ប្រទេសថៃ ៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានថៃ Khaosod រាយការណ៍ថា ប៉ូលិសថៃនៅច្រកទ្វារព្រំដែនអន្តរជាតិបានឃ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ (ឬច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ) បានអំពាវនាវឱ្យពលរដ្ឋថៃនៅទីក្រុងប៉ោយប៉ែត ត្រឡប់ចូលប្រទេសវិញជាបន្ទាន់ដើម្បីសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិ រួមទាំងកំណត់វិធានការរឹតបន្តឹងហាមពលរដ្ឋថៃទៅធ្វើការនៅកាស៊ីណូ ។

នាវេលាម៉ោង៩ព្រឹក ថ្ងៃទី១៧ ខែមិថុនា លោក ណាផាតផុង សុផាផន ប៉ូលិសថៃនៅច្រកទ្វារព្រំដែនអន្តរជាតិបានឃ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ បាននិយាយពីស្ថានការណ៍នៅច្រកព្រំដែននេះថា លោកទទួលបញ្ជាពីកងកម្លាំងបូរ៉ាផា តាំងពីល្ងាចម្សិលមិញ (ថ្ងៃទី១៦ ខែមិថុនា) ឱ្យប្រាប់ទៅពលរដ្ឋថៃនៅទីក្រុងប៉ោយប៉ែតត្រឡប់មកប្រទេសថៃវិញជាបន្ទាន់ ចាប់ពីថ្ងៃទី១៧ ខែមិថុនា ។
លោក ណាផាតផុង សុផាផន បានផ្តាំផ្ញើទៅដល់ពលរដ្ឋថៃដែលរស់នៅទីក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា ថា បើគ្មានការងារចាំបាច់អ្វីទេ សូមពលរដ្ឋថៃទាំងអស់ប្រញាប់វិលត្រឡប់មកថៃជាបន្ទាន់ដើម្បីសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិ ។
ចំណែកពលរដ្ឋថៃដែលឆ្លងដែនចូលទៅកម្ពុជាពេលនេះ ក្នុងគោលបំណងធ្វើការនៅកាស៊ីណូ ឬទៅកន្លែងកម្សាន្តផ្សេងៗ គឺសូមផ្អាកការឆ្លងដែនមកកម្ពុជា ។ ប៉ូលិសថៃនៅច្រកទ្វារព្រំដែនអន្តរជាតិបានឃ្លងលឹក នឹងអនុញ្ញាតឱ្យពលរដ្ឋថៃឆ្លងដែនក្នុងករណីចាំបាច់ប៉ុណ្ណោះ រីឯការទៅកម្ពុជាដើម្បីទំនាក់ទំនងការងារផ្សេងៗ ពលរដ្ឋថៃត្រូវតែបង្ហាញឯកសារភស្តុតាងឱ្យប៉ូលិសថៃនៅច្រកទ្វារព្រំដែនត្រួតពិនិត្យ ។
ការអនុវត្តវិធានការនេះ ពលរដ្ឋថៃគួរតែសហការជាមួយកងទ័ពដើម្បីសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ពលរដ្ឋ ។ លោក ណាផាតផុង សុផាផន ជឿជាក់ថា ប្រសិនបើស្ថានការណ៍ធូរស្រាលឡើងវិញ កងកម្លាំងបូរ៉ាផានឹងចេញបទបញ្ជាឱ្យផ្លាស់ប្តូរវិធានការ ។.jpg)
គួរបញ្ជាក់ថា គិតត្រឹមវេលាម៉ោង៦ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ថៃនៅតែបន្តបិទព្រំដែនជាមួយកម្ពុជាដោយឯកតោភាគី គឺមិនទាន់វិលត្រឡប់មកអនុវត្តគោលការណ៍រួមវិញទេ (តាមគោលការណ៍រួម គឺច្រកទ្វារព្រំដែនអន្តរជាតិត្រូវបើកនាម៉ោង៦ព្រឹក និងបិទម៉ោង១០យប់) ៕










