ប្រទេសសិង្ហបុរី ៖ ប្រទេសនីមួយៗមានច្បាប់ វប្បធម៌ និងទំនៀមទម្លាប់ការរស់នៅខុសៗគ្នា ។ ដូច្នេះ មុនពេលទៅកម្សាន្តនៅប្រទេសណាមួយ គួរតែឈ្វេងយល់ពីច្បាប់ទម្លាប់ និងបម្រាមផ្សេងៗរបស់ប្រទេសនោះជាមុន ពីព្រោះការប្រព្រឹត្តទង្វើខ្លះ ពុំខុសច្បាប់នៅប្រទេសយើង ប៉ុន្តែខុសច្បាប់នៅប្រទេសផ្សេង ដូចជា សិង្ហបុរី មានច្បាប់តឹងរ៉ឹង និងលើកកម្ពស់អនាម័យ ។
គួរយល់ដឹង៤ចំណុចនេះ មុនពេលទៅកម្សាន្តនៅប្រទេសសិង្ហបុរី រួមមាន ៖
១-ក្រដាសជូតមាត់ ៖ ភោជនីយដ្ឋានភាគច្រើននៅប្រទេសសិង្ហបុរី គ្មានក្រដាសជូតមាត់សម្រាប់ភ្ញៀវទេ ពេលចូលបរិភោគអាហារ គឺភ្ញៀវត្រូវតែត្រៀមក្រដាសជូតមាត់ដោយខ្លួនឯង ដោយសារភោជនីយដ្ឋានកាត់បន្ថយការចំណាយពុំចាំបាច់ រួមទាំងកាត់បន្ថយបរិមាណសំរាម ។ ការគ្មានក្រដាសជូតមាត់ក្នុងភោជនីយដ្ឋានសិង្ហបុរី ក៏ជាការជួយលើកកម្ពស់ និងថែទាំបរិស្ថានផងដែរ ។

២-ដើរលឿន ៖ ពលរដ្ឋសិង្ហបុរីដើរលឿនបំផុតនៅលើពិភពលោក ពួកគេចូលចិត្តធ្វើដំណើរដោយថ្មើជើងនៅតាមផ្លូវក្នុងទីក្រុង ។ តាមការស្រាវជ្រាវបញ្ជាក់ថា ពលរដ្ឋសិង្ហបុរីដើរក្នុងល្បឿនជាមធ្យម ស្មើជាង៦គីឡូម៉ែត្រក្នុង១ម៉ោង ដោយសារម្នាក់ៗប្រញាប់ប្រញាល់ទៅបំពេញការងារ ។.png)
៣-បញ្ជីមុខម្ហូប ៖ ភោជនីយដ្ឋានជាច្រើននៅសិង្ហបុរី គ្មានបញ្ជីមុខម្ហូបជាភាសាអង់គ្លេសទេ ដោយសារសិង្ហបុរីមានពលរដ្ឋកាត់ចិនរហូតដល់ជាង៧០% ទើបភោជនីយដ្ឋានបុរាណមួយចំនួនមានម្ចាស់និយាយភាសាចិន ។ ហេតុនេះ វាពុំចម្លែកទេ ដែលភ្ញៀវត្រូវកុម្ម៉ង់អាហារជាភាសាចិន ឬប្រើប្រាស់ភាសាកាយវិការ ជំនួសការនិយាយភាសាអង់គ្លេស ។
៤-ហាមទំពារស្ករកៅស៊ូ ៖ កាលពីឆ្នាំ១៩៩២ ប្រទេសសិង្ហបុរីបានបង្កើតច្បាប់ហាមពលរដ្ឋ និងភ្ញៀវទេសចរទំពារស្ករកៅស៊ូនៅសិង្ហបុរី ពីព្រោះគិតថា ការទំពារស្ករកៅស៊ូនឹងធ្វើឱ្យទីធ្លាទីក្រុងកខ្វក់ ។ ហេតុនេះ យើងពិបាករកទិញស្ករកៅស៊ូនៅតាមហាងលក់ទំនិញណាស់ ។
ក្រៅពីនេះ ប្រទេសសិង្ហបុរី ក៏បានហាមឃាត់ជាច្រើនទៀត ដូចជា ៖ ហាមខាកស្តោះ ឬស្តោះទឹកមាត់នៅទីសាធារណៈ, ហាមជក់បារីនៅទីសាធារណៈ, ហាមបោះសំរាមនៅទីសាធារណៈ, ហាមផឹកទឹក និងបរិភោគអាហារក្នុងរថយន្តក្រុងសាធារណៈ, ហាមផឹកស្រា ចាប់ពីម៉ោង១០យប់ និងហាមឱ្យចំណីសត្វព្រាប ៕










