ក្រុមថ្មី ALLDAY PROJECT របស់ផលិតកម្ម Black Label ដែលដឹកនាំដោយផលិតករ Teddy គ្រោងនឹងចេញបទចម្រៀងទោល «Famous» ។
ក្នុងចំណោមសមាជិកទាំង៥ (ប្រុស២ស្រី៣) Annie គឺជាសមាជិកពិសេសគួរឱ្យកត់សម្គាល់សម្រាប់ដើមកំណើតរបស់នាងដែលកើតក្នុងត្រកូលអភិជន។

ឈ្មោះពិតរបស់ Annie គឺ Moon Seo Yoon កើតក្នុងឆ្នាំ ២០០២។ នាងគឺជាកូនស្រី របស់ Chung Yoo Kyung ដែលជាប្រធានផ្នែកអាជីវកម្មហាងទំនិញ របស់ Shinsegae Groupដែលជាអាណាចក្រលក់រាយនិងចែកចាយទំនិញប្រណីតដ៏ធំបំផុតនៅក្នុងប្រទេសកូរ៉េ។ ជីដូនខាងម្តាយរបស់នាងគឺ Lee Myung Hee ដែលជាប្រធានក្រុមហ៊ុន Shinsegae Group និងជាកូនស្រីពៅរបស់ ស្ថាបនិក Samsung Group គឺ Lee Byung Chul ។ ដូច្នេះ Annie ត្រូវបានគេចាត់ទុកថាជាកូនស្រី Chaebol ជំនាន់ទី ៤ នៃគ្រួសារ Samsung។ យ៉ាងណាក្ដី ដំណើរឆ្ពោះទៅរកក្ដីស្រមៃចង់ក្លាយជាតារាចម្រៀងមិនបានរលូនតាំងពីដើមមកឡើយ។ នាងត្រូវតស៊ូប្រឆាំងនឹងមតិរបស់គ្រួសារនាងដើម្បីអាចបង្ហាញខ្លួនក្នុងក្រុម ALLDAY PROJECT។
Annie បានចែករំលែកថា កាលនាងមានអាយុ ៧ ឆ្នាំ នាងបានមើល MV បទ «Lollipop» ដោយចៃដន្យជាបទរបស់ 2NE1 និង Big Bang ដែលជាពិភពថ្មីបានបើកចំហនៅចំពោះមុខនាង។ នៅពេលនោះ Annie បានតាំងចិត្តថានឹងធ្វើអ្វីដែលខ្ញុំចង់បានដូចពួកគាត់។
ថ្ងៃមួយ Annie បានសួរម្តាយនាងថា «ចុះបើខ្ញុំក្លាយជាអ្នកចម្រៀង?» ម្ដាយរបស់នាងបានត្រឹមតែសើច ហើយនិយាយថា «នោះជារឿងមិនសមហេតុផល»។ ចម្លើយរបស់ម្ដាយនាងបានធ្វើឱ្យ Annie គិតថានាងមិនអាចបន្តអាជីពចម្រៀងបានទេ។ ប្រហែល ២-៣ ឆ្នាំក្រោយមក Annie បានពិភាក្សាជាមួយម្តាយម្តងទៀត អំពីបំណងចង់ក្លាយជា អ្នកចម្រៀង។ ប៉ុន្តែម្តាយនាងនៅតែមិនយល់ស្របយ៉ាងម៉ឺងម៉ាត់។ វាធ្វើឱ្យនាងឈឺចាប់បន្តិច។

នៅពេលនាងរៀនថ្នាក់ទី ១១ និងទី ១២ គ្រួសាររបស់នាងបានជំទាស់ខ្លាំងបំផុត។ ប៉ុន្តែនាងបានតាំងចិត្តមិនចុះចាញ់។ ដោយឃើញការប្តេជ្ញាចិត្តរបស់កូនស្រី ម្តាយរបស់ Annie បានប្រាប់នាងថា ប្រសិនបើនាងប្រឡងចូលសាកលវិទ្យាល័យ នាងនឹងបញ្ចុះបញ្ចូល គ្រួសារ ឱ្យនាងក្លាយជាអ្នកចម្រៀង។ចាប់ពីពេលនោះមក Annie ខំប្រឹងរៀនទាំងយប់ទាំងថ្ងៃ។ ទីបំផុត នាងបានប្រលងចូលសាកលវិទ្យាល័យ Columbia ដែលជាសាកល វិទ្យាល័យ ចំណាស់ជាងគេមួយនៅសហរដ្ឋអាម៉េរិក។
Annie បានសារភាពថាម្តាយរបស់នាងមិនជឿថានាងនឹងចូលរៀននៅសកលវិទ្យាល័យ ទេ។ ដោយសារតែនាងចូលស្ទូឌីយ៉ូរាំជារៀងរាល់ថ្ងៃហើយគ្រប់គ្នានិយាយថានាងមិន ចំណាយពេលរៀនទេ។គ្រប់គ្នាគិតថានាងមិនបានដើរតាមផ្លូវក្លាយជា អ្នកចម្រៀងទេ ដូច្នេះហើយគេសង្ស័យនាងកាន់តែខ្លាំង។ ដើម្បីបង្ហាញពីភាពស្មោះត្រង់ និងបំណងប្រាថ្នាចង់សម្រេចក្តីសុបិន នាងព្យាយាមបង្ហាញឱ្យអស់ពីលទ្ធភាព។

ក្នុងវីដេអូនេះដែរ Annie បានចែករំលែកថា តាំងពីជួបសមាជិក ALLDAY PROJECT លើកដំបូងនាងមិនមានអារម្មណ៍ឆ្គងអ្វីឡើយ។នាងទន្ទឹងរង់ចាំការរួមបញ្ចូលគ្នានៃសមាជិកទាំង ៥ ហើយគិតអំពីអ្វីដែលពួកគេនឹងធ្វើជាមួយគ្នា។ ដោយសារមនុស្សគ្រប់រូបមាន បុគ្គលិកលក្ខណៈផ្ទាល់ខ្លួន គម្រោង ALLDAY នៅតែស្ថិតក្នុងដំណើរឆ្ពោះទៅរក ភាពសុខដុមរមនា។ Annie ជឿថានេះជារឿងល្អណាស់តាមទស្សនៈសិល្បៈ៕










