ប្អូនស្រីរបស់តារាចម្រៀង ជី ដេវិត មានឈ្មោះថា ងួន ចាន់ដារីយ៉ា ដែលជានិស្សិតអាហារូបករណ៍បុរាណវិទ្យាបានសិក្សានៅសហរដ្ឋអាម៉េរិក ធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីនាងបានឈរក្បែរទប់ ជី ដេវិត អំឡុងពេលលោកធ្វើការបកស្រាយបទចម្រៀង។
ថ្មីៗនេះពិធីមង្គលការតារាចម្រៀង ជី ដេវិត និង ទេព បូព្រឹក្ស រៀបចំឡើងយ៉ាងអធិកអធម បានល្បីពាសពេញបណ្តាញសង្គមដោយមានការចូលរួមពីត្រកូលអភិជន សិល្បករ សិល្បការិនីអ្នកជំនួញអនឡាញ រួមទាំងតារាទិកតុកយ៉ាងច្រើនកុះករ។ ទន្ទឹមនឹងកម្មវិធីមង្គលការរបស់តារាចម្រៀងទាំងពីររូបគេបានសង្កេតឃើញថាប្អូនស្រីតារាចម្រៀង ជី ដេវិត ដែលសិក្សានៅសហរដ្ឋអាម៉េរិកក៏បានមកចូលរួមពិធីមង្គលការផងដែរ ហើយថែមទាំងតែងខ្លួនជានារីខ្មែរយ៉ាងស្រស់ស្អាតថែមទៀតដែលទស្សនិកជនមិនដែលឃើញពីមុនមកឡើយ។
ស្របពេលជាមួយគ្នានេះមានវីដេអូមួយអំពី ជី ដេវិត និងប្អូនស្រីបានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសេចក្តីស្រលាញ់រវាងបងប្អូនទាំងពីររូបនេះ។
តាមរយៈការចែករំលែកវីដេអូនៅលើបណ្តាញសង្គមទិកតុកកាលពីរាត្រីថ្ងៃទី៧ មិថុនា ជី ដេវិត ជាកូនកំលោះបានអង្រួនកម្មវិធីមង្គលការរបស់ខ្លួនដោយបានបកស្រាយបទចម្រៀងដោយផ្ទាល់ ។ ជី ដេវិត បានឡើងលើកៅអីហើយបានបកស្រាយបទ «I’m Bored » ខណៈ ដែល ងួន ចាន់ដារីយ៉ា បានឈរទប់បងប្រុសពីក្រោយដើម្បីជៀសវាងហានិភ័យ ណាមួយ។
សកម្មភាពប្អូនស្រី ជី ដេវិត នេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ពីទំនាក់ទំនងសេចក្តីស្រលាញ់រវាងបងប្អូនទាំងពីររូបនេះដែលបានតស៊ូជាមួយគ្នាជាពិសេសទំហំចិត្តរបស់ ជី ដេវិត គឺបានឈប់រៀនដើម្បីអនាគតប្អូនស្រី រហូតប្អូនស្រីមិនធ្វើឱ្យបងប្រុសខកចិត្តសិក្សារហូតទទួលបានអាហារូបករណ៍សិក្សានៅសហរដ្ឋអាម៉េរិក៕










