ថ្មីៗនេះ នៅសារមន្ទីរសិល្បៈមួយឈ្មោះ Palazzo Maffei ដែលស្ថិតនៅទីក្រុង Verona ប្រទេសអ៊ីតាលី មានហេតុការណ៍មួយកើតឡើងក្នុងខែមេសា ដែលធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល។ ក្នុងថ្ងៃនោះ គូស្នេហ៍ភ្ញៀវទេសចរមួយគូ បានចូលទៅក្នុងបន្ទប់តាំងសិល្បៈមួយ ដោយពេលនោះគ្មានបុគ្គលិកកំពុងបម្រើការ។ ពួកគេព្យាយាមថតរូបជាមួយកៅអីសិល្បៈដ៏ស្រស់ស្អាតមានតម្លៃជាង ៥ ម៉ឺនដុល្លារ ហើយក្រោយមកបានធ្វើឱ្យកៅអីនោះបាក់។

កៅអីនោះមានឈ្មោះថា “Van Gogh Chair” ជាកៅអីដែលត្រូវបានបង្កើតឡើងដោយសិល្បករជនជាតិអ៊ីតាលីឈ្មោះ Nicola Bolla។ គាត់បានយកគំនិតចេញពីគំនូរពិសេសរបស់វិចិត្រករជនហូឡង់ Vincent van Gogh ដែលមានចំណងជើងថា “Bedroom” ដើម្បីបង្កើតកៅអីនេះ។ កៅអីនេះបានប្រើត្បូងគ្រីស្តាល់ Swarovski ជាង ១,០០០ គ្រាប់តុបតែងយ៉ាងល្អិតល្អន់ ហើយមានតម្លៃដល់ទៅ ៥០,០០០ ដុល្លារ អាមេរិក។
.jpg)
នៅក្នុងវីដេអូកាមេរ៉ាសុវត្ថិភាព (CCTV) ដែលទើបតែបានបញ្ចេញនៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៥ កន្លងមក សារមន្ទីរបានបង្ហាញឱ្យឃើញថាមាន ស្ត្រីម្នាក់បានព្យាយាមថតរូបធ្វើដូចជាអង្គុយលើកៅអី ប៉ុន្តែមិនបានប៉ះឬអង្គុយពេញលើវាឡើយ។ បន្ទាប់មក មិត្តប្រុសរបស់នាងក៏ព្យាយាមធ្វើដូចគ្នា ប៉ុន្តែគាត់បានអង្គុយពេញលើកៅអីដោយមិនប្រុងប្រយ័ត្ន។ ដោយសារគាត់មានទម្ងន់ធ្ងន់ និងលំនឹងមិនគ្រប់គ្រាន់ ទើធ្វើឱ្យកៅអីបានបាក់។.jpg)
ពេលដែលពួកគេដឹងថាកៅអីបាក់ខូចខាត ស្ត្រីនោះបានទាញមិត្តប្រុសឲ្យរត់ចេញពីបន្ទប់តាំងពិពណ៌យ៉ាងលឿន។ ពួកគេមិនបានរាយការណ៍ ឬសុំទោសបុគ្គលិកសារមន្ទីរនោះឡើយ។ ពួកគេបានទុកកៅអីដែលខូចនៅទីនោះ ហើយគេចខ្លួនទៅបន្តទស្សនាអ្វីផ្សេង ដូចជាអ្វីមិនកើតឡើង។ យ៉ាងណាមិញ ក្រោយពីកៅអី Van Gogh ត្រូវបានបាក់ សារមន្ទីរ Palazzo Maffei បានធ្វើរបាយការណ៍ទៅប៉ូលីសក្នុងតំបន់ផងដែរ។ ប៉ុន្តែ ភ្ញៀវទេសចរទាំងពីរនាក់នោះនៅមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណ ហើយមិនទាន់មានការចាប់ខ្លួន ឬការចោទប្រកាន់ផ្លូវការណាមួយឡើយ។
.jpg)
សារមន្ទីរបាននិយាយថា ការប្រព្រឹត្តិរបស់គូស្នេហ៍នេះ គឺជាការប្រមាថដ៏ធ្ងន់ធ្ងរទៅលើសិល្បៈ និងសម្បត្តិដ៏មានតម្លៃ។ ពួកគេបានបង្ហាញការមិនគោរព មិនយកចិត្តទុកដាក់ ហើយមិនទទួលខុសត្រូវចំពោះវត្ថុសិល្បៈដ៏មានតម្លៃផងដែរ។ 
បច្ចុប្បន្ននេះ កៅអី “Van Gogh Chair” កំពុងត្រូវបានជួសជុលវិញដោយជោគជ័យ ដោយក្រុមជួសជុលមានជំនាញ និងក្រុមសន្តិសុខ ហើយវាត្រូវបានដាក់តាំងឡើងវិញនៅក្នុងសារមន្ទីរ ដូចដើម។ ប៉ុន្តែជនល្មើសនៅតែមិនទាន់ចូលមកទទួលកំហុស៕










