ប្រទេសជប៉ុន ៖ ការកំណត់ឱ្យពលរដ្ឋនៅលីវបង់ពន្ធជួយដល់ក្រុមគ្រួសារមានកូន ត្រូវបានពលរដ្ឋជប៉ុនជជែកវែកញែកជាច្រើនឆ្នាំមកហើយ និងពុំយល់ស្របជាមួយរដ្ឋាភិបាល ។ នៅខែឧសភា ឆ្នាំ២០២៥ ពលរដ្ឋជប៉ុនបានជជែកជាថ្មីពីបញ្ហានេះ ក្រោយរដ្ឋាភិបាលប្រកាសថា នឹងអនុវត្តច្បាប់នេះចាប់ពីខែមេសា ឆ្នាំ២០២៦ ពីព្រោះចង់ប្រមូលពន្ធពីអ្នកនៅលីវយកទៅជួយសម្រាលបន្ទុកអ្នកមានគ្រួសារត្រូវចិញ្ចឹមកូន ។

ពន្ធអ្នកនៅលីវ មានឈ្មោះពេញថា «ពន្ធគាំទ្រការមានកូន និងថែទាំកូន» ដែលរដ្ឋាភិបាលជប៉ុនចង់ឱ្យពលរដ្ឋពុំទាន់រៀបការ (ឬនៅលីវ) បង់ពន្ធដើម្បីជួយសម្រាលបន្ទុកអ្នកមានគ្រួសារត្រូវចិញ្ចឹមកូន ។ រីឯគូស្វាមី-ភរិយាដែលរៀបការរួចហើយ ប៉ុន្តែពុំទាន់មានកូន ក៏ត្រូវបង់ពន្ធដែរ បន្ទាប់មក រដ្ឋាភិបាលនឹងប្រមូលប្រាក់ពន្ធនេះទៅជួយពលរដ្ឋដែលរៀបការមានគ្រួសារ និងលើកទឹកចិត្តឱ្យមានកូន ។

ការកំណត់ឱ្យពលរដ្ឋនៅលីវបង់ពន្ធជូនរដ្ឋ គឺក្នុងគោលបំណងដោះស្រាយបញ្ហាអត្រាកំណើត និងចំនួនពលរដ្ឋធ្លាក់ចុះជារៀងរាល់ឆ្នាំ ដោយរដ្ឋាភិបាលជប៉ុននឹងផ្តល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ ស្ត្រីសម្រាលកូន ហើយផ្តល់ប្រាក់ឱ្យទារក រហូតដល់ទារកធំរៀនចប់កម្រិតអនុវិទ្យាល័យ ។ កុមារម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភសរុបពីរដ្ឋាភិបាល តាំងពីតូច រហូតដល់ធំ ចំនួន៣លាន៥សេនយ៉េន (ឬជាង២ម៉ឺន៥ពាន់ដុល្លារ) ។
.png)
រដ្ឋាភិបាលជប៉ុនកំណត់ឱ្យពលរដ្ឋនៅលីវបង់ពន្ធជួយសម្រាលបន្ទុកអ្នកមានគ្រួសារត្រូវចិញ្ចឹមកូន ដោយឱ្យពួកគេបង់ពន្ធបន្ថែមទៀតពីលើការបង់ប្រាក់ធានារ៉ាប់រងសុខភាព ប៉ុន្តែប្រើប្រាស់គណនីធនាគារដាច់ដោយឡែក ។ ប៉ុន្តែបញ្ហាបង់ពន្ធនេះធ្វើឱ្យពលរដ្ឋនៅលីវជាច្រើនពុំយល់ស្រប ជាពិសេស អ្នកធ្វើការដែលខំសន្សំប្រាក់សម្រាប់ថ្ងៃអនាគត និងប្រាក់ខែចាយវាយពុំគ្រប់គ្រាន់ ។

អ្នកនៅលីវនិយាយថា ពួកគេចិញ្ចឹមខ្លួនឯងស្ទើរមិនរស់ផង ហើយមានតម្រូវការចំណាយជាច្រើនក្នុងជីវភាពប្រចាំថ្ងៃ ប៉ុន្តែពួកគេត្រូវយកប្រាក់មួយចំនួនទៅចែករំលែកឱ្យអ្នករៀបការមានប្តី-ប្រពន្ធ មានកូន តើវាយុត្តិធម៌ដែរឬទេ?
គួរបញ្ជាក់ថា ជប៉ុនប្រឈមនឹងបញ្ហាអត្រាកំណើតធ្លាក់ចុះខ្លាំង និងកំណើនពលរដ្ឋអាយុច្រើន ក្រោយការរៀបការរបស់ពលរដ្ឋធ្លាក់ចុះតាំងពីជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ។ នៅឆ្នាំ២០៧០ ពលរដ្ឋជប៉ុននឹងមានចំនួនមិនដល់៨៧លាននាក់ ទើបរដ្ឋាភិបាលជប៉ុនកំណត់វិធានការថ្មីៗដើម្បីដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះ ដូចជា ៖ ការបន្ថែមវិធានការថែទាំកុមារ និងផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ចិញ្ចឹមកុមារ ៕










