ប្រទេសថៃ ៖ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា ខ្យល់ព្យុះបានបោកបក់យ៉ាងខ្លាំងមកលើវត្តណងឃុម (ឬវត្តឆាមីពុទ្ធោវាទ) ស្ថិតនៅភូមិ១៥ ឃុំនុនទ្រី ស្រុកកាប៊ីនបុរី ខេត្តប្រាជីនបុរី បណ្តាលឱ្យព្រះកេសរបស់ព្រះពុទ្ធបដិមាដ៏ធំដែលនៅផុតពីដំបូលព្រះវិហារ បាក់ធ្លាក់ចុះមកក្រោម ហើយសសរ និងដំបូលព្រះវិហារក៏បាក់រលំដែរ ។ ហេតុការណ៍នេះធ្វើឱ្យអ្នកស្រុកមកចោមរោមមើល និងបារម្ភថា វាអាចជាប្រផ្នូលអាក្រក់សម្រាប់ប្រទេសថៃ ខណៈវត្តនេះត្រូវបានពលរដ្ឋចាត់ទុកថាស័ក្តិសិទ្ធិ ។.jpg)
ព្រះចៅអធិការវត្តណងឃុម បានជូនដំណឹងទៅមន្ត្រីពាក់ព័ន្ធមកជួយអន្តរាគមន៍ ព្រមទាំងអំពាវនាវឱ្យពលរដ្ឋដែលមានចិត្តសទ្ធាជ្រះថ្លាជួយជាថវិកាជួសជុលព្រះពុទ្ធបដិមាឡើងវិញ ដើម្បីឱ្យពលរដ្ឋមកក្រាបសំពះបន្តទៀត ពីព្រោះកន្លងមក មានពលរដ្ឋជាច្រើននាក់បានមកសុំពរផ្សេងៗនៅទីនេះ ។
បើតាមព្រះចៅអធិការវត្តណងឃុម ព្រះនាម ព្រះប៊ុនស៊ុម បញ្ញាផូ មានសង្ឃដីកាថា ព្រះពុទ្ធបដិមានេះធ្វើឡើងដោយព្រះចៅអធិការវត្តចាស់ ប៉ុន្តែព្រះអង្គបានសុគតយូរឆ្នាំហើយ ។ ព្រះចៅអធិការវត្តចាស់ធ្វើព្រះពុទ្ធបដិមានេះឡើង ដើម្បីឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ខេត្តប្រាជីនបុរី ចូលមកក្រាបសំពះសុំពរ ។ កន្លងមក ពលរដ្ឋដែលមកសំពះសុំពរនៅទីនេះបានសម្រេចក្តីប្រាថ្នារៀងៗខ្លួន ហើយមានពលរដ្ឋជាច្រើននាក់ធ្វើបុណ្យកឋិនចូលវត្ត ។
.jpg)
ព្រះចៅអធិការវត្តណងឃុម មានសង្ឃដីកាបន្តថា នៅថ្ងៃកើតហេតុ គឺមានខ្យល់ព្យុះបក់មកពីទិសខាងកើតវត្ត បណ្តាលឱ្យព្រះកេសព្រះពុទ្ធបដិមាបាក់ធ្លាក់ដល់ដី ហើយព្រះអង្គចាត់ទុកថា សំណាងល្អហើយ ដែលវាពុំបង្កផលប៉ះពាល់ច្រើនជាងនេះ ។ កាលពីឆ្នាំ២០២១ ព្រះចៅអធិការវត្តចាស់បានធ្វើព្រះពុទ្ធបដិមាដ៏ធំនេះមានកម្ពស់១១ម៉ែត្រ សម្រាប់ឱ្យពលរដ្ឋមកក្រាបសំពះសុំពរ ពីព្រោះវត្តនេះស័ក្តិសិទ្ធិ ។
.jpg)
វត្តណងឃុម ក៏ជាតំបន់ទេសចរណ៍ក្នុងស្រុកកាប៊ីនបុរី ផងដែរ ពីព្រោះនៅជុំវិញព្រះពុទ្ធបដិមាដ៏ធំមានស្ពានអាកាស ព្រមទាំងមានកន្លែងស្អាតៗឱ្យភ្ញៀវទេសចរថតរូប ។ ប៉ុន្តែព្រះកេសព្រះពុទ្ធបដិមាបាក់ធ្លាក់ដោយសារខ្យល់ព្យុះ ទើបព្រះចៅអធិការចង់ឱ្យអ្នកមានសទ្ធាជ្រះថ្លាទាំងឡាយរួមគ្នាចូលជាបច្ច័យធ្វើបុណ្យជួសជុលព្រះពុទ្ធបដិមាឡើងវិញ ។
.jpg)
លោក ប្រាសឺត វ៉េវណាំ រស់នៅឃុំនុនទ្រី និយាយថា កាលពីពេលចូលឆ្នាំ អ្នកស្រុកជាច្រើនបានមកសំពះព្រះពុទ្ធបដិមាជាបន្តបន្ទាប់ ហើយអ្នកខ្លះទទួលបានលាភសំណាង និងត្រឡប់មកធ្វើបុណ្យនៅវត្តម្តងទៀត ហើយវាក៏ជាបុណ្យកុសលសម្រាប់វត្តផងដែរ ។ រីឯការធ្វើព្រះពុទ្ធបដិមាដ៏ធំ គឺក្រោយពីព្រះចៅអធិការវត្តចាស់បានទៅរៀនសូត្រនៅវត្តហ្លួងផរសូថន ក្នុងខេត្តឆាក់ឈើងសៅ ពេលត្រឡប់មកវិញ ព្រះអង្គក៏សុំខ្ចីប្រាក់ពីមូលនិធិភូមិមកធ្វើព្រះពុទ្ធបដិមា ។.jpg)
រហូតមកដល់បច្ចុប្បន្ន វត្តពុំទាន់សំណងបំណុលមូលនិធិភូមិអស់ទេ ពីព្រោះព្រះចៅអធិការវត្តចាស់បានសុគតមុន ។ ពលរដ្ឋមានអារម្មណ៍សោកស្តាយជាពន់ពេកចំពោះការដាច់ព្រះកេសព្រះពុទ្ធបដិមា រីឯដើមឈើនៅក្បែរនោះពុំរងផលប៉ះពាល់ទេ គឺមានតែសសរ ដំបូលព្រះវិហារ និងព្រះពុទ្ធបដិមាប៉ុណ្ណោះដែលខូចខាត ។
តាមការសាកសួរអ្នកស្រុកឱ្យដឹងថា ហេតុការណ៍នេះធ្វើឱ្យពួកគេសោកស្តាយយ៉ាងខ្លាំង ពីព្រោះកន្លងមក មានអ្នកធ្វើដំណើរឆ្លងកាត់ទីនេះចូលមកក្រាបសំពះសុំពរ ហើយសម្រេចក្តីប្រាថ្នាស្ទើរគ្រប់គ្នា ។ វត្តបានរៀបចំពិធីបុណ្យឱ្យពលរដ្ឋយកសន្លឹកមាសមកបិទនៅលើព្រះពុទ្ធបដិមាជារៀងរាល់ឆ្នាំ ប៉ុន្តែពលរដ្ឋបារម្ភពីប្រផ្នូលអាក្រក់កើតឡើងក្រោយហេតុការណ៍នេះ ៕










