ទីក្រុងឌូបៃ ៖ ហាងកាហ្វេដែលទើបបើកដំណើរការមួយនៅក្នុងទីក្រុងឌូបៃកំពុងទទួលបានការកើតសរសើខ្លាំងពីមហាជន និងអ្នកលេងអ៊ីនធើណេត បន្ទាប់ពីហាងនេះបានផ្ដល់ឳកាសការងារដល់អ្នកជំងឺ “ដោនស៊ីនដ្រូម” ជាច្រើនឲ្យចូលបំពេញការងារនៅទីនេះ។.jpg)
ហាងកាហ្វេខាងលើមានឈ្មោះថា “21 Café” មានទីតាំងនៅជាន់ទី២ នៃផ្សារទំនើប Al Ghurair Centre នៅតំបន់ Deira ក្នុងទីក្រុង Dubai នៃប្រទេសអារ៉ាប់រួម។ បានបើកដំណើរការកាលពីថ្ងៃទី ២៥ មេសាឆ្នាំ ២០២៥ ដែលទទួលបានការចាប់អារម្មណយ៉ាងច្រើនសន្ធឹកសន្ធាប់ និងការពេញចិត្តពីសំណាក់អ្នកលេងអ៊ីនធើណេតជាច្រើន។
ម្ចាស់ហាងនេះគឺលោក Ragu Raman Dan Dapani គឺជាឪពុកម្នាក់ដែលមានកូនប្រុសកើតជំងឺដោនស៊ីនដ្រូមនេះពីកំណើតមក ដូច្នេះលោកក៏ចាប់ផ្ដើមមានគំនិតបង្កើតហាងកាហ្វេមួយនេះឡើងមកដើម្បីផ្ដល់ឳកាសការងារដល់អ្នកដែលមានជំងឺនេះដូចកូនប្រុសរបស់គាត់។ លោក Ragu បាននិយាយថា ៖ គម្រោងនេះផ្ដល់ឳកាសការងារដ៏មានន័យ និងជំរុញឲ្យសង្គមមានទំនាក់ទំនងបានយ៉ាងជិតស្និតជាមួយមនុស្សដោនស៊ីនដ្រូម។
បើយោងតាមវីដេអូដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានបង្ហាញថា ៖ បុគ្គលិកផ្នែកបម្រើសេវាកម្មទូទៅនៅក្នុងហាងនេះភាគច្រើនគឺជាមនុស្សដែលមានជំងឺដោនស៊ីនដ្រូម។ ពួកគេបានហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់មុនពេលហាងកាហ្វេចាប់បើកដំណើរការ។ អ្នកគ្រប់គ្រងហាងបានបង្រៀនការងារផ្នែកសេវាកម្មទូទៅដល់ពួកគេដូចជា ឆុងកាហ្វេ ឬភេសជ្ជៈ និងទទួលរាក់ទាក់អតិថិជនបានយ៉ាងល្អ។
ភ្ញៀវជាច្រើនដែលបានចូលមកក្នុងហាងនេះបាននិយាយថា ៖ នៅពេលដើរចូលក្នុងហាងពួកគេត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់បុគ្គលិកទាំងអស់នោះ ដោយម្នាក់ៗមានភាពស្នាមញញឹមរួសរាយរាក់ទាក់ ព្រមទាំងផ្ដល់សេវាកម្មយ៉ាងល្អមកកាន់ពួកគេ។ ក្រៅពីនោះ ក៏មានអ្នកខ្លះទៀតបាននិយាយថា ៖ វាបានផ្លាស់ប្ដូរការគិតរបស់ពួកគេដែលធ្លាប់យល់ថា “អ្នកជំងឺដោនស៊ីនដ្រូម” គឺពិបាកក្នុងការមានទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ប៉ុន្តែផ្ទុយទៅវិញ ពួកគេជាមនុស្សគ្មានល្បិចកល មានបេះដូងបរិសុទ្ធ ទន់ភ្លន់ និងគួរឲ្យស្រលាញ់ណាស់។
គួរជម្រាបផងដែរថា “ជំងឺដោនស៊ីនដ្រូម” (Down Syndrome) គឺជាជំងឺដែលកើតចេញពីហ្ស៊ែន។ ជាធម្មតាមនុស្សដែលមានជំងឺនេះ តែងជួបបញ្ហាក្នុងការលូតលាស់ផ្នែករាងកាយ ធ្វើឲ្យរូបរាង និងទម្រង់មុខរបស់ពួកគេខុសពីមនុស្សទូទៅ និងប៉ះពាល់ដល់ការរីកចម្រើនផ្នែកបញ្ញាស្មារតីមានភាពមិន្រក្រតី ដែលនាំឲ្យពួកគេមានកម្រិតIQ ទាបជាងមនុស្សធម្មតា។
ដោយឡែក ការបើកហាងកាហ្វេនិងអនុញ្ញាតឲ្យមនុស្សដែលមានតម្រូវការពិសេសដូចជាអ្នកជំងឺដោនស៊ីនដ្រុមចូលបំពេញការងារដូចនេះ គឺជាការលើកទឹកចិត្តយ៉ាងខ្លាំងក្លាដល់ពួកគេ។ លើសពីនេះ វាបានក្លាយជាកន្លែងដ៏សំខាន់មួយក្នុងការបង្រួបបង្រួមមនុស្សឲ្យស្វែងយល់ពីគ្នា ព្រមទាំងបញ្ចប់ទស្សនៈអវិជ្ជមានរបស់សង្គមចំពោះជនដែលមានពិការភាពទាំងឡាយ៕










