ប្រទេសថៃ ៖ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ លោក ភីថា លីមចារើនរ៉ាត់ អតីតមេដឹកនាំគណបក្សកាវក្លៃនៅប្រទេសថៃ បានផ្តល់សម្ភាសន៍ពាក់ព័ន្ធនឹងតួនាទីរបស់កងទ័ពថា កងទ័ពមានតួនាទីការពារប្រទេសប៉ុណ្ណោះ ពុំមែនមានអំណាចគ្រប់គ្រងប្រទេសទេ ។ កងទ័ពនឹងការពារការឈ្លានពានពីក្រៅប្រទេស ប៉ុន្តែកងទ័ពពុំពាក់ព័ន្ធនឹងកិច្ចការនយោបាយ ឬជ្រៀតជ្រែកនយោបាយក្នុងប្រទេស ។

ការលើកឡើងរបស់អតីតមេដឹកនាំគណបក្សកាវក្លៃ ស្របពេលប្រទេសថៃមានបញ្ហាផ្ទៃក្នុង ហើយពលរដ្ឋថៃជំរុញឱ្យនាយករដ្ឋមន្ត្រី លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ លាលែងពីតំណែងដើម្បីទទួលខុសត្រូវចំពោះការបែកធ្លាយកិច្ចសន្ទនារបស់លោកស្រីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ។ ពលរដ្ឋថៃចង់បាននាយករដ្ឋមន្ត្រីថ្មីដែលដឹកនាំប្រទេសពុំផ្តល់អំណាចឱ្យកងទ័ព និងចង់ឱ្យលោក ភីថា លីមចារើនរ៉ាត់ អតីតមេដឹកនាំគណបក្សកាវក្លៃ ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី ។
លោក ភីថា លីមចារើនរ៉ាត់ អតីតមេដឹកនាំគណបក្សកាវក្លៃ និយាយថា កន្លងមក ពួកយើងជាអតីតគណបក្សកាវក្លៃបានព្យាយាមជំរុញឱ្យកងទ័ពថៃបំពេញតួនាទីការពារប្រទេស និងបដិសេធកងទ័ពដែលព្យាយាមគ្រប់គ្រងប្រទេស ។ កងទ័ពមានតួនាទីនៅក្បែរពលរដ្ឋ គោរពសិទ្ធិមនុស្ស គ្មានអំពើពុករលួយ ប៉ុន្តែយើងបដិសេធកងទ័ពមានអំណាចគ្រប់គ្រងប្រទេស ប្រើប្រាស់អំណាចក្រៅប្រព័ន្ធ ធ្វើរដ្ឋប្រហារ ជ្រៀតជ្រែកនយោបាយ គ្រប់គ្រងពលរដ្ឋ យកថវិកាពលរដ្ឋហួសហេតុ និងធ្វើសង្គ្រាមព័ត៌មានប្រឆាំងពលរដ្ឋ ។.jpg)
លោកបានតាមដានស្ថានការណ៍ព្រំដែនដោយក្តីបារម្ភដូចនឹងពលរដ្ឋទូទៅដែរ ប៉ុន្តែលោកពុំអូសទាញ ឬចាត់វិធានការទប់ទល់វិញ ដែលធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង ឬមានជម្លោះខ្លាំងជាងនេះ ។ លោកជឿជាក់ថា គណបក្សប្រជាជននៅថៃកំពុងដាស់តឿនស្មារតី ណែនាំរដ្ឋាភិបាលថៃ ស្របពេលស្ថានការណ៍ផុយស្រួយ និងផ្លាស់ប្តូរគ្រប់ពេលវេលា ។ រីឯពលរដ្ឋចង់ឃើញរដ្ឋាភិបាលថៃដោះស្រាយបញ្ហាតានតឹងដោយប្រើប្រាស់វិធីជាច្រើនទៀត ពុំចាំបាច់ដោះស្រាយបញ្ហាដោយប្រើប្រាស់វិធានការកងទ័ព ។.png)
ក្រៅពីនេះ លោក ភីថា បានលើកឡើងពីតំបន់អាស៊ានជំរុញឱ្យកម្ពុជា និងថៃដោះស្រាយបញ្ហាជាមួយគ្នាដោយសន្តិវិធី និងពុំចង់ឱ្យស្ថានការណ៍កាន់តែខ្លាំងជាងនេះ ។ បើមានឱកាសចរចា គឺលោកចង់ឱ្យប្រទេសទាំងពីរដកថយឱ្យឆ្ងាយបំផុតជាមុនសិន ហើយកម្ពុជា និងថៃអាចយកអូសចេញពីគំនរភ្លើង ដោយលោកនិយាយថា ភាពក្លាហានរបស់នាយករដ្ឋមន្ត្រីទាំងពីររូប គឺកើតឡើងដោយសន្តិភាព ពុំមែនសង្គ្រាម ។

លោកបានសិក្សាពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គឺជាមេដឹកនាំប្រទេសជំនាន់ថ្មីមានបារមី ហើយសម្តេចអាចបង្កើតសន្តិភាពរវាងប្រទេសទាំងពីរ ។ លោកក៏សូមផ្តាំផ្ញើទៅនាយករដ្ឋមន្ត្រីទាំងពីររូបផងដែរ គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ជួយគ្នាដោះស្រាយបញ្ហាសេដ្ឋកិច្ចទាំងសងខាង ៕










