ប្រទេសថៃ ៖ យោងតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃខុមឆាត់លឹក (komchadluek) កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក ស៊ុមសាក់ ថេបសុថិន បាននិយាយយ៉ាងមានអំណួតថា ពលរដ្ឋខ្មែរនៅតែជ្រើសរើសមន្ទីរពេទ្យថៃសម្រាប់ព្យាបាលជំងឺ បើទោះជាបច្ចុប្បន្ន ប្រទេសកម្ពុជា និងថៃ មានបញ្ហាព្រំដែនជាមួយគ្នាក្តី ហើយលោកថា ដោយសារអ្នកជំងឺមានទំនុកចិត្តលើប្រព័ន្ធសុខាភិបាលថៃ ដូចជាថ្នាំពេទ្យ និងសេវាមន្ទីរពេទ្យ ។
កាលពីថ្ងៃទី១៦ ខែមិថុនា រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក ស៊ុមសាក់ ថេបសុថិន បានចូលរួមកិច្ចប្រជុំស្តីពី «មន្ទីរពេទ្យថៃក្នុងសម័យឌីជីថល និង Trend Health Partners» នៅសណ្ឋាគារ Asia Airport ខេត្តប៉ាធុមថានី ហើយលោកបាននិយាយពាក់ព័ន្ធនឹងព័ត៌មានផ្សព្វផ្សាយថា ពលរដ្ឋខ្មែរនឹងឈប់មកព្យាបាលជំងឺនៅមន្ទីរពេទ្យថៃតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។ លោកថា វាគ្រាន់តែជាព័ត៌មានចចាមអារ៉ាមប៉ុណ្ណោះ និងពុំមែនជាការពិត ហើយលោកជឿជាក់ថា ពលរដ្ឋខ្មែរនឹងមកព្យាបាលជំងឺនៅមន្ទីរពេទ្យថៃ ដោយសារប្រព័ន្ធសុខាភិបាលថៃមានគុណភាពទាំងផ្នែកថ្នាំពេទ្យ និងមន្ទីរពេទ្យ ។

អ្នកជំងឺត្រូវចូលព្យាបាលនៅមន្ទីរពេទ្យ ឬជ្រើសរើសគ្រូពេទ្យល្អ ដោយសារប្រទេសថៃមានប្រព័ន្ធសុខាភិបាលល្អ ហើយរឿងពាក្យចចាមអារ៉ាមមិនឱ្យពលរដ្ឋខ្មែរមកព្យាបាលជំងឺនៅថៃ គឺពុំមែនជាការពិតទេ ។ វាជាការយល់ខុស ហើយមិនយូរទេនឹងបាត់ពាក្យចចាមអារ៉ាមនេះវិញ ។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ ។

ពលករ និងពលរដ្ឋខ្មែរជាច្រើនបានមកព្យាបាលជំងឺនៅថៃ ក្នុងនោះអ្នកជំងឺខ្លះពុំបានចុះបញ្ជី ឬគ្មានឈ្មោះក្នុងប្រព័ន្ធធានារ៉ាប់រងសុខភាព ។ ហេតុនេះ ធ្វើឱ្យការត្រួតពិនិត្យការចាយវាយថ្លៃមន្ទីរពេទ្យពិបាកយ៉ាងខ្លាំង ។ កន្លងមក ក្រសួងសុខាភិបាលមានដំណោះស្រាយជាមួយគណៈរដ្ឋមន្ត្រីពាក់ព័ន្ធនឹងការព្យាបាលអ្នកជំងឺបរទេស ប៉ុន្តែពុំទាន់ប្រើប្រាស់នៅឡើយ ពេលនេះ ក្រសួងសុខាភិបាលនឹងជំរុញឱ្យមានការអនុវត្តយ៉ាងទូលំទូលាយដើម្បីការពារការខ្វះខាតថវិកាក្នុងមន្ទីរពេទ្យ ។
លោក ស៊ុមសាក់ បន្តថា មិនមែនមានតែពលរដ្ឋខ្មែរទេដែលមកព្យាបាលជំងឺនៅថៃ គឺនៅមានពលរដ្ឋមីយ៉ាន់ម៉ា និងពលរដ្ឋប្រទេសផ្សេងៗ សរុបជាង១លាននាក់ ឬលើសនេះ ដោយសារគ្មានការចុះឈ្មោះអ្នកជំងឺច្បាស់លាស់ ។ ប៉ុន្តែថៃនឹងចាត់វិធានការតាមច្បាប់ចំពោះអ្នកជំងឺបរទេសណាដែលមកព្យាបាលនៅថៃដោយកាន់កាតមាសដូចពលរដ្ឋថៃ និងចំណាយប្រាក់ត្រឹមតែ៣០បាត ៕










