ថ្មីៗនេះផលិតករភាពយន្តលោក ហ៊ុយ យ៉ាឡេង បានប្រកាសជាសាធារនណៈលក់ ក្រលៀនមួយចំហៀងរបស់ខ្លួនដើម្បីយកលុយមកផលិតភាព។ ទោះយ៉ាងណា ការប្រកាសបែបនេះលែងសូវមានប្រសិទ្ធភាពសម្រាប់លោកទៀតហើយផ្ទុយមកវិញទទួលបានការរិះគន់។ ងាកទៅទៅកាន់លោក ដាវុធ ជាផលិតករនិងជាពិធីករមួយរូបបានពោលចំៗបែបនេះតែម្តងទៅកាន់លោក ហ៊ុយ យ៉ាឡេង។

នៅព្រឹកថ្ងៃទី៣ ខែមិថុនា លោក ដាវុធ បាន Screenshot  ការបង្ហោះរបស់លោក ហ៊ុយ យ៉ាឡេង អមជាមួយនឹងសម្តីថា «ឃើញ post នេះ ខ្ញុំអស់សង្ឃឹម ហើយក៏មិនដឹងថា បងចង់បានអ្វីឱ្យប្រាកដ! បងចង់លក់ក្រលៀន ឬ ចង់បានជំនួយតាមរយៈ QR code ធនាគារបង»។

ជាមួយគ្នានេះដែរការបង្ហោះរបស់លោក ហ៊ុយ យ៉ាឡេង កាលពីថ្ងៃទី២ មិថុនា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមិនសូវជាសម្តែងការអាណិតអាសូរប៉ុន្មាននោះទេផ្ទុយមកវិញមានមតិមួយចំនួនបានរិះគន់ការប្រកាសរបស់ផលិតករ «ដើម្បីកូន»  ដែលលក់ក្រលៀននៅលើបណ្តាញសង្គមដើម្បីបានលុយយកមកផលិតភាពយន្ត។
គណនីហ្វេកប៊ុកមួយបានបញ្ចេញមតិថា «ខ្ញុំមិនបំបាក់ទឹកចឹត្តលោកពូនោះទេ ក៏ប៉ុន្តែតាមខ្ញុំចាំស្ទើតែរាល់ភាពយន្តដែលពូបានដឹកនាំ នឹងថត ភាគច្រើនគឺខាត នឹងមិនសូវមានអ្នកទៅមើលច្រើនទេសុទ្ធតែជារឿងខាតបើខ្ញុំវិញឈប់ដឹក ឈប់ថត រកមុខរបរផ្សេងពីនេះវិញ ព្រោះឆ្អែតនឹងខាតហើយ វាឈឺចាប់ណាស់ ធ្វើបែបនេះ គឺធ្វើបាបខ្លួនឯងនោះទេ»។
.png)
គណនីផ្សេងទៀតបានលើកឡើងថា « បើចង់ល្បីបងគ្រាន់តែ ដឹកទៅ កុំចង់ធ្វើតួឯកនិយាយត្រង់ចុះបង រឿងបងក្រោយៗខ្ញុំព្យាយាមគាំទ្រនិងតាមដាន ណាស់មើលគ្រប់រឿងដោយសារពាក្យថាខ្មែរជួយខ្មែរ តែជាក់ស្តែងគុណភាពខកចិត្ត និងអន់គ្រប់រឿង។ ការសម្តែងឆ្គង សាំ ដដែលៗ គ្មានន័យល្អ វ៉ល់ៗ។ និយាយរួមបង បើសាច់រឿងអន់ហើយទោះកាមេរ៉ាកម្រិត Hollywood ក៏គ្មានអ្នកមើលដែរកុំថាឡើយបងលក់ក្រលៀនមួយ ទោះលក់ទាំងពីរក៏នៅតែដដែល…។ សុំទោសបង ដាច់ចិត្តនិយាយត្រង់ម្តងចុះ។
«មានក្មេងម្នាក់នោះ មិនមានបទពិសោធន៍ថតកុនផង នៅអាចរក80000មកបាន ចុះលោកម្តេចមិនសាករកអ្នកវិនិយោគមើល ក្រែងបានខ្លះចាំបាច់អីដល់ថ្នាក់នេះ ណាមួយវាខុសច្បាប់ទៀត។ ស្នាដៃលោកក៏មិនអន់ដែរ ល្អមើលមានអត្ថន័យទៀត។ ធ្វើតាមលទ្ធភាពទៅម៉េចផលិតករខ្មែរត្រូវលះបង់ដល់ថ្នាក់ហ្នឹង? កុំដល់ថ្នាក់ហ្នឹងអីប្អូន !គិតឡើងវិញ មិនមែនគ្រប់គ្នាគេមិនស្រឡាញ់វិស័យភាពយន្តខ្មែរទេ តែមានរឿងខ្លះៗដែលគេមិនចូលចិត្ត។ ស្រឡាញ់ តែមិនចូលចិត្ត ចូលចិត្ត តែមិនចង់»។
ជាមួយនឹងការលើកឡើងខាងលើនេះទស្សនិកជនមួយចំនួនទៀតបានបង្ហាញថានេះជាស្ទាយ៍ដដែលៗរបស់លោក ហ៊ុយ យ៉ាឡេង ដែលតែងតែប្រកាសលក់នេះលក់នោះរហូតធ្វើឱ្យទស្សនិកជនគិតថាការដែលផលិតកររូបនេះធ្វើបែបនេះធ្វើឱ្យខូចឈ្មោះទៅដល់ផលិតករផ្សេងទៀត។
គួរបញ្ជាក់ផងដែរថា កន្លងមកលោក ហ៊ុយ យ៉ាឡេង ធ្លាប់បានប្រកាសលក់ដី លក់ផ្ទះ លក់ឡាន បញ្ចាំងស៊ីក្លូ រហូតដល់ប្រកាសលក់ក្រលៀននេះទៀត៕
		
	









