ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ការនាំចេញទុរេនរបស់វៀតណាមប្រឈមនឹងឧបសគ្គយ៉ាងខ្លាំង ក្រោយពីចិនចាប់ផ្តើមអនុវត្តវិធានការត្រួតពិនិត្យរកសារធាតុ Cadmium និង Basic Yellow 2 ក្នុងផ្លែទុរេននាំចូលមកចិនយ៉ាងតឹងរ៉ឹងតាំងពីដើមឆ្នាំ២០២៥ ។ ហេតុនេះ ធ្វើឱ្យការនាំចេញទុរេនវៀតណាមទៅចិនក្នុងរយៈពេល៤ខែដំបូងឆ្នាំនេះធ្លាក់ចុះរហូតដល់៥០ភាគរយ ឬស្មើតែ៣ម៉ឺន៥ពាន់តោន បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤ ។
ការនាំចេញទុរេនទៅចិនធ្លាក់ចុះខ្លាំងធ្វើឱ្យកសិករវៀតណាមដែលដាំទុរេនក្នុងតំបន់សំខាន់ៗរងផលប៉ះពាល់ដោយផ្ទាល់ គឺតម្លៃលក់ទុរេនធ្លាក់ចុះពាក់កណ្តាល និងចំណាយពេលកាន់តែយូរក្នុងនីតិវិធីគយ ចាប់ពី៣ថ្ងៃ ឡើងដល់១០ថ្ងៃ ទើបធ្វើឱ្យទុរេនវៀតណាមស្អុយមុនពេលបញ្ជូនដល់អតិថិជនចិន ។ វាធ្វើឱ្យក្រុមហ៊ុនចិនដែលទិញទុរេនវៀតណាមប្តូរទៅទិញទុរេនប្រទេសផ្សេងវិញ ដែលធ្វើឱ្យកសិករដាំទុរេននៅវៀតណាមបារម្ភយ៉ាងខ្លាំង ។
.png)
ក្រសួងកសិកម្មវៀតណាមបញ្ជាក់ថា ចិនពុំអាចត្រួតពិនិត្យទុរេនវៀតណាមដឹងពីទីកន្លែងដាំដុះច្បាស់លាស់ទេ គឺដឹងត្រឹមតែទុរេនវៀតណាមវេចខ្ចប់នៅកន្លែងណាប៉ុណ្ណោះ ប៉ុន្តែចិនអាចពិនិត្យឃើញកន្លែងដាំដុះសម្រាប់ទុរេននាំចូលពីប្រទេសផ្សេង។ ក្រសួងកសិកម្មវៀតណាមប្រឹងប្រែងអនុវត្តវិធានការជាច្រើន និងប្រើប្រាស់បច្ចេកវិទ្យាបែងចែកប្រភេទទុរេននៅខេត្តឡុងអាន់ និងជំរុញឱ្យក្រុមហ៊ុនបង្កើតផលិតផលកែច្នៃ រួមមាន ទុរេនក្លាសេ និងទុរេនស្ងួត រួមទាំងពង្រីកទីផ្សារថ្មីៗទៅកូរ៉េខាងត្បូង និងប្រទេសនៅមជ្ឈិមបូព៌ា ។
អ្នកជំនាញឱ្យដឹងថា បើវៀតណាមចង់ឆ្លងផុតឧបសគ្គដ៏លំបាកនេះ វៀតណាមគួរតែមានប្រព័ន្ធត្រួតពិនិត្យគុណភាពទុរេនរបស់ខ្លួន ។ កន្លងមក វៀតណាមបាននាំចេញទុរេនយ៉ាងច្រើនទៅចិន និងអាចដណ្តើមចំណែកទីផ្សារពីថៃយ៉ាងច្រើន ដោយចិនបាននាំចូលទុរេនវៀតណាមកើនឡើងខ្លាំង ចាប់ពី៤.៦៦ភាគរយនៅឆ្នាំ២០២២ កើនឡើងដល់៤២.០៤ភាគរយនៅឆ្នាំ២០២៤ ។.png)
ក្រៅពីនេះ ការរក្សាគុណភាពទុរេន គឺជាចំណុចសំខាន់យ៉ាងខ្លាំងក្នុងការប្រកួតប្រជែងនៅទីផ្សារចិន ព្រមទាំងពង្រីកការនាំចេញទុរេនទៅកាន់ទីផ្សារផ្សេងៗក្រៅពីចិន ដើម្បីកាត់បន្ថយហានិភ័យក្នុងការពឹងផ្អែកលើទីផ្សារចិនតែមួយ ៕










