ប្រទេសចិន ៖ នេះជាចម្ងល់មួយដែលពលរដ្ឋប្រទេសនានាឆ្ងល់ខ្លាំងបំផុត ហេតុអ្វីពលរដ្ឋចិនពុំជួយសង្គ្រោះអ្នកដទៃពេលកើតគ្រោះថ្នា.ក់នៅតាមផ្លូវ? វីដេអូជាច្រើនបង្ហាញថា ពេលអ្នកណាម្នាក់កើតគ្រោះថ្នា.ក់ចរាចរណ៍ ឬមនុស្សចាស់ងងឹតមុខដួលតាមផ្លូវនៅប្រទេសចិន គឺគ្មានអ្នកណាជួយសង្គ្រោះទេ និងបណ្តោយឱ្យជនរងគ្រោះស្ថិតក្នុងសភាពគ្រោះថ្នា.ក់ ។ ហេតុអ្វីពលរដ្ឋចិនមានអាកប្បកិរិយាបែបនេះ តើពួកគេពុំជួយចង់ ឬពុំហ៊ានជួយ?

មូលហេតុដែលពលរដ្ឋចិនពុំជួយសង្គ្រោះអ្នកដទៃពេលកើតគ្រោះថ្នាក់នៅតាមផ្លូវ ដោយសារពួកគេខ្លាចជួបរឿងរ៉ាវដូចករណីមួយកើតឡើងកាលពីឆ្នាំ២០០៦ ដែលបុរសម្នាក់បានជួយសង្គ្រោះជីវិតស្ត្រីចំណាស់ងងឹតមុខតាមផ្លូវ ដោយនាំមកព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែចុងក្រោយ បុរសរូបនេះបែរជាជួបរឿងក្តៅក្រហាយ ដោយសារស្ត្រីចំណាស់ប្តឹងអ្នកជួយទៅវិញ ។
ហេតុការណ៍កាលពីឆ្នាំ២០០៦ បានល្បីល្បាញយ៉ាងខ្លាំងនៅប្រទេសចិន គឺស្ត្រីចំណាស់ម្នាក់ឈ្មោះ ណានស៊ូ ឆូឡាន រស់នៅទីក្រុងណានជីង បានងងឹតមុខដួលរហូតដល់បាក់ឆ្អឹងជើង ក្រោយចុះពីរថយន្តក្រុង ។ ពេលនោះ លោក ភឺង យូ ដែលដើរក្បែរនោះបានជួយនាំស្ត្រីចំណាស់ទៅមន្ទីរពេទ្យ និងជួយចេញថ្លៃព្យាបាល ចំនួន២០០យាន់ ។ ក្រោយពីគ្រូពេទ្យពិនិត្យជើងអ្នកជំងឺ គឺគ្រូពេទ្យចាំបាច់ត្រូវវះកាត់ផ្លាស់ប្តូរឆ្អឹងជើង ហើយស្ត្រីចំណាស់បដិសេធពុំចេញថ្លៃព្យាបាលខ្លួនឯង និងស្នើឱ្យលោក ភឺង ជួយចេញថ្លៃព្យាបាល ។
ស្ត្រីចំណាស់និយាយថា លោក ភឺង ត្រូវតែទទួលខុសត្រូវចំពោះគ្រោះថ្នាក់ដែលកើតឡើង ថែមទាំងដាក់ពាក្យប្តឹងលោក ភឺង យូ ទៅតុលាការទៀតផង ។ ៦ខែក្រោយមក តុលាការក៏បានកាត់ក្តីឱ្យស្ត្រីចំណាស់ឈ្នះ ដែលតម្រូវឱ្យលោក ភឺង ចេញថ្លៃព្យាបាលទាំងអស់នៅមន្ទីរពេទ្យ ។ អ្វីធ្វើឱ្យមហាជនអស់សំណើចនោះ គឺតុលាការនិយាយថា គ្មានអ្នកណាម្នាក់រីករាយជួយអ្នកដទៃទេ ប៉ុន្តែការជួយអ្នកដទៃ ដោយសារយល់ថា ខ្លួនឯងប្រព្រឹត្តខុស ។
