តារាសម្ដែងហុងកុង Moses Chan កំពុងតានតឹងដោយសារសម្ពាធសេដ្ឋកិច្ច ខណៈហាងកាហ្វេរបស់លោកពុំទទួលបានចំណូលដូចកាលពីមុនឡើយ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយហុងកុងបានឱ្យដឹងថាតារាសម្តែង TVB Moses Chan បច្ចុប្បន្នជាម្ចាស់ហាងកាហ្វេចំនួន ៥ នៅក្នុងទីក្រុងហុងកុង ដែលទាំងអស់មានទីតាំងនៅទីតាំងសំខាន់ៗ។ សម្រាប់ហេតុផលជាច្រើន ប្រាក់ចំណូលបានថយចុះក្នុងប៉ុន្មានខែថ្មីៗនេះ បើធៀបនឹងរយៈពេលមុន។ ប្រភពមួយបានបង្ហើបថា «ថ្មីៗនេះតារាសម្តែងរូបនេះមានសភាពហត់នឿយ ប្រឈមនឹងសម្ពាធគឺគួរឱ្យព្រួយបារម្ភ។ ផលប័ត្រវិនិយោគភាគច្រើនមិនទទួលបានលទ្ធផលល្អទេ។ ស្ថានភាពអាជីវកម្មមានភាពអាប់អួរ ខណៈដែលតម្លៃជួលឡើងខ្ពស់»។
យោងតាមប្រភពបានឱ្យដឹងថា ដើម្បីបន្តអាជីវកម្មរបស់ខ្លួនឱ្យដើរទៅមុខតារាសម្តែងវ័យ ៥៥ ឆ្នាំរូបនេះបានធ្វើការឥតឈប់ដោយមិនមានពេលគិតអំពីខួបកំណើតរបស់ខ្លួនឡើយ(១៦ មេសា) ។ លោកធ្វើការទាំងយប់ទាំងថ្ងៃដោយសង្ឃឹមថានឹងមានការលក់វិជ្ជមានវិញដោយសារតែលោកមានចំណង់ចំណូលចិត្តលើកាហ្វេ។ តារារូបនេះធ្លាប់បានសារភាពថា៖ «ទីផ្សារថ្មីៗនេះមិនសូវមានភាពទាក់ទាញទេ ដូច្នេះហើយ ចំណូលក៏មិនសូវល្អដូចពីមុនដែរ»។ មិត្តភ័ក្តិ Moses Chan បង្ហើបថា តារាសម្ដែងរូបនេះ ទទួលបន្ទុកផ្នែកហិរញ្ញវត្ថុក្នុងគ្រួសារ ដោយសារតែប្រពន្ធរបស់លោកគឺ Aimee chan ជាអ្នកមើលថែទាំកូនបីនាក់ និងការងារផ្ទះ។ កូនរបស់អ្នកទាំងពីរចូលរៀននៅសាលាអន្តរជាតិ ហើយគ្រួសារជួលអ្នកមើលថែ ។
ប្រធានបទ «តារាសម្តែង TVB Moses Chan ស្ថិតនៅក្រោមសម្ពាធដើម្បីផ្គត់ផ្គង់គ្រួសាររបស់លោក» បានទាក់ទាញការចាប់អារម្មណ៍នៅលើ Weibo ដោយចូលទៅក្នុងបញ្ជីនៃពាក្យគន្លឹះពេញនិយមបំផុតនៅលើបណ្តាញសង្គម។ ទស្សនិកជនភាគច្រើននិយាយថាអាណិតតារាសម្ដែងក្នុងស្ថានភាពសេដ្ឋកិច្ចលំបាក។ 
Moses Chan និង Aimee chan បានរៀបការនៅឆ្នាំ ២០១៣ ហើយមានកូនប្រុសពីរនាក់និងស្រីម្នាក់។ ដើមឡើយ Aimee ជាតារាសម្តែងប៉ុន្តែបានស្ម័គ្រចិត្តធ្វើជាស្ត្រីមេផ្ទះ និងទទួលបន្ទុកមើលថែកូនៗ៕










