាប្រឈម ថៃ និងប្រជាជនថៃនៅតែអាចពឹងពាក់លើចំណងមិត្តភាពជាមួយបារាំងបានជានិច្ច។
យោងតាមសារព័ត៌មានថៃ The Nation បានចុះផ្សាយកាលពីថ្ងៃអាទិត្យ បានឲ្យដឹងថា បន្ទាប់ពីលោក Emmanuel Macron បានឆ្លើយឆ្លងតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra នៅថ្ងៃទី 27 ខែមិថុនា ឆ្នាំ 2025រួចមក លោកក៏បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖ “ខ្ញុំទើបតែបាននិយាយជាមួយលោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីនៃប្រទេសថៃ។ ប្រទេសរបស់យើងកាន់តែជិតស្និទ្ធជាងមុន! ចំពេលបញ្ហាប្រឈមធំៗដូចជាអស្ថិរភាពនៃគោលការណ៍ពាណិជ្ជកម្មអន្តរជាតិ ប្រជាជនថៃតែងតែអាចពឹងផ្អែកលើមិត្តភាពរបស់បារាំងបាន។”
នៅក្នុងកាសន្ទនាតាមទូរស័ព្ទនោះ លោកស្រី Paetongtarn បានបញ្ជាក់គោលជំហររបស់ខ្លួនក្នុងការដោះស្រាយជម្លោះជាមួយកម្ពុជា ប្រាប់ទៅកាន់ប្រធានាធិបតីបារាំងយ៉ាងដូច្នេះថា «ប្រទេសថៃនៅតែបន្តគាំទ្រការងាររបស់គណៈកម្មការព្រំដែនចម្រុះថៃ-កម្ពុជា (JBC) ដែលទើបនឹងបើកកិច្ចប្រជុំនៅភ្នំពេញ ហើយសង្ឃឹមថា ក្នុងនាមជាដៃគូអន្តរជាតិដ៏ជិតស្និទ្ធ បារាំងនឹងដើរតួក្នុងការគាំទ្របរិយាកាសអំណោយផលដល់ការបន្តកិច្ចចរចាទ្វេភាគីរវាងថៃ និងកម្ពុជា។».jpg)
ជាមួយគ្នានោះ ប្រធានាធិបតីបារាំងបានទទួលស្គាល់ពីគោលបំណងរបស់ប្រទេសថៃ ហើយថានឹងពិចារណាលើការសម្របសម្រួលកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។ ហើយទាំងនាយករដ្ឋមន្ត្រីថៃ និងលោកប្រធានាធិបតី Macron បានសម្តែងនូវសេចក្តីរីករាយក្នុងកិច្ចសន្ទនាផ្លូវការលើកដំបូងរបស់ពួកគេ។
លើសពីនេះទៀត លោកស្រី Paetongtarn បានបញ្ជាក់ជាថ្មីអំពីជំហររបស់ប្រទេសថៃក្នុងការគាំទ្របទឈប់បា.ញ់ និងការបញ្ឈប់អំពើហិ.ង្សាលើគ្រប់ភាគីពាក់ព័ន្ធដែលជាប្រទេសជិតខាងរបស់ប្រទេសថៃ។ ក្នុងនោះ ទាក់ទងនឹងមីយ៉ាន់ម៉ា ប្រទេសថៃបានត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រដល់ដំណើរការសន្តិភាព និងនយោបាយ ព្រមទាំងគាំទ្រតួនាទីរបស់ម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ាន និងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងក្រោមក្របខណ្ឌអាស៊ាន។.jpg)
ដោយឡែក ចំពោះស្ថានភាពព្រំដែនកម្ពុជា-ថៃ នាយករដ្ឋមន្ត្រីថៃបានរំលឹកឡើងវិញថា ប្រទេសថៃប្រកាន់ខ្ជាប់នូវគោលការណ៍នៃដំណោះស្រាយដោយសន្តិវិធី ដោយមានចេតនាស្មោះត្រង់ និងឈរលើមិត្តភាពដ៏រឹងមាំរវាងប្រទេសជិតខាង ជាមួយការឯកភាពអាស៊ាន និងច្បាប់អន្តរជាតិ។ លោកស្រីជឿជាក់ថា ការចរចាទ្វេភាគីគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការស្វែងរកដំណោះស្រាយប្រកបដោយស្ថាបនា និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
ក្រៅពីនេះ លោកស្រី Paetongtarn បានក៏បានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងថៃ-បារាំង ទៅជាដៃគូយុទ្ធសាស្ត្រឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន និងស្វាគមន៍លោកប្រធានាធិបតី Macron មកបំពេញទស្សនកិច្ចនៅប្រទេសថៃជាផ្លូវការនៅឆ្នាំក្រោយ ក្នុងកិច្ចប្រជុំកំពូលរបស់អង្គការអន្តរជាតិឡាហ្វ្រង់កូហ្វូនី (OIF) នៅកម្ពុជា ។ ចំណែកប្រធានាធិបតីបារាំងក៏បានអញ្ជើញលោកនាយករដ្ឋមន្ត្រីទៅបំពេញទស្សនកិច្ចនៅប្រទេសបារាំងជាផ្លូវការ និងចូលរួមវេទិកាសន្តិភាពទីក្រុងប៉ារីសផងដែរ៕










