ក្រសួងសុខាភិបាល នៃព្រះរាជណាចក្រកម្ពុជា បានចេញសេចក្តីណែនាំឱ្យមានការ ចាក់វ៉ាក់សាំងកូវីដ-១៩ រំលឹកដល់ប្រជាជនអាយុចាប់ពី១២ឆ្នាំឡើង។

នៅក្នុងសេចក្តីណែនាំ ក្រសួងសុខាភិបាល បានលើកឡើងថា៖” ដើម្បីបង្ការជាមុនសំដៅធានាភាពស៊ាំ សហគមន៍ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ថ្មី ក្រសួងសុខាភិបាល សូមណែនាំដល់នាយកមន្ទីរពេទ្យជាតិ និងប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ រំលឹកដល់ប្រជាជនអាយុចាប់ពី ១២ឆ្នាំឡើង រាល់៦ខែម្តងតាមយុទ្ធសាស្ត្រនៃការចាក់រំលឹកវ៉ាក់សាំងកូវីដ-១៩”។

បន្ថែមពីនេះ ក្រសួងសុខាភិបាល សូមលើកទឹកចិត្តឱ្យពលរដ្ឋជនវ័យចាស់ ជនចាស់ជរា អ្នកមានជំងឺរ៉ាំរ៉ៃ និងមានភាពស៊ាំថយចុះ មកទទួលវ៉ាក់សាំងដើម្បីការពារជំងឺកូវីដ-១៩ ថ្មី។

ក្រសួងសុខាភិបាល នឹងផ្តល់វ៉ាក់សាំងកូវីដ-១៩ ជាប្រចាំនៅគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈរួមមានមន្ទីរពេទ្យជាតិ និងមណ្ឌលសុខភាព រួមបញ្ចូលជាមួយសកម្មភាពចុះផ្តល់សេវាសុខភាពមូលដ្ឋានផងដែរ៕