Khaby Lame ដែលគេស្គាល់យ៉ាងទូលំទូលាយថាជាតារា TikTok ដ៏ល្បី មានអ្នកតាមដានច្រើនជាងគេនៅលើពិភពលោក ត្រូវបានបង្ខំឱ្យចាកចេញពីសហរដ្ឋអាមេរិក បន្ទាប់ពីការឃុំខ្លួនដោយអាជ្ញាធរអន្តោប្រវេសន៍។ តារាឌីជីថលជនជាតិអ៊ីតាលី ដើមកំណើតសេណេហ្គាល់រូបនេះ ត្រូវបានជាប់គាំងនៅអាកាសយានដ្ឋានអន្តរជាតិ Harry Reid ក្នុងទីក្រុង Las Vegas ដោយមន្ត្រីអន្តោប្រវេសន៍ និងគយសហរដ្ឋអាមេរិក (ICE) ក្រោមសេចក្តីអះអាងថាគាត់បានបំពានលើលក្ខខណ្ឌទិដ្ឋាការ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The New York Times។
.png)
Khaby បានចូលសហរដ្ឋអាមេរិកនៅថ្ងៃទី ៣០ ខែមេសា ប៉ុន្តែបានស្នាក់នៅលើសរយៈពេលដែលកំណត់ក្នុងទិដ្ឋាការ។ ICE បានបញ្ជាក់ថា គាត់បានចាកចេញពីប្រទេសដោយស្ម័គ្រចិត្តកាលពីថ្ងៃសុក្រ ក្រោយពេលត្រូវចាប់ខ្លួន។

ហេតុការណ៍នេះកើតឡើងក្នុងបរិបទនៃការកើនឡើងនៃការអនុវត្តច្បាប់អន្តោប្រវេសន៍យ៉ាងតឹងរ៉ឹងក្រោមរដ្ឋបាលរបស់ប្រធានាធិបតី Donald Trump។ Bo Loudon ដែលជាសកម្មជនវ័យក្មេង (Gen Z) និងអ្នកគាំទ្ររបស់ Trump បានអះអាងថាគាត់មានជាប់ពាក់ព័ន្ធក្នុងការប្រាប់អាជ្ញាធរអំពីស្ថានភាពអន្តោប្រវេសន៍របស់ Khaby។ Loudon ដែលធ្លាប់ជួយ Trump ក្នុងការប្រមូលសំឡេងឆ្នោតពីយុវជន បានអះអាងថា Lame បានរស់នៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់ ហើយបានអួតអាងអំពីតួនាទីរបស់គាត់ក្នុងការចាប់ផ្តើមដំណើរការនិរទេសនេះ។
នៅក្នុងបទសម្ភាសន៍តាមប្រព័ន្ធផ្សព្វផ្សាយមួយ Loudon បាននិយាយថា៖ “រឿងនេះកើតឡើងលឿនជាងអ្វីដែលខ្ញុំរំពឹងទុក”។ គាត់ក៏បានបន្ថែមថា Khaby មានទំនាក់ទំនងជាមួយមិត្តភក្តិដែលមានទស្សនៈឆ្វេងនិយម ប៉ុន្តែគ្មានភស្តុតាងសាធារណៈណាមួយបញ្ជាក់ថា Lame មានសកម្មភាពនយោបាយឬជាសមាជិកក្រុមនយោបាយឆ្វេងនិយមឡើយ។.png)
បើទោះជាលោក Lame មិនបានឆ្លើយតបផ្លូវការចំពោះស្ថានភាពនេះនោះក៏ដោយ គាត់នៅតែសកម្មលើបណ្តាញសង្គម។ ការបង្ហោះចុងក្រោយនៅលើ TikTok បង្ហាញថាគាត់កំពុងស្ថិតនៅទីក្រុងសៅប៉ូឡូ ប្រទេសប្រេស៊ីល។ ទោះបីគាត់នៅក្រៅសហរដ្ឋអាមេរិកក៏ដោយ Lame នៅតែបន្តទទួលការគាំទ្រច្រើនពីអ្នកប្រើប្រាស់ជាច្រើន ជាពិសេសមានអ្នកតាមដានលើ TikTok ជាង ១៦០ លាននាក់។
បើទោះបីស្ថានភាពនេះនឹងមានផលប៉ះពាល់ខ្លះទៅលើវត្តមានផ្ទាល់របស់គាត់នៅសហរដ្ឋអាមេរិក ក៏ដោយ កេរ្តិ៍ឈ្មោះ និងឥទ្ធិពលរបស់គាត់លើវិស័យឌីជីថលនៅតែខ្លាំង។ ការសហការជាមួយម៉ាកយីហោម៉ូដ ក្រុមហ៊ុនផលិតភាពយន្ត និងអ្នកផ្សាយពាណិជ្ជកម្មធំៗ បានធ្វើឲ្យ Khaby Lame បន្តជារូបតំណាងសំខាន់ម្នាក់នៃវ័យឌីជីថលជាសកល៕










