ថ្មីៗនេះអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីមានយុវតីប៉ុន្មានរូបចេញមកបង្ហាញពីផលិតផលមួយប្រភេទដែលលាបទៅហើយធ្វើឱ្យប៉ះពាល់ស្បែកខណៈម្ចាស់ប្រ៊េនការទទួលខុសត្រូវថែមទាំងគម្រាមចង់ប្តឹងទៀត។ ជុំវិញបញ្ហាឡេលាបបែកសង្វា លោកជំទាវឧកញ៉ា នឹម វណ្ណៈ ក៏បានចែករំលែកបទពិសោធន៍របស់ខ្លួនធ្លាប់ប្រើ ផលិតផលខុសធ្វើឱ្យសុខភាពចុះខ្សោយ។

នៅល្ងាចថ្ងៃទី២៨ ឧសភា លោកជំទាវឧកញ៉ា នឹម វណ្ណៈ បានបង្ហោះសំណេរយ៉ាងដូច្នេះថា «បញ្ហាឡេលាបបែកសង្វា ខូឡាជិន និង ឌីថក់ (fiber) ប្រើហើយធ្វើឱ្យបាត់វីតាមីនក្នុង ខ្លួន។ កុំចង់សលឿន សហោះ សហើរ ៣ថ្ងៃស ជាតិកាត់ប៉ះពាល់ដល់សុខភាពខ្លាំងបំផុត នាំឱ្យបងប្អូនខូចក្រលៀន និង បញ្ហាស្បែកជាច្រើនប្រភេទផងដែរ»។
លោកជំទាវឧកញ៉ា បន្តទៀតថា «ខ្ញុំធ្លាប់ជួបផ្ទាល់ ចង់សាកប្រេនកូនខ្មែរ លាបមួយអាទិត្យ សាច់ស្ងួត បាត់សំណើម បានថតសាច់ផ្ទាល់សឹងមិនជឿថាកាត់សាហាវដល់ម្លឹង ។ រីឯ ឌីថក់ និង ខូឡាជិនវិញ ក្រោយប្រើបាន៣ខែ ខ្ញុំបានបាត់វីតាមីនក្នុងខ្លួន យ៉ាងធ្ងន់ធ្ងរ ក្រោយញុំាឌីថក់របស់ផលិតផលប្រេនល្បីក្នុងស្រុកមួយដ៏ល្បីដែរ។ ក្រោយពិនិត្យ កាល់ស្យូមក្នុងខ្លួនរបស់ខ្ញុំធ្លាក់ដល់កំរិតទាបបំផុត ទើបខ្ញុំដឹងថាមកពី ឌីថក់នោះ។ នេះខ្ញុំទើបសាកប្រើរយៈពេលត្រឹម ៣ខែប៉ុណ្ណោះ សុខភាពខ្ញុំចាប់ផ្តើមចុះខ្សោយ ឆាប់ឈឺ ល្លិតល្លៃ ញ័រទ្រូង ញឹកញាប់ ឆាប់ហត់ចេះតែងងុយគេ»។ 
ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អេស៊ីអ៊ី គ្រុប  បានបញ្ជាក់ទៀតថា «ម៉ោងនេះពេលនេះ ខ្ញុំមានសុខភាពល្អឡើងវិញ មានកំលាំងពលធម្មតាមកវិញ ដោយសារបានការព្យាបាលពីវេជ្ជបណ្ឌិត នៅសហរដ្ឋអាម៉េរិក ។ ខ្ញុំត្រូវញុំា កាល់ស្យូម ក្នុង១អាទិត្យ ១គ្រាប់ 50000iu ខ្ញុំលេបត្រឹម៤ខែប៉ុណ្ណោះ កាល់ស្យូមក្នុងខ្លួនឡើងមក ៩៩វិញ។កុំលេងសើចជាមួយសុខភាពព្រោះយើងមិនអាចទិញសុខភាពយើងបានតាមទីផ្សារនោះទេ»។
គួរបញ្ជាក់ផងដែរថា ក្រៅពីយុវតីប៉ុន្មានរូបដែលចេញមុខ live តាមបណ្តាញសារព័ត៌មាន រួចមកពួកគេបានចេញមកបញ្ជាក់ជាថ្មីថាពួកគេទទួលបានភាពកក់ក្តៅក្នុងការជួយអន្តរាគមន៍ដាក់ពាក្យបណ្តឹងក៏ដូចជាទទួលបានការយកចិត្តទុកដាក់ពីក្រសួងសុខាភិបាលផងដែរ៕
		
	









