នៅថ្ងៃទី១៩ មិថុនានេះ ក្រសួងការបរទេសថៃ បានកោះហៅឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ដោយប្រគល់លិខិតតវ៉ាមួយ បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរវាងនាយករដ្ឋមន្ត្រីថៃ និងសម្តេចតេជោ ហ៊ុន សែន ត្រូវបានលេចធ្លាយ និងផ្សព្វផ្សាយនៅលើបណ្តាញសង្គម។
បើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសថៃ Nikorndej Balankura បានថ្លែងថា “ការលេចធ្លាយនៃការសន្ទនានេះគឺជា ការរំលោភលើក្រមសីលធម៌ការទូត ការរំលោភទំនុកចិត្តធ្ងន់ធ្ងរ និងបំផ្លាញការប្រតិបត្តិរវាងប្រទេសជិតខាងទាំងពីរ”។
សារសំឡេងសន្ទនាគ្នានេះ បានធ្វើឡើងតាំងពីថ្ងៃទី១៥ ខែមិថុនា តែទើបតែបែកធ្លាយនៅថ្ងៃទី១៨ ដោយសម្ដេចតេជោ ហ៊ុន សែន និង នាយករដ្ឋមន្ត្រីថៃ បានជជែកអំពីជំហររវាងប្រទេសទាំងពីរ ក្នុងនោះនាយករដ្ឋមន្ត្រីថៃ ស្នើសម្ដេចតេជោ កុំជឿលើសម្ដីរបស់មេទ័ពថៃប្រចាំភូមិភាគពីរ ព្រោះបុគ្គលនេះ បានប្រឆាំង និងយករដ្ឋាភិបាលថៃធ្វើជាសត្រូវ”។
សម្ដេចតេជោ ថែមទាំងអះអាងទៀតថា រាល់ការជជែកគ្នាដោយសម្ងាត់អំពីបញ្ហាសំខាន់ៗ គឺសម្ដេចតែងតែថតសំឡេងសន្ទនាទុក ដើម្បីកុំឱ្យភាគីម្ខាងទៀត និយាយបាតដៃខ្នងដៃ ធ្វើសកម្មភាពផ្ទុយពីសម្ដីរបស់ខ្លួន និងដើម្បីធានាបញ្ហាផ្ទៃក្នុងរបស់កម្ពុជា៕










