ប្រទេសជប៉ុន ៖ រដ្ឋាភិបាលជប៉ុន និងក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជប៉ុន បានអំពាវនាវឱ្យសាកលវិទ្យាល័យនានានៅជប៉ុនទទួលយកនិស្សិតពីសាកលវិទ្យាល័យ Harvard ក្រោយពីរដ្ឋាភិបាលអាមេរិករបស់លោកប្រធានាធិបតី Donald Trump ពុំអនុញ្ញាតឱ្យសាកលវិទ្យាល័យ Harvard ទទួលនិស្សិតបរទេសមកសិក្សា ។ ក្រសួងអប់រំជប៉ុនចង់ឱ្យនិស្សិតជប៉ុន និងនិស្សិតបរទេសដែលរងផលប៉ះពាល់មកបន្តការសិក្សា និងស្រាវជ្រាវនៅជប៉ុន ។
សារព័ត៌មានស៊ីនហួរបានរាយការណ៍ពីទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ថា សាកលវិទ្យាល័យ Tokyo បានពិចារណាពីវិធានការបណ្តោះអាសន្នពាក់ព័ន្ធនឹងការទទួលយកនិស្សិតពីសាកលវិទ្យាល័យ Harvard ។ បច្ចុប្បន្ន មាននិស្សិត និងអ្នកស្រាវជ្រាវជនជាតិជប៉ុនកំពុងសិក្សានៅសាកលវិទ្យាល័យ Harvard ចំនួន២៦០នាក់ ។

ការអំពាវនាវឱ្យសាកលវិទ្យាល័យនានានៅជប៉ុនទទួលយកនិស្សិតពីសាកលវិទ្យាល័យ Harvard គឺក្នុងគោលបំណងជួយនិស្សិតជប៉ុន និងនិស្សិតបរទេសដែលរងផលប៉ះពាល់ដោយសារការហាមឃាត់របស់រដ្ឋាភិបាលអាមេរិក ។ អង្គការគាំទ្រនិស្សិតជប៉ុន (JASSO) នឹងចេញសេចក្តីប្រកាសពីគោលការណ៍ជួយនិស្សិតរបស់សាកលវិទ្យាល័យនីមួយៗ ។.png)
ទោះជាសាកលវិទ្យាល័យ Harvard ដាក់ពាក្យប្តឹងរដ្ឋាភិបាលអាមេរិក ហើយតុលាការរដ្ឋម៉ាសាឈូសេត បានចេញដីកាផ្អាកការហាមឃាត់ទទួលនិស្សិតបរទេស ប៉ុន្តែផលប៉ះពាល់ដោយសារគោលនយោបាយរដ្ឋាភិបាលអាមេរិកធ្វើឱ្យនិស្សិតបរទេសបារម្ភពីការសិក្សានៅអាមេរិកនាពេលបច្ចុប្បន្ន និងអនាគត ។ លើសពីនេះ និស្សិតបរទេសដែលកំពុងសិក្សាតាមសាកលវិទ្យាល័យ ឬនិស្សិតមានគម្រោងមកសិក្សាបន្តនៅសាកលវិទ្យាល័យនៅអាមេរិក កាន់តែបារម្ភខ្លាំងឡើងពីការបដិសេធនិស្សិតបរទេស មិនមែនបដិសេធតែសាកលវិទ្យាល័យ Harvard មួយទេ ។.png)
កាលពីថ្ងៃទី២២ ខែឧសភា កន្លងមក រដ្ឋាភិបាលអាមេរិកបានលុបចោលកម្មវិធីទទួលស្គាល់និស្សិត (SEVP) របស់សាកលវិទ្យាល័យ Harvard ធ្វើឱ្យសាកលវិទ្យាល័យនេះពុំអាចទទួលនិស្សិតបរទេសថ្មីៗមកសិក្សា ។ រីឯនិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យនេះបច្ចុប្បន្ន អាចត្រូវផ្លាស់ប្តូរសាកលវិទ្យាល័យ ឬដកហូតសិទ្ធិស្របច្បាប់របស់និស្សិត ៕