ហេតុការណ៍បែបនេះពុំមែនទើបតែកើតឡើងលើកដំបូងទេ កន្លងមក ក៏មានហេតុការណ៍បែបនេះដែរ ដែលមនុស្សមួយចំនួនបានជួយសង្គ្រោះអ្នកដទៃពេលកើតគ្រោះថ្នាក់តាមផ្លូវ ប៉ុន្តែបែរជានាំទុក្ខដាក់ខ្លួន ។ អ្នកមានគ្រោះថ្នាក់ចរាចរណ៍តែងតែវាយតម្លៃថា បើមានអ្នកណាម្នាក់មកជួយ បង្ហាញថា អ្នកនោះទទួលកំហុសចំពោះហេតុការណ៍កើតឡើង និងពាក់ព័ន្ធជាមួយហេតុការណ៍ ។ ការវាយតម្លៃបែបនេះធ្វើឱ្យពលរដ្ឋចិនឈប់ជួយអ្នកគ្រោះថ្នាក់តាមផ្លូវ ដោយសារខ្លាចត្រូវគេប្តឹងឡើងតុលាការ ។
ក្រោយមក ក៏មានហេតុការណ៍ដូចគ្នានេះកើតឡើងជាបន្តបន្ទាប់ ដែលភាគច្រើនមនុស្សចាស់មានគ្រោះថ្នាក់តាមផ្លូវ ហើយអ្នកណាមកជួយ គឺប្តឹងអ្នកនោះទៅតុលាការដើម្បីឱ្យជួយចេញថ្លៃព្យាបាល ។ មនុស្សចាស់ទាំងនេះចោទប្រកាន់ថា បើអ្នកពុំបានប្រព្រឹត្តកំហុស ហេតុអ្វីអ្នកជួយខ្ញុំ?
ចាប់ពីពេលនោះមក ពលរដ្ឋចិនពុំជួយសង្គ្រោះអ្នកមានគ្រោះថ្នាក់តាមផ្លូវទេ មិនថាមនុស្សចាស់ ឬកុមារ ដោយសារពុំចង់មានរឿងរ៉ាវឡើងដល់តុលាការ ។ មានហេតុការណ៍មួយដែលពលរដ្ឋចិនពុំជួយអ្នកគ្រោះថ្នាក់តាមផ្លូវ គឺក្មេងស្រីម្នាក់ឈ្មោះ វ៉ាង យ៉េ អាយុ២ឆ្នាំ បានដើរលេងម្នាក់ឯងតាមផ្លូវចង្អៀតមួយ ហើយត្រូវរថយន្ត២គ្រឿងបើកមកបុកនាង និងបើករត់ ។ មនុស្ស១៨នាក់ បានដើរទៅមកនៅបរិវេណនេះ ប៉ុន្តែគ្មានអ្នកណាម្នាក់ងាកមើលនាងឡើយ ដោយសារពួកគេខ្លាចនាំទុក្ខដាក់ខ្លួន ឬត្រូវចោទប្រកាន់ ។
រដ្ឋាភិបាលចិនបានព្យាយាមផ្លាស់ប្តូរគំនិតរបស់ពលរដ្ឋពាក់ព័ន្ធនឹងការជួយជីវិតមនុស្សនៅតាមផ្លូវ ប៉ុន្តែបច្ចុប្បន្ន គំនិតនេះបានចាក់ឫសយ៉ាងជ្រៅក្នុងគំនិតពលរដ្ឋចិនថា ៖ «កុំជួយអ្នកណាឱ្យសោះ ហេតុអ្វីយើងត្រូវនាំទុក្ខដាក់ខ្លួន ដោយសារជួយមនុស្សពុំស្គាល់» ៕










