សហរដ្ឋអាមេរិក ៖ Carmel-by-the-Sea គឺជាទីក្រុងតូចមួយនៅឆ្នេរសមុទ្រតំបន់ Monterey County រដ្ឋកាលីហ្វ័ញ៉ា សហរដ្ឋអាមេរិក បានតម្រូវឱ្យពលរដ្ឋ និងភ្ញៀវទេសចរស្នើសុំលិខិតអនុញ្ញាតជាមុន ប្រសិនបើចង់ពាក់ស្បែកជើងកែងចោតនៅទីសាធារណៈ បើពុំដូច្នោះទេ ចាត់ទុកថាល្មើសច្បាប់ ។ ការហាមឃាត់ពាក់ស្បែកជើងកែងចោតនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវទេសចរ ពីព្រោះជាច្បាប់ប្លែក ។

បើពលរដ្ឋ និងភ្ញៀវទេសចរចង់ពាក់ស្បែកជើងកែងចោតមានកម្ពស់លើសពី២អ៊ីង នៅទីក្រុង Carmel-by-the-Sea គឺតម្រូវឱ្យចុះឈ្មោះស្នើសុំលិខិតអនុញ្ញាតពាក់ស្បែកជើងកែងចោត ស្របតាមច្បាប់នៅសាលាក្រុងជាមុន ហើយការស្នើសុំនេះមិនចំណាយប្រាក់ទេ ។ ភ្ញៀវទេសចរជាច្រើនចាប់អារម្មណ៍ និងមកសុំអនុញ្ញាតពាក់ស្បែកជើងកែងចោតដើម្បីរក្សាទុកជាអនុស្សាវរីយ៍ ទោះជាពួកគេពុំបានពាក់ស្បែកជើងកែងចោតនៅទីក្រុងនេះក្តី ។

ច្បាប់កំណត់ហាមពាក់ស្បែកជើងកែងខ្ពស់ៗនៅទីសាធារណៈ ឬតាមចិញ្ចើមផ្លូវក្នុងទីក្រុង Carmel-by-the-Sea គឺអនុវត្តតាំងពីឆ្នាំ១៩៦៣ មកម៉្លេះ តាមសំណើរបស់តុលាការក្រុងសម័យនោះ ។ រហូតមកដល់បច្ចុប្បន្ន ភ្ញៀវទេសចរមកកម្សាន្តនៅទីក្រុងនេះ នៅតែចាត់ទុកថា ជាច្បាប់ប្លែកលើពិភពលោក ។.jpg)
ការបង្កើតច្បាប់នេះក្នុងគោលបំណងផ្តល់សុវត្ថិភាពដល់អ្នកថ្មើរជើងគ្រប់រូប ដោយសារទីក្រុងនេះសម្បូរដើម Cypress និងដើម Monterey ជាច្រើន ។ ដើមឈើទាំងនេះបានធំលូតលាស់រហូតមានដើម និងចាក់ឫសធំៗចូលក្នុងដី ហើយឫសឈើជាច្រើនបានរុញចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង ឱ្យមានកម្ពស់ខ្ពស់-ទាប ពិបាកដើរ ។ ចិញ្ចើមផ្លូវពុំរាបស្មើនេះក្លាយជាកន្លែងគ្រោះថ្នាក់សម្រាប់អ្នកថ្មើរជើង បើដើរពុំប្រុងប្រយ័ត្ន គឺអាចរអិលដួល ។.jpg)
តុលាការទីក្រុង Carmel-by-the-Sea យល់ឃើញថា ឫសឈើធំៗជាមូលហេតុធ្វើឱ្យចិញ្ចើមផ្លូវមិនរាបស្មើ ហេតុនេះ ពលរដ្ឋ និងភ្ញៀវទេសចរពុំគួរពាក់ស្បែកជើងកែងខ្ពស់ៗដើរលើចិញ្ចើមផ្លូវទេ ពីព្រោះអាចដួល ទើបបង្កើតច្បាប់កំណត់ស្នើសុំលិខិតអនុញ្ញាតពាក់ស្បែកជើងកែងខ្ពស់ ។ ម្យ៉ាងទៀត ការបង្កើតច្បាប់ គឺដើម្បីការពារកុំឱ្យអ្នករអិលដួលតាមផ្លូវដោយសារពាក់ស្បែកជើងកែងខ្ពស់ៗ ដាក់ពាក្យប្តឹងទាមទារសំណង ។.jpg)
ចំណែកសមត្ថកិច្ចក្នុងទីក្រុងនេះពុំបង្ខំឱ្យពលរដ្ឋ និងភ្ញៀវទេសចរអនុវត្តច្បាប់ប្លែកទេ ប៉ុន្តែបើអ្នកណាពាក់ស្បែកជើងកែងខ្ពស់ដើរតាមផ្លូវដោយគ្មានលិខិតអនុញ្ញាត ហើយដួលនោះ ពួកគេគ្មានសិទ្ធិប្តឹងទាមទារសំណងពីអភិបាលក្រុងឡើយ ។ កាលពី២-៣ឆ្នាំមុន អភិបាលក្រុងបានបង្កើតច្បាប់ក្នុងតំបន់បន្ថែមទៀត គឺហាមពលរដ្ឋ និងភ្ញៀវទេសចរបរិភោគការ៉ែមនៅចិញ្ចើមផ្លូវកណ្តាលក្រុង ដោយសារការ៉េមធ្វើឱ្យចិញ្ចើមផ្លូវកខ្វក់ និងស្អិតពិបាកដើរ ៕










