រាជធានីភ្នំពេញ ៖ ឆាប់ៗនេះ! បញ្ហាពន្ធគយខ្ពស់ដែលអាមេរិកបានកំណត់មកលើកម្ពុជា កាន់តែមានពន្លឺក្នុងការដោះស្រាយហើយ ដោយកម្ពុជានឹងធ្វើដំណើរទៅចរចាដោយផ្ទាល់ជាមួយក្រសួងពាណិជ្ជកម្មអាមេរិក នៅថ្ងៃទី ១៤-១៥ ខែឧសភា ខាងមុខនេះក្នុងទីក្រុងវ៉ាស៊ីនតោន។
.jpg)
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៥ បានលើកឡើងថាអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាមានកិត្តិយស សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា នាព្រឹកថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង ជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និង វិនិយោគទ្វេភាគីកម្ពុជា – សហរដ្ឋអាម៉េរិក ជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ដឹកនាំដោយលោកជំទាវ Sarah Ellerman អនុប្រធានតំណាង ពាណិជ្ជកម្មសហរដ្ឋអាម៉េរិកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និង ប៉ាស៊ីហ្វិក ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានខាងលើបានគូសបញ្ជាក់ថា ៖ “ កិច្ចប្រជុំពិភាក្សានេះ ផ្តោតសំខាន់លើវឌ្ឍនភាពការងារ និង ការត្រៀមសម្រាប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម បដិការរវាងកម្ពុជា និង សហរដ្ឋអាម៉េរិកដែលនឹងប្រព្រឹត្តទៅដោយផ្ទាល់ នៅថ្ងៃទី ១៤-១៥ ខែឧសភា ឆ្នាំ ២០២៥ នារដ្ឋធានី វ៉ាស៊ីនតោន ” ។
លើសពីនេះប្រភពបានអះអាងថា រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត ជានាយករដ្ឋមន្ត្រីនឹងបន្តធ្វើកិច្ចការងារនេះដោយយកចិត្តទុកដាក់បំផុត ៕










