ប្រទេសថៃ ៖ ក្រោយការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃនិយាយថា លោកស្រី ផេថងថាន បានទូរស័ព្ទបកស្រាយជាមួយមេបញ្ជាការកងទ័ពភូមិភាគទី២ លោក ប៊ុនស៊ីន ផាកក្លាង រួចហើយ ។ រីឯការអំពាវនាវឱ្យរំលាយសភា គឺលោកស្រីនឹងសិក្សាច្បាប់ពីការរំលាយសភា ប៉ុន្តែគ្មានរដ្ឋប្រហារកើតឡើងទេ ។
.png)
កាលពីថ្ងៃទី១៨ ខែមិថុនា លោក Phumtham ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ បាននិយាយពីការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ ថា លោកស្រី ផេថងថាន បានទូរស័ព្ទជជែកជាមួយមេបញ្ជាការកងទ័ពភូមិភាគទី២ លោក ប៊ុនស៊ីន ផាកក្លាង រួចហើយ លោកមេបញ្ជាការកងទ័ពភូមិភាគទី២ យល់ពីបញ្ហាដែលនាយករដ្ឋមន្ត្រីថៃលើកឡើង ។
លោក Phumtham និយាយថា ៖ «លោក ប៊ុនស៊ីន យល់ពីអ្វីដែលលោកស្រី ផេថងថាន បាននិយាយ ហើយលោកប្រាប់ថា បើអ្នកសារព័ត៌មានងឿងឆ្ងល់អាចទូរស័ព្ទមកសួរលោកបាន ។ លោក ប៊ុនស៊ីន ពុំខឹងសម្បារទេ ទោះជារឿងនេះកើតឡើងមកលើលោកផ្ទាល់ ដូច្នេះ ខាងសារព័ត៌មានអាចសាកសួរផ្ទាល់មកលោកថា តើការជជែកជាមួយនាយករដ្ឋមន្ត្រីថៃយល់ពីគ្នាដែរឬទេ» ។

លោក Phumtham ក៏បាននិយាយពីលោក ភីយ៉ាប៊ុត ស៊ែងកាណុកគុន អគ្គលេខាធិការនៃគណៈកម្មាធិការវឌ្ឍនភាព អំពាវនាវឱ្យនាយករដ្ឋមន្ត្រីថៃរំលាយសភា ព្រោះបារម្ភអាចមានរដ្ឋប្រហារកើតឡើង ដោយលោក Phumtham និយាយថា គ្មានរដ្ឋប្រហារទេ ។ វាមិនមែនជាតួនាទីរបស់នាយករដ្ឋមន្ត្រីត្រូវរំលាយសភា ខណៈពុំទាន់មានហេតុការណ៍អ្វីកើតឡើង ។

លោកពុំបារម្ភពីការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទនេះទេ ដោយសារមេបញ្ជាការកងទ័ពភូមិភាគទី២ លោក ប៊ុនស៊ីន ក៏បានបញ្ជាក់រួចហើយថា គ្មានអ្វីត្រូវបារម្ភ ។ រីឯករណីដែលមតិជាច្រើនសុំឱ្យរំលាយសភានោះ គឺត្រូវតែសិក្សាពីច្បាប់ជាមុនថា តើការរំលាយសភាធ្វើឡើងដោយសារមូលហេតុអ្វី ។
ចំណែកមេបញ្ជាការកងទ័ពភូមិភាគទី២ លោក ប៊ុនស៊ីន បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានថា នាយករដ្ឋមន្ត្រីថៃបានទូរស័ព្ទមកបកស្រាយជាមួយលោក និងពន្យល់ពីខ្លឹមសារក្នុងកិច្ចសន្ទនាជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដោយសារលោកស្រី ផេថងថាន ចង់ឱ្យស្ថានការណ៍ព្រំដែនកម្ពុជា-ថៃធូរស្រាល ដែលនេះជាការសន្ទានាផ្ទាល់ខ្លួន ។
លោក ប៊ុនស៊ីន បានឆ្លើយតបទៅលោកស្រី ផេថងថាន ថា ៖ «ខ្ញុំគ្មានបញ្ហាអ្វីទេ ខ្ញុំយល់ ។ បន្ទាប់មក លោកស្រី ផេថងថាន ក៏បានអរគុណខ្ញុំដែលយល់ ខ្ញុំគ្មានការខឹងសម្បារឡើយ ។ខ្ញុំធ្វើដើម្បីប្រទេសជាតិ និងផលប្រយោជន៍រួមរបស់ពលរដ្ឋថៃ ។ នៅថ្ងៃទី១៨ ខែមិថុនា នេះ ខ្ញុំធ្វើដំណើរទៅសួរសុខទុក្ខកងទ័ពនៅព្រំដែន ហើយខ្ញុំនៅតែធ្វើការធម្មតា» ៕










