កម្ពុជា-ថៃ បានឯកភាពគ្នា កំណត់យកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ នៅរាជធានីភ្នំពេញ ដើម្បីរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) ។
យោងតាមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ឯកឧត្តមជុំ សុន្ទរី បានឱ្យដឹងថា៖”ក្នុងជំនួបទ្វេភាគីនៅទីក្រុងតូក្យូ កាលពីចុងខែឧសភា កន្លងទៅ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទាំងពីរ បានឯកភាពប្រកាន់ស្មារតីនៃការគោរពអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ និងប្រើប្រាស់គ្រប់យន្តការដែលមានស្រាប់ ជាពិសេសជំរុញយន្តការ គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) ជួបពិភាក្សាការងារគ្នាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយបញ្ហាព្រំដែន ដោយផ្ដោតសំខាន់ទៅលើតំបន់ដែលបានកើតហេតុនាពេលថ្មីនេះ”។
ឯកឧត្តមជុំ សុន្ទរី បានសង្កត់ធ្ងន់ថា៖” កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិជាគោល”។
បន្ថែមពីនេះ រដ្ឋាភិបាល ក៏បានប្ដេជ្ញាដ៏មោះមុតក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន ដោយមិនឱ្យបាត់សូម្បីមួយមីលីម៉ែត្រ៕










