ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា ប្រទេសវៀតណាមជួបទុក្ខធំ គឺកសិករដាំទុរេនបានផ្លែច្រើន ប៉ុន្តែលក់ពុំដាច់ ដោយសារចិនរឹតបន្តឹងគុណភាពទុរេនខ្លាំង ។ នៅខែឧសភានេះ ទុរេនពូ.ជ Ri6 នៅវៀតណាម លក់បានតែជាង៣,០០០រៀលប៉ុណ្ណោះក្នុង១គីឡូក្រាម ដែលជាតម្លៃធ្លាក់ចុះយ៉ាងខ្លាំង បើធៀបនឹងខែមេសា កន្លងមក ។

លើសពីនេះ ក្រុមឈ្មួញកណ្តាលវៀតណាមក៏លែងចាប់អារម្មណ៍ទិញទុរេន ទើបធ្វើឱ្យកសិករវៀតណាមត្រូវដឹកជញ្ជូនទុរេនទៅលក់នៅតាមផ្លូវដោយខ្លួនឯង ក្នុងតម្លៃចាប់ពីជាង៤,០០០រៀល ទៅជាង៨,០០០រៀលប៉ុណ្ណោះក្នុង១គីឡូក្រាម ។ ហេតុអ្វីទុរេនវៀតណាមធ្លាក់ថ្លៃខ្លាំងបែបនេះ? 
មូលហេតុធ្វើឱ្យទុរេនវៀតណាមធ្លាក់ថ្លៃខ្លាំង ដោយសារ ៖
១-ទុរេនដាំដុះលើផ្ទៃដីតាមមាត់ទន្លេ បានផ្តល់ទិន្នផលព្រមៗគ្នា
២-ចិនឈប់នាំចូលទុរេនវៀតណាមច្រើនដូចមុន ពីព្រោះទុរេនវៀតណាមគុណភាពអន់
៣-ចំនួនអ្នកទិញដូចមុន ប៉ុន្តែវៀតណាមបង្កើនទិន្នផលទុរេន និង
៤-ទុរេនវៀតណាមត្រូវប្រកួតប្រជែងជាមួយទុរេនថៃ និងម៉ាឡេស៊ី ដែលប្រទេសទាំងពីរបាននាំចេញទុរេនយ៉ាងច្រើនទៅចិន ។
រដ្ឋាភិបាលវៀតណាមបានដាក់ផែនការដាំទុរេនលើផ្ទៃដី ចាប់ពី៦ម៉ឺន៥ពាន់ហិកតា ទៅ៧ម៉ឺន៥ពាន់ហិកតាប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ន ផ្ទៃដីដាំទុរេនរបស់វៀតណាម បានកើនឡើងរហូតដល់១សែន៦ម៉ឺនហិកតា ដែលជាផ្ទៃដីច្រើនជាងផែនការកំណត់ ។ កាលពីឆ្នាំ២០២៤ វៀតណាមបាននាំចេញទុរេនទៅចិន ស្មើទឹកប្រាក់រហូតដល់៣,៣០០លានដុល្លារ ប៉ុន្តែឆ្នាំ២០២៥នេះ វៀតណាមនាំចេញទុរេនទៅចិន ធ្លាក់ចុះដល់៦១% ស្មើទឹកប្រាក់ត្រឹមតែ៩៨លានដុល្លារប៉ុណ្ណោះ ។
រដ្ឋាភិបាលវៀតណាមក៏ប្រញាប់ដោះស្រាយ ដោយបន្ថែមកន្លែងត្រួតពិនិត្យគុណភាពទុរេន ដើម្បីពង្រីកទីផ្សារទៅក្រៅប្រទេស ដូចជា ៖ កូរ៉េខាងត្បូង ជប៉ុន បណ្តាប្រទេសអឺរ៉ុប និងអាមេរិក រួមទាំងលក់ទុរេនក្នុងស្រុកកាន់តែច្រើន ។ ហេតុនេះ វៀតណាមអាចលក់ទុរេនបានថ្លៃជាងមុន គឺចាប់ពីជាង៨,០០០រៀល ទៅជាង១ម៉ឺនរៀលក្នុង១គីឡូក្រាម ដែលជាការជួយសម្រាលទុក្ខរបស់កសិករ ៕










