ពិតជាគួរឲ្យសរសើមែន! ចាកចេញពីប្រទេសកម្ពុជាដើម្បីទៅបន្តក្ដីស្រមៃនៅសហរដ្ឋអាមេរិកមិនទាន់បានប៉ុន្មានផង ថ្មីៗនេះ សុវត្ថិ មុន្នីនាគ ឬ N’John ជាកូនប្រុសទី២របស់ឧកញ៉ាព្រាប សុវត្ថិ បានក្លាយជាជាកូនខ្មែរដំបូងដែលទទួលបានវិសា O-1B ដែលជាវីសាពិសេសសម្រាប់តែអ្នកដែលមានសមត្ថភាពខ្លាំងប៉ុណ្ណោះ។
N’John ដែលទើបតែបញ្ចេញនូវអាលប៊ុមថ្មីរបស់ខ្លួន ជាមួយនឹងបទចម្រៀងពីរោះៗរួមមាន Sweet Love និង Tattoo បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងមានមោទនភាពចំពោះខ្លួនជាខ្លាំង បន្ទាប់ពីតារាប្រុសរូបនេះបានទទួលនូវវីសា O-1B ពីសហរដ្ឋអាមេរិក ខណៈលោកទើបបានចាប់ផ្ដើមអាជីពសិល្បៈជាផ្លូវការនៅលើទឹកថ្មីនេះបានមួយរយៈប៉ុណ្ណោះ។
.jpg)
មូលហេតុដែលការទទួលបានវីសា O-1B របស់ N’John គឺជារឿងដែលគួរឲ្យភ្ញាក់ផ្អើលដូចនេះ គឺដោយសារតែវីសាប្រភេទនេះ ត្រូវបានគេចាត់ទុកថាជាវីសាដែលកម្រនឹងមានអ្នកទទួលបានណាស់។ ដ្បិតថាវីសានេះនៅតែជាវីសាសម្រាប់ស្នាក់នៅបណ្ដោះអាសន្ន ប៉ុន្តែវាសម្រាប់តែបុគ្គលដែលមាន “សមត្ថភាពពិសេសក្នុងវិស័យសិល្បៈ” ឬ “មានសមិទ្ធផលអស្ចារ្យណាមួយក្នុងភាពយន្ត និងទូរទស្សន៍”។

កន្លងមក តារាចម្រៀងល្បីៗជាច្រើនដែលមិនមែនជាជនជាតិ និងសញ្ជាតិអាមេរិកដូចជា Justin Bieber, Adele, Drake, Shakira, Iggy Azalea សុទ្ធតែធ្លាប់ទទួលបានវីសានេះដើម្បីបន្តការងារសិល្បៈនៅអាមេរិក តាមរយៈការបង្ហាញស្នាដៃ និងទេពកោសល្យផ្នែកសិល្បៈរបស់ពួកគេ។ ក្រៅពីផ្នែកសិល្បៈចម្រៀង ចំពោះតារាសម្ដែងក៏មានតារាហូលីវូដមួយចំនួនដូចជា Ryan Gosling, Hugh Jackman, Charlize Theron ក៏សុទ្ធតែធ្លាប់ទទួលបានឳកាសពិសេសអាចបន្តការងាររបស់ពួគគេនៅក្នុងប្រទេសអាមេរិកបានតាមរយៈវីសាប្រភេទនេះដូចគ្នា។.jpg)
គួរឲ្យដឹងថា ចំពោះលក្ខខណ្ឌកំណត់សម្រាប់បុគ្គលណាម្នាក់ថាទទួលបានវីសានេះ ឬអត់ គឺគេត្រូវពិនិត្យលើសមត្ថភាពក្នុងវិស័យសិល្បៈរបស់ពួកគេ រាប់បញ្ចូលទាំងពានរង្វាន់ ឬចំណាត់ថ្នាក់ពិសេសនានាដែលពួកគេធ្លាប់ទទួលបាន។ លើសពីនេះ ពួកគេត្រូវតែជាបុគ្គលដែលមានកេរ្តិ៍ឈ្មោះទាំងជាតិ និងអន្តរជាតិផងដែរ។
ជាថ្មីម្ដងទៀត គួរជម្រាបថាបច្ចុប្បន្ននេះការទទួលបានវីសាចូលសហរដ្ឋអាមេរិក គឺជារឿងដ៏លំបាកបំផុតសម្រាប់មនុស្សជាច្រើននៅជុំវិញពិភពលោក។ រីឯសម្រាប់សិល្បកថ្មីថ្មោង និងពិសេសសិល្បករដែលមិនមានដើមកំណើតជាជនជាតិអាមេរិកទៀតនោះ ការចាប់ផ្ដើមអាជីពនៅលើទឹកដីនេះកាន់តែមិនមែនជារឿងងាយស្រួលសម្រាប់ពួកគេ។ ប៉ុន្តែ N.John ដែលជាសិល្បករមានដើមកំណើតជាខ្មែរមួយរូប មិនត្រឹមតែអាចចូលទៅចាប់ផ្ដើមអាជីពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានសិទ្ធិពិសេសដូចនេះដើម្បីអាចបន្តការងារនៅសហរដ្ឋអាមេរិកបានទៀតផង៕
 
		 
	









