ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Workpoint News កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ឱ្យដឹងថា អាជីវករថៃលក់ផ្លែមង្ឃុតត្អូញត្អែរពីការខាតបង់ប្រាក់រហូតដល់ជាង២សែនបាត ដោយសារកម្ពុជាហាមនាំចូលបន្លែ ផ្លែឈើថៃគ្រប់ច្រកព្រំដែន ។ បើកម្ពុជាហាមឃាត់ការនាំចូលបន្លែ ផ្លែឈើថៃបែបនេះ វានឹងធ្វើឱ្យអាជីវករថៃខាតបង់ដើមទុនអស់ពីខ្លួនមិនខាន ។
.png)
សារព័ត៌មានថៃរាយការណ៍ថា កាលពីថ្ងៃទី១៧ ខែមិថុនា នៅច្រកព្រំដែនអន្តរជាតិចាំយាម-បានហាតឡិក (ខេត្តកោះកុង-ខេត្តត្រាត) មានភាពរញ៉េរញ៉ៃយ៉ាងខ្លាំងក្រោយពីកម្ពុជាហាមឃាត់ការនាំចូលបន្លែ ផ្លែឈើពីប្រទេសថៃទៅកាន់ខេត្តកោះកុង ។ ច្រកព្រំដែននេះបើកនៅម៉ោង៩ព្រឹក ប៉ុន្តែកម្ពុជាហាមឃាត់រថយន្តដឹកបន្លែ ផ្លែឈើថៃឆ្លងដែន និងអនុញ្ញាតឱ្យតែរថយន្តដឹកទំនិញឧស្សាហកម្ម និងអាហារសមុទ្រប៉ុណ្ណោះអាចឆ្លងដែនចេញ-ចូលតាមធម្មតា ។
បើទោះជាកម្ពុជាពុំអនុញ្ញាតឱ្យរថយន្តដឹកបន្លែ ផ្លែឈើថៃឆ្លងដែនក្តី ប៉ុន្តែអាជីករ និងឈ្មួញថៃនៅតែមានក្តីសង្ឃឹមថា ពួកគេនឹងអាចនាំចូលបន្លែ ផ្លែឈើថៃទៅកម្ពុជាបាន ។ រថយន្តដឹកបន្លែ ផ្លែឈើទាំងនេះបានចតរង់ចាំស្តាប់ព័ត៌មានច្បាស់លាស់ម្តងទៀត និងរំពឹងថា កម្ពុជាបើកច្រកព្រំដែនឱ្យរថយន្តដឹកបន្លែ ផ្លែឈើថៃឆ្លងដែនទៅខេត្តកោះកុង ។ អាជីវករថៃនៅព្រំដែនបានទទួលដំណឹងពីអាជ្ញាធររបស់ខ្លួនថា ភាគីថៃបានចរចាជាមួយកម្ពុជារួចហើយ ។.png)
លោក ណារ៉ុង អាយុ៣៦ឆ្នាំ ឈ្មួញថៃដឹកផ្លែមង្ឃុតតាមរថយន្តឆ្លងដែនមកខេត្តកោះកុង ដែលប្រកបមុខរបរនាំចេញផ្លែឈើអស់រយៈពេលជាង១៥ឆ្នាំ និយាយថា លោកតែងតែដឹកផ្លែមង្ឃុតទៅខេត្តកោះកុង ប្រទេសកម្ពុជា ជាប្រចាំ ។ ថ្ងៃនេះ (ថ្ងៃទី១៧ ខែមិថុនា) មានការបិទច្រកព្រំដែនអន្តរជាតិចាំយាម-បានហាតឡិក ធ្វើឱ្យលោករងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារលោកចំណាយដើមទុនទិញផ្លែមង្ឃុតអស់ទឹកប្រាក់ជាង២សែនបាត ។

បើច្រកព្រំដែននេះបិទពិតមែន លោកខាតបង់ដើមទុនអស់ពីខ្លួនហើយ ។ ទោះយ៉ាងណា លោកនៅតែមានសង្ឃឹមថា កម្ពុជានឹងអនុញ្ញាតឱ្យថៃនាំចូលបន្លែ ផ្លែឈើឡើងវិញ ។ ពេលនេះ លោកកំពុងរង់ចាំឱ្យភាគីទាំងពីរចរចាគ្នា ហើយបើកម្ពុជានៅតែពុំបើកច្រកព្រំដែនឱ្យថៃយកបន្លែ ផ្លែឈើទៅលក់ លោកនឹងខាតដើមទុនយ៉ាងច្រើន ។
គួរបញ្ជាក់ថា កម្ពុជាសម្រេចបិទការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃតាមច្រកព្រំដែនទាំងអស់ ដើម្បីឆ្លើយតបនឹងការគំរាមកំហែង និងប្រមាថរបស់កងទ័ពថៃដែលបិទព្រំដែនជាឯកតោភាគី ៕










