តារាចម្រៀងនិងជាអ្នកនិពន្ធ ម៉ុង ម៉ានិត បានលាតត្រដាងមិត្តភាពដ៏យូរអង្វែងជាមួយនឹងតារាចម្រៀង ទេព បូព្រឹក្ស ដែលជាមនុស្សមិនចេះប្រកាន់គាំទ្រលោកជានិច្ច។ មិនត្រឹមតែប៉ុណ្ណោះ ម៉ានិត ក៏បានបង្ហាញអាថ៌កំបាំងធ្លាប់ឃើញ ទេព បូព្រឹក្ស យំក្រោយឆាកជាច្រើនដង។
នៅថ្ងៃទី២៦ មិថុនា នេះក្នុងពេលមានឱកាសសហការគ្នាជាលើកដំបូង ម៉ានិត បានបង្ហាញពីទំនាក់ទំនងទឹកចិត្តសប្បុរសការតស៊ូរបស់ ទេព បូព្រឹក្ស ក្នុងអាជីពសិល្បៈ។ លោកបានរៀបរាប់យ៉ាងដូច្នេះថា «ទេព បូព្រឹក្ស! មិត្តរួមអាជីពតាំងពីក្មេង។ គាំទ្រខ្ញុំគ្រប់យ៉ាង ខ្ញុំច្រៀងបទអីក៏គាត់ថាពីរោះដែរ ខ្ញុំឈប់ច្រៀងមកនិពន្ធសៀវភៅ ក៏មកគាំទ្រទៀត ជួយផុស ជួយថត។ ជួបគ្នានៅណា ក៏បបួលfeatជាមួយគ្នាដែរ តាំងពីនៅក្រុមហ៊ុនជាមួយគ្នា ដល់ក្លាយជាតារាឯករាជ្យ ក៏នៅតែគាំទ្រគ្នា។ ឥឡូវនេះ បានសម្រេចហើយមិត្ត បានច្រៀងរួមគ្នាហើយ។
ម៉ុង ម៉ានិត បានបន្តទៀតថា «អរគុណដែលស្រលាញ់រាប់អាន ជួយ ចាត់ចែង ជាមនុស្សមិនប្រកាន់ខ្លួន តស៊ូ លំបាក ខ្ញុំឃើញផ្ទាល់ភ្នែកតាំងពីចូលច្រៀងដំបូង។ យំក្រោយឆាកមិនតិចដងទេ។ រង់ចាំស្ដាប់បទ «Never Be Yours» ដែលយើងបានfeaturingជាមួយគ្នាលើកដំបូងនៅស្អែកនេះ តែនៅមានបទមួយទៀត ដែលខ្ញុំនិពន្ធហើយជិត១០ឆ្នាំហើយ ដើម្បីច្រៀងជាមួយគាត់ ឥឡូវនេះយើងក៏បានថតចប់រួចរាល់ហើយដែរ»។

ការបង្ហាញរបស់តារាចម្រៀង ម៉ានិត បានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីព្រោះអ្នកគាំទ្រមួយចំនួនពុំធ្លាប់បានដឹងពីចំណងមិត្តភាពរបស់អ្នកទាំងពីរនោះទេ។ នៅលើបណ្តាញសង្គមផ្ទាល់ខ្លួន ម៉ានិត ក៏បាននិយាយដែរថាលោកកម្រនិយាយពាក្យក្នុងចិត្តមកណាស់៕
 
		 
	









