ក្រុមម៉ូតូទឹក​កម្ពុជា បានបន្តធ្វើរឿងអស្ចារ្យបន្ថែមទៀត ក្រោយដណ្តើមបានមេដាយមាស​៤ និង​ប្រាក់​២ ពី​ការ​ប្រកួត​ប្រណាំងម៉ូតូទឹកពិភពលោក WGP1 Water Jet Championship ជុំទី១ នៅទីក្រុង Osaka ប្រទេសជប៉ុន។

ក្រោយពីទទួលបានលទ្ធផលដ៏ល្អនេះ កីឡាករ សាលី អ៊ូមើត ដែលជា​អ្នកដឹកនាំ​ក្រុម​ជម្រើសជាតិ​ម៉ូតូទឹក​កម្ពុជា បាន​សម្តែងការ​តូច​ចិត្ត ខណៈ​ជារឿយៗ ក្រុមម៉ូតូទឹករបស់លោក តែងនាំយកមេដាយមាសជូនជាតិ តែមិនសូវមានអ្នកចាប់អារម្មន៍ ដូចប្រភេទកីឡាដ៏ទៃ។

នៅ​ថ្ងៃចន្ទ​នេះ ម្ចាស់មេដាយមាសអាសុី និង Sea Games លោក សាលី អ៊ូមើត បាន​បង្ហោះសារ​ថា៖​”ខ្ជិល​និយាយ​ច្រើន ​បើ​តាម​មើល​ទៅ ​ប្រហែល​ជា​បាន​មេដាយ​មាស​ច្រើន​ពេក ​ទើប​គ្មាន​អ្នក​រវីរវល់! ​គួរឱ្យ​​អស់​សំណើច​ណាស់​ សម្រាប់​ក្រុម​កីឡាករ​ជម្រើស​ជាតិ​ម៉ូ​តូទឹក​កម្ពុជា​យើង ​តែ​មិន​អី​ទេ​ យ៉ាង​ហោច​ណាស់​ក៏​នៅ​មាន​សម្ដេច​គាំទ្រ​ដែរ​។ ជួប​គ្នា​នៅ​ជុំ​ទី​​២បន្ត ​នៅ​ប្រទេស​​ប្រេស៊ី”។

គួរបញ្ជាក់ថា សាលី អ៊ូមើត គឺជាអត្តពលិកម៉ូតូទឹក ដ៏ឆ្នើមរបស់កម្ពុជា​ ដែលតែងតែនាំមេដាយជូនជាតិ មិនថានៅក្នុងកម្រិតអាសុី ឬពិភពលោក៕