មហាជននិងអ្នកក្នុងចង្កោមសិល្បៈមានសេចក្តីសោកសៅជាខ្លាំងដែល ព្រឹទ្ធាចារ្យ សាន គឹមស៊ាន ហៅលោកតាក្រមាមាស ដែលនាំគុនល្បុក្កតោខ្មែរទៅកាន់ពិភពលោក បានទទួលមរណភាពដោយសារជំងឺគាំងបេះដូង។ ក្នុងនោះតារាពហុជំនាញអ្នកនាង ខាត់ សុឃីម លោក ប៉ែន ចំរ៉ុង រួមទាំង សំ ថារ័ត្ន បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំនេះ។
.png)
នៅរសៀលថ្ងៃទី៣ មិថុនា នេះ កញ្ញា សំ ថារ័ត្ន តារាក្បាច់គុនល្បុក្កតោខ្មែរបានបង្ហោះវីដេអូដោយក្តីរំជួលចិត្តពីទិដ្ឋភាពសោកសៅនៃមរណភាពរបស់ព្រឹទ្ធាចារ្យ សាន គឹមស៊ាន ថា «ដូចពុះបេះដូងជាពីរ ចុកណាស់ ! លោកគ្រូដែលខ្ញុំស្រលាញ់គោរពដូចឪពុក សិស្សគុនល្បុក្កតោអើយ.. លោកគ្រូតាល្បុក្កតោ សាន គឹមស៊ាន បានលាពួកយើងរហូតហើយ .. ខ្ញុំព្យាយាមជិះឱ្យមកដល់ពេទ្យឱ្យទាន់គាត់ តែ.. អត់ទេ.. គេសង្គ្រោះអស់ហើយ…»។
.png)
ដំណឹងដ៏សោកសៅនេះតារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានបង្ហោះចូលរួមរំលែកទុក្ខថា « ដំណឹងដ៏សោកសៅ! ព្រឹទ្ធាចារ្យក្រមាមាស លោកគ្រូ
សាន គឹមស៊ាន ដែលនាំគុនល្បុក្កតោខ្មែរទៅកាន់ពិភពលោក បានទទួលមរណភាពក្នុងអាយុ៨០ឆ្នាំ ដោយសារជំងឺគាំងបេះដូង។ នេះបើតាមការបញ្ជាក់របស់លោក អ៊ួរ តារា អគ្គលេខាធិការរងសហព័ន្ធកីឡាល្បុក្កតោ សូមលោកគ្រូធ្វើដំណើរទៅកាន់ឋានសុខ»។
ពិធីករលោក ប៉ែន ចំរ៉ុង ក៏បានបង្ហោះចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ដោយបន់សូម ឱ្យព្រឹទ្ធាចារ្យក្រមាមាស លោកគ្រូ សាន គឹមស៊ាន ធ្វើដំណើរទៅកាន់ឋានសុខ។ តារាចម្រៀងសម័យលោក ស៊ូ លីផេង ក៏បានចូលរួមរំលែកទុក្ខចំពោះលោកតាក្រមាមាស ទោះបីជាលោកឃ្លាតទៅប៉ុន្តែបានបន្សល់នូវមរតកដ៏មានតម្លៃណាស់។ ក្រៅពីនេះនៅមានសិល្បករសិល្បការិនីជាច្រើនទៀតបានចូលរួមរំលែកទុក្ខជាបន្តបន្ទាប់។
លោកគ្រូ សាន គឹមស៊ាន គឺជាធនធានដ៏សំខាន់មួយរបស់កម្ពុជាដែលលោកបានចំណាយពេលស្ទើរតែពេញមួយជីវិតដើម្បីវិស័យកីឡាពិសេសគឺក្បាច់គុនល្បុក្កតោខ្មែរ។ លោកក៏បានចងក្រងជាសៀវភៅចែករំលែកដល់អ្នកជំនាន់ក្រោយដើម្បីសិក្សារៀនសូត្រនូវចំណោះដឹងក្បាច់គុនបុរាណខ្មែរមួយនេះផងដែរ៕










