សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំពិធីព្យុហយាត្រាសាមគ្គីភាព (Solidarity March) ដោយធ្វើការជួបជុំ ដើម្បីបង្ហាញពីស្មារតីសាមគ្គីភាពរបស់មហាជន និងយុវជនកម្ពុជា ក្នុងក្របខ័ណ្ឌ ខឿនការពារជាតិប្រជាជន ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការការទូត និងច្បាប់អន្តរជាតិ ដើម្បីបុព្វហេតុបូរណភាព ទឹកដី អធិបតេយ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
ដើម្បីឱ្យពិធីព្យុហយាត្រាសាមគ្គីភាពខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សមត្ថកិច្ចនឹងធ្វើការបញ្ចៀសចរាចរណ៍ចំពោះយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្នដែលធ្វើដំណើរតាម តម្រាយផ្លូវក្បួនព្យុហយាត្រា ចេញពីទីធ្លាមុខសាលមហោស្រពកោះពេជ្រ ឆ្លងកាត់តាមស្ពាននាគភ្លោះ រួចបន្ត តាមកំណាត់មហាវិថីព្រះសីហនុ និងកំណាត់មហាវិថីព្រះសុរាម្រឹត រហូតដល់រង្វង់មូលវិមានឯករាជ្យ។
ការបញ្ជៀសចរាចរណ៍បិទផ្លូវនេះ នឹងបើកឡើងវិញ ក្រោយព្រឹត្តិការណ៍ដើរក្បួនព្យុហយាត្រានេះ បានបញ្ចប់៕