កម្ពុជា នៅតែត្រៀមលក្ខណៈចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ដែលនឹងប្រព្រឹត្តិទៅនាចុងឆ្នាំ២០២៥ខាងមុខនេះ។
យោងតាម លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើងថា៖” កីឡាមិនមានការពាក់ព័ន្ធទៅនឹងរឿងនយោបាយ ហេតុនេះ បញ្ហាជម្លោះនៅព្រំដែនកម្ពុជា-ថៃ នឹងមិនប៉ះពាល់ដល់ការប្រកួតស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥នោះទេ”។
លោក វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា៖”ជាទូទៅ នៅក្នុងចលនាអូឡាំពិក ទោះបីជាមានបញ្ហា មានវិបត្តិ ឬមានសង្គ្រាមកើតឡើងក៏ដោយ គឺគេអត់ចោលអត្តពលិកទេ ដូច្នេះយើងសង្ឃឹមថា ស្ថានភាពបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ នឹងប្រែល្អប្រសើរវិញ ហើយការត្រៀមលក្ខណៈចូលរួមសុីហ្គេម នៅតែតាមការកំណត់ធម្មតា”។
គិតមកទល់ពេលនេះ កម្ពុជា នៅតែរក្សាជំហរបញ្ជូនអត្តពលិកទៅចូលរួមនៅសុីហ្គេមប្រទេសថៃ ប្រសិនបើភាពតានតឹងតាមបន្ទាត់ព្រំដែន មិនឈានដល់ការផ្ទុះសង្គ្រាម។
គួរបញ្ជាក់ថា ក្នុងធម្មនុញ្ញអូឡាំពិក បានចែងយ៉ាងច្បាស់ថា” កីឡាគ្មាននិន្នាការនយោបាយ គ្មានពណ៌សម្បុរ គ្មានការរើសអើងពូជសាសន៍ ដោយកីឡាត្រូវការ សន្ដិភាព កីឡាត្រូវការសេចក្ដីសុខ កីឡាត្រូវការរួបរួមគ្នា ដើម្បីទទួលបាននូវសុខដុមរមនារបស់មនុស្សលើពិភពលោក”៕










