ប្រទេសជប៉ុន ៖ ភ្ញៀវទេសចរចិន និងហុងកុងចាប់ផ្តើមលុបចោលដំណើរកម្សាន្តនៅប្រទេសជប៉ុន ក្រោយពីសៀវភៅតុក្កតាជប៉ុនដ៏ល្បីទស្សន៍ទាយថា ជប៉ុននឹងកើតគ្រោះរញ្ជួយដីធ្ងន់ធ្ងរនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ។ ភ្ញៀវទេសចរជឿថា ការទស្សន៍ទាយនេះនឹងកើតឡើងពិតប្រាកដ ពីព្រោះកន្លងមក សៀវភៅតុក្កតាជប៉ុនធ្លាប់បានទាយត្រឹមត្រូវពីគ្រោះរញ្ជួយដីនៅឆ្នាំ២០១១ និងការស្លា.ប់របស់បុគ្គលល្បីៗលើពិភពលោក ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ។.jpg)
ការភ័យខ្លាចពីគ្រោះរញ្ជួយដីធ្ងន់ធ្ងរនៅជប៉ុនកាន់តែខ្លាំងឡើង ក្រោយពីការទស្សន៍ទាយរបស់គ្រូទាយ និងពាក្យចចាមអារ៉ាមផ្សេងៗក្នុងបណ្តាញសង្គមធ្វើឱ្យភ្ញៀវទេសចរមួយចំនួនចាប់ផ្តើមស្ទាក់ស្ទើរក្នុងការធ្វើដំណើរទៅប្រទេសដែនកោះនេះ ។ ការទាយពីរញ្ជួយដីដ៏ល្បីល្បាញបំផុត គឺសៀវភៅតុក្កតាជប៉ុនរបស់អ្នកស្រី Ryo Tatsuki បានបោះពុម្ពកាលពីឆ្នាំ១៩៩៩ មានចំណងជើងថា «The Future I Saw» ឬ «ខ្ញុំបានឃើញពីអនាគត» ។

ប្រទេសជប៉ុនធ្លាប់កើតរញ្ជួយដីកម្រិត៩រិចទ័រ បណ្តាលឱ្យមានរលកស៊ូណាមិនៅឆ្នេរសមុទ្រ និងបង្កការខូចខាតដល់រោងចក្រថាមពលនុយក្លេអ៊ែរឈានទៅកើតវិបត្តិនុយក្លេអ៊ែរ ។ ការទាយពីរញ្ជួយដីនៅជប៉ុន «ខ្ញុំបានឃើញពីអនាគត» បានបោះពុម្ពរួចរាល់នៅឆ្នាំ២០២១ ដោយអ្នកស្រី Tatsuki ដាស់តឿនថា ជប៉ុននឹងកើតរញ្ជួយដីធ្ងន់ធ្ងរ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ហើយមនុស្សជាច្រើនជឿថា អ្នកស្រីអាចមើលឃើញពីអនាគតពិតមែន ។
.jpg)
ចំណែកគ្រូទាយជប៉ុនអះអាងថា រញ្ជួយដីកើតឡើងនៅទីក្រុងតូក្យូ កាលពីថ្ងៃទី២៦ ខែមេសា កន្លងមក បើទោះជារញ្ជួយដីពុំបានកើតឡើងពិតប្រាកដក្តី ប៉ុន្តែវាធ្វើឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងបណ្តាញសង្គម ។ លោក ឈី សៀនអ៊ី គ្រូមើលហុងស៊ុយដ៏ល្បីនៅហុងកុង បានអំពាវនាវឱ្យភ្ញៀវទេសចរចៀសវាងធ្វើដំណើរទៅជប៉ុននៅខែមេសា ។
កាលពីឆ្នាំ២០២៤ រដ្ឋាភិបាលជប៉ុនឱ្យដឹងថា ៣០ឆ្នាំទៀត រញ្ជួយដីនឹងកើតឡើងក្នុងបរិវេណ Nankai Trough គឺជារណ្តៅជ្រៅនៅក្រោមមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងត្បូងប្រទេសជប៉ុន ហើយវាអាចកើតឡើងពី៧០% ទៅ៨០% ប៉ុន្តែរដ្ឋាភិបាលជប៉ុនពុំបានបញ្ជាក់ពីពេលវេលាច្បាស់លាស់ទេ ។
ការកក់ដំណើរកម្សាន្តនៅជប៉ុនបានធ្លាក់ចុះជាងពាក់កណ្តាល ហើយវានឹងធ្លាក់ចុះថែមទៀតនារយៈពេល២ខែខាងមុខ ដោយសារការទាយពីរញ្ជួយដីធ្វើឱ្យភ្ញៀវទេសចរចិន និងហុងកុង ភ័យខ្លាចពុំហ៊ានធ្វើដំណើរទៅជប៉ុន ។ លើសពីនេះ ភ្ញៀវទេសចរពុំហ៊ានធ្វើដំណើរទៅថៃ និងវៀតណាម ដោយសារមានរូបភាព និងវីដេអូក្នុងបណ្តាញសង្គមដាស់តឿនថា ចូរគិតឡើងវិញមុនពេលធ្វើដំណើរ ។ នេះបើតាមលោក ស៊ីអេន យួន នាយកក្រុមហ៊ុនទេសចរណ៍ WWPKG នៅហុងកុង ។
ការទាយពីរញ្ជួយដីនៅឆ្នាំ២០១១ របស់អ្នកស្រី Tatsuki ល្បីល្បាញយ៉ាងខ្លាំងទាំងនៅជប៉ុន ចិន និងថៃ ធ្វើឱ្យសៀវភៅតុក្កតារបស់អ្នកស្រីលក់ដាច់រហូតដល់៩សែនក្បាល ក្រោយត្រូវបោះពុម្ពជាភាសាចិនផងដែរ ។ សៀវភៅតុក្កតាបានទាយត្រូវពីការសុគតរបស់ព្រះមហាក្សត្រីអង់គ្លេស ដាយអាណា និងការស្លាប់របស់អ្នកចម្រៀងដ៏ល្បី លោក Freddie Mercury ប៉ុន្តែអ្នកខ្លះថា ការទាយក្នុងសៀវភៅតុក្កតា គឺទូលំទូលាយពេក វាពុំកើតឡើងពិតប្រាកដទេ ៕










