ប្រទេសថៃ ៖ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានថៃ Khaosod រាយការណ៍ថា នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានប្រកាសបន្ទាន់ពីការកាត់ផ្តាច់អ៊ីនធើរណេត, កាត់បណ្តាញអ៊ីនធើរណេតក្រោមទឹកសម្រាប់កងទ័ពខ្មែរ និងផ្អាកនាំចេញប្រេងឥន្ធនៈ-ទំនិញមកកម្ពុជា ដែលថៃយល់ថា វាជាការសម្រួលដល់បទល្មើ.សឆ្លងដែន ហើយរយៈពេល៣ខែនឹងទទួលបានលទ្ធផល ។

នាវេលាម៉ោង១និង៣០នាទី ថ្ងៃទី២៣ ខែមិថុនា នៅវិមានរដ្ឋាភិបាល លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ បានធ្វើជាប្រធានកិច្ចប្រជុំតាមដានវិធានការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ដែលមានរដ្ឋមន្ត្រីមកពីក្រសួងជាច្រើនចូលរួម ។ នាវេលាម៉ោង៣និង២០នាទីថ្ងៃដដែល លោកស្រីបានថ្លែងក្រោយកិច្ចប្រជុំថា រដ្ឋាភិបាលថៃបានចាត់វិធានការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ដោយប្រទេសថៃស្ម័គ្រចិត្តធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក្រោមកិច្ចសហការជាមួយប្រទេសនានា ជាពិសេស ឧក្រិដ្ឋកម្មបច្ចេកវិទ្យា ។

លោកស្រីអះអាងថា បើតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ (UN) បង្ហាញថា កម្ពុជា ជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មពិភពលោក ដែលគំរាមកំហែងដល់សន្តិសុខរបស់ថៃ ស្មើទឹកប្រាក់ជាង៦សែនលានបាតក្នុង១ឆ្នាំ ។ ហេតុនេះ ភ្នាក់ងារសន្តិសុខទាំងអស់ រួមមាន ៖ ក្រសួងសេដ្ឋកិច្ចឌីជីថល និងសង្គម, ក្រសួងមហាផ្ទៃ និងក្រសួងការបរទេសបានកំណត់វិធានការបង្ក្រាបបទល្មើសតាមព្រំដែនដូចខាងក្រោម ៖

១-ភ្នាក់ងារសន្តិសុខនឹងរឹតបន្តឹងការចេញ-ចូលតាមច្រកព្រំដែន ទាំងការកំណត់ពេលវេលាបើក-បិទព្រំដែនក្នុងខេត្តចំនួន៧ ដោយហាមរថយន្ត និងបុគ្គលចេញ-ចូលព្រំដែន លើកលែងតែករណីចាំបាច់ ដូចជា ៖ កូនសិស្ស និស្សិត និងអ្នកជំងឺ ។ ក្រៅពីនេះ ហាមភ្ញៀវទេសចរបរទេសចូលទៅលេងល្បែងនៅតំបន់ព្រំដែន រួមទាំងរឹតបន្តឹងការធ្វើដំណើរតាមយន្តហោះទៅខេត្តសៀមរាប ដើម្បីលេងល្បែង ។

២-ផ្នែកឧក្រិដ្ឋកម្មបច្ចេកវិទ្យា ៖ ក្រសួងសេដ្ឋកិច្ចឌីជីថល និងសង្គម នឹងពិនិត្យគណនីធនាគារក្លែងក្លាយ និងប្រាក់ពាក់ព័ន្ធនឹងក្រុមឆបោកអន្តរជាតិ ។ ក្រៅពីនេះ នឹងកាត់ផ្តាច់អ៊ីនធើរណេត, កាត់បណ្តាញអ៊ីនធើរណេតក្រោមទឹកសម្រាប់កងទ័ពខ្មែរ និងសហការជាមួយការិយាល័យប្រឆាំងការលាងលុយកខ្វក់ដើម្បីប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងរឹបអូស ឬបង្កកទ្រព្យសម្បត្តិបញ្ជូនទៅបរទេស ។

៣-ផ្នែកការនាំចេញអគ្គិសនី ប្រេងឥន្ធនៈ និងទំនិញឆ្លងកាត់ព្រំដែន ៖ ត្រូវផ្អាកការនាំចេញទំនិញដែលគាំទ្រសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស ផ្អាកនាំចេញប្រេងមកកម្ពុជា ដែលអាចយកទៅប្រើប្រាស់ក្នុងសកម្មភាពខុសច្បាប់ ។

៤-ផ្នែកពាណិជ្ជកម្ម ៖ ក្រសួងពាណិជ្ជកម្មនឹងមានវិធានការជួយកសិករថៃ និងក្រុមហ៊ុនធុនតូច និងមធ្យម (SME) ដែលរងផលប៉ះពាល់ពីស្ថានការណ៍ព្រំដែន ដោយស្នើសុំកិច្ចសហការពីរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនដើម្បីទិញទិន្នផលកសិករ ។

៥-ផ្នែកសហប្រតិបត្តិការអន្តរជាតិ ៖ ក្រសួងការបរទេសនឹងទំនាក់ទំនងជាមួយប្រទេសនានា និងអង្គការអន្តរជាតិដើម្បីបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មបច្ចេកវិទ្យា ដោយថៃធ្វើជាមជ្ឈមណ្ឌលសហការរួមគ្នាក្នុងតំបន់ ។

៦-គ្រប់វិស័យត្រូវកំណត់ពេលវេលា និងអនុវត្តវិធានការច្បាស់លាស់ ហើយចំនួនការដាក់ពាក្យបណ្តឹងរបស់ពលរដ្ឋថៃ ការខូចខាត ការរឹបអូសទ្រព្យសម្បត្តិ និងការកាត់ក្តីពាក់ព័ន្ធនឹងបទល្មើស គឺនឹងទទួលបានលទ្ធផលក្នុងរយៈពេល៣ខែ ។ រដ្ឋាភិបាលថៃនឹងដោះស្រាយបញ្ហាឱ្យឆាប់បំផុត និងទំនាក់ទំនងជាមួយពលរដ្ឋ ។

លោកស្រី ផេថងថាន បញ្ជាក់ថា យើងគាំទ្រអាជីវកម្មរបស់ជនជាតិថៃនៅកម្ពុជា គ្មានអ្វីកើតឡើងទេ ។ កន្លងមក មានតែកម្ពុជាប្រកាសពុំទទួលប្រេងថៃ ប៉ុន្តែបញ្ហា នឹងធ្វើឱ្យតម្លៃប្រេងនៅកម្ពុជាកើនឡើង និងប៉ះពាល់ពលរដ្ឋខ្មែរ ។ រីឯកសិករថៃ គឺរដ្ឋាភិបាល និងក្រុមហ៊ុនឯកជននឹងជួយទិញទិន្នផលពីកសិករ ។ ការគ្រប់គ្រងឧក្រិដ្ឋកម្មឆ្លងដែន គឺកងទ័ពអាចពិនិត្យមើលស្ថានភាពនៅកន្លែងភ្លាមៗ បើមានអ្វីកើតឡើង កងទ័ពនឹងទទួលខុសត្រូវ ៕