ប្រទេសថៃ ៖ លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃឱ្យដឹងថា ប្រទេសថៃនឹងបិទច្រកព្រំដែនជាប់កម្ពុជា បើការចរចាគណៈកម្មការព្រំដែនរួម (JBC) ជាមួយកម្ពុជាពុំទទួលបានលទ្ធផល ហើយលោកបញ្ជាក់ថា បើថៃប្រកាសច្បាប់អាជ្ញាសឹកនោះ មេបញ្ជាការកងទ័ពភូមិភាគទី២ នឹងមានសិទ្ធិបញ្ជាភ្លាម ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Amarin News នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ។
លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិបាននិយាយពីការចុះត្រួតពិនិត្យបរិវេណព្រំដែនកម្ពុជា-ថៃ នៅខេត្តឧប៊ុនរ៉ាជថានី កាលពីថ្ងៃទី៤ ខែមិថុនា ថា លោកទទួលបានសេចក្តីរាយការណ៍ពីកងទ័ពភូមិភាគទី២ គឺទិន្នន័យបច្ចុប្បន្នខុសគ្នាពីទិន្នន័យចាស់ ។ លោកបាននិយាយពីមេបញ្ជាការកងទ័ពភូមិភាគទី២ មានបំណងបិទច្រកព្រំដែនជាប់កម្ពុជា បើការចរចាគណៈកម្មការព្រំដែនរួម (JBC) ពុំទទួលបានលទ្ធផល ថៃនឹងអនុវត្តវិធានការបិទច្រកព្រំដែន ។
ក្រៅពីនេះ លោកបានសំណូមពរកុំធ្វើឱ្យប៉ះពាល់ប្រទេសជាតិ និងសូមឱ្យពលរដ្ឋប្រុងប្រយ័ត្នព័ត៌មានក្លែងក្លាយ ពីព្រោះវាបង្កបញ្ហាដល់រដ្ឋាភិបាល ។ រីឯកងទ័ពថៃចោទប្រកាន់ថា កងទ័ពកម្ពុជាចូលក្នុងតំបន់២០០ម៉ែត្រ លោកនិយាយថា ស្ថិតក្នុងដំណាក់កាលប្រើប្រាស់យន្តការចរចាគណៈកម្មការព្រំដែនរួម (JBC) ។ លោកជឿថា ការចរចា JBC នឹងអាចដោះស្រាយបញ្ហាបាន ប៉ុន្តែបើកម្ពុជាពុំទទួលស្គាល់ វានឹងមានបញ្ហា ពីព្រោះកងទ័ពកម្ពុជាចូលក្នុងតំបន់ No Man Land ដែលថៃចាត់ទុកថា គឺល្មើសកិច្ចព្រមព្រៀង ប៉ុន្តែពុំមែនជាការល្មើសចូលទឹកដីថៃទេ ពីព្រោះវាជាបញ្ហាព្រំដែនជជែកគ្នាពុំទាន់ចប់ ។
ការផ្សព្វផ្សាយព័ត៌មានផ្សេងៗ គឺមានបំណងធ្វើឱ្យបែកបាក់ផ្ទៃក្នុងប្រទេសថៃ ឬការយកឈ្នះផ្នែកនយោបាយ ។ ប៉ុន្តែរឿងប្រទេសជាតិ ពុំគួរផ្សព្វផ្សាយរឿងតូចតាចបែបនេះទេ វាជាប្រយោជន៍នយោបាយ ។ លោកបានបញ្ជាឱ្យកងទ័ពត្រៀមខ្លួន ករណីមានស្ថានការណ៍អ្វីកើតឡើង ប៉ុន្តែបើមានការល្មើសកិច្ចព្រមព្រៀង គឺត្រូវចរចាក្នុងគណៈកម្មការព្រំដែនរួម (JBC) នៅថ្ងៃទី១៤ ខែមិថុនា នៅរាជធានីភ្នំពេញ ។ ថៃបានត្រៀមខ្លួនជាច្រើនយ៉ាង ប៉ុន្តែលោកពុំនិយាយ ពីព្រោះពុំចង់ឱ្យគេដឹងថា ថៃត្រៀមអ្វីខ្លះ ។
បច្ចុប្បន្ន កម្ពុជាប្រាប់ថា សម្រេចបញ្ជូនបញ្ហាមុំ៣, បញ្ហាប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តូច និងតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺកម្ពុជានិយាយតែម្ខាង វាគ្មានប្រយោជន៍អ្វីទេ ប៉ុន្តែបើថៃនិយាយថា យល់ព្រម ឬមិនយល់ព្រម វានឹងក្លាយជាបញ្ហា ។ បើកម្ពុជាយកបញ្ហាទៅដោះស្រាយនៅតុលាការ ICJ គឺត្រូវមានការទទួលយកពីថៃ យើងនឹងបញ្ចប់បញ្ហាក្នុងកិច្ចប្រជុំគណៈកម្មការព្រំដែនរួម (JBC) ពេលនេះ យើងបានត្រៀមខ្លួនតាមបណ្តោយព្រំដែនដោយផ្តោតលើតំបន់មានបញ្ហា ។ នេះបើតាមការលើកឡើងរបស់លោក Phumtham ៕










