ថ្មីៗនេះម្ចាស់មកុដ Miss Teen Icon International 2025 ដែលមានឈ្មោះថា Sasha Star ត្រូវបានអ្នកលេងបណ្តាញសង្គមកម្ពុជាជាហ្វេនគាំទ្រវិស័យបវរកញ្ញាបញ្ចេញមតិរិះគន់យ៉ាងខ្លាំងបន្ទាប់ពីបង្ហាញឥរិយាបថមិនសមរម្យនៅពេលភ្លក់បង្អែមខ្មែរ។ ជាមួយនឹងការរិះគន់ពេញប្រទេសនេះ ម្ចាស់ជ័យលាភីនេះបានចេញសារសូមទោសនិងបានអះអាងថាមិនដែលមានបំណងចង់ធ្វើបាប ឬមិនគោរពវប្បធម៌ និងម្ហូបខ្មែរនោះទេ។ ប៉ុន្តែនាងបង្ហាញពីភាពស្មោះត្រង់របស់ខ្លួនចំពោះរសជាតិដែលមិនស្គាល់មួយចំនួនដែលមកពីវប្បធម៌ផ្សេងគ្នា។
នៅថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២៥ Sasha Star Miss Teen Icon International 2025 ដែលតំណាងឱ្យចក្រភពអង់គ្លេសបានចេញសេចក្តីថ្លែងការសូមទោសបន្ទាប់ពី ទទួលបានមតិប្រតិកម្មពីប្រជាជនកម្ពុជា។ ក្នុងសេចក្តីថ្លែងការណ៍ពី Sasha Star បានរៀបរាប់ថា «ខ្ញុំសូមអធ្យាស្រ័យដោយស្មោះចំពោះការយល់ច្រលំ និងកំហុសដែល បង្កឡើងដោយវីដេអូ TikTok ថ្មីៗរបស់ខ្ញុំទៅលើបង្អែមខ្មែរ។ ខ្ញុំមិនដែលមានបំណងចង់ ធ្វើបាបឬមិនគោរពវប្បធម៌ និងម្ហូបខ្មែរដ៏ស្រស់ស្អាតនោះទេ។ខ្ញុំពិតជាស្រលាញ់ម្ហូបខ្មែរ ណាស់។ ខ្ញុំបានមកលេងប្រទេសកម្ពុជា ហើយបានសាកល្បងមុខម្ហូបខ្មែរជាច្រើនដែលខ្ញុំពិតជាចូលចិត្ត និងពេញចិត្ត។ ខ្ញុំធ្លាប់មកលេងចំនួនពីរដង ហើយរាល់ពេលដែលខ្ញុំត្រូវបានស្វាគមន៍ដោយភាពកក់ក្តៅ ចិត្តល្អ និងចិត្តសប្បុរស»។
Sasha Star បានបន្តទៀតថា « ក្នុងនាមជា Miss Teen Icon International 2025 ដែលបានគ្រងដំណែង នាងខ្ញុំមានកិត្តិយសដែលបានចំណាយពេលពេញមួយឆ្នាំ នៅក្នុងប្រទេសដ៏អស្ចារ្យនេះ និងតំណាងឱ្យស្មារតីនៃការផ្លាស់ប្តូរវប្បធម៌ ការគោរព និងការរៀនសូត្រ។ នៅក្នុងវីដេអូ ខ្ញុំបានចែករំលែកប្រតិកម្មដ៏ស្មោះត្រង់របស់ខ្ញុំចំពោះ រសជាតិដែលមិនស្គាល់មួយចំនួន ដែលមកពីវប្បធម៌ផ្សេងគ្នា។ ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះខ្ញុំដឹងហើយថា សូម្បីតែមតិដ៏ស្មោះក៏ត្រូវតែបង្ហាញដោយភាពរសើប និងការគោរព ជាពិសេសនៅពេលចូលរួមជាមួយប្រពៃណីរបស់ប្រទេសដទៃទៀត។ បន្ទាប់ពីដឹងពីកំហុសរបស់ខ្ញុំ ខ្ញុំបានលុបវីដេអូនេះភ្លាមៗ ហើយបានឆ្លៀតពេលដើម្បីពិចារណាពីរបៀបដែលខ្ញុំអាចធ្វើបានប្រសើរជាងមុន»។
Miss Teen Icon International 2025 ថា កម្ពុជាជាកន្លែងពិសេសមួយក្នុងចិត្តខ្ញុំ។ បទពិសោធន៍នេះបានបង្រៀនខ្ញុំនូវមេរៀនដ៏មានអត្ថន័យមួយក្នុងការឱ្យតម្លៃខាងវប្បធម៌ ហើយខ្ញុំប្តេជ្ញាបង្ហាញការគោរពបន្ថែមទៀតនៅក្នុងអ្វីគ្រប់យ៉ាងដែលខ្ញុំធ្វើក្នុងនាមជា Miss Teen Icon International ៕










