ប្រទេសជប៉ុន ៖ ទោះជាមានការរឹតបន្តឹងខាងសាសនាក៏ដោយ ប៉ុន្តែតម្រូវការកប់សាកសពម្ចាស់ជាមួយសត្វចិញ្ចឹមជាទីស្រឡាញ់នៅប្រទេសជប៉ុន បានកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ក្រុមហ៊ុននានានៅទីក្រុងតូក្យូ បានចាប់ផ្តើមប្រកបអាជីវកម្មកប់សាកសពម្ចាស់ជាមួយសត្វចិញ្ចឹមតាំងពីឆ្នាំ២០០៣ ដើម្បីបំពេញបំណងចុងក្រោយរបស់អ្នកស្រឡាញ់សត្វ ដែលចង់នៅក្បែរសត្វរបស់ពួកគេជារៀងរហូត ទោះជាបាត់បង់ជីវិតក្តី ។
ក្រុមហ៊ុន Memorial Art Ohnoya Inc បានផ្តល់សេវាកម្មកប់សាកសពម្ចាស់ជាមួយសត្វចិញ្ចឹមនៅទីបញ្ចុះសព ចំនួន៧កន្លែង នៅប្រទេសជប៉ុន ។ ក្រុមហ៊ុននេះទទួលបានការអនុញ្ញាតឱ្យកប់សាកសពមនុស្សក្នុងផ្នូរតែមួយជាមួយសត្វចិញ្ចឹម មិនថាសត្វចិញ្ចឹមនោះងាប់មុន ឬក្រោយម្ចាស់ក៏ដោយ ហើយក្រុមហ៊ុនត្រូវបានគេជួលឱ្យរៀបចំពិធីបុណ្យសព និងកប់សាកសពមនុស្សជាមួយសត្វចិញ្ចឹម រហូតដល់ជាង១,៥០០លើក ។

លោក យាសឹណារិ ហាខូសាគិ រស់នៅតំបន់ Ohnoya បានស្វែងរកទីបញ្ចុះសពសម្រាប់ក្រុមគ្រួសាររបស់ខ្លួន និយាយថា លោកបានជួលសេវាកម្មក្រុមហ៊ុនភ្លាមៗ ដោយសារក្រុមគ្រួសារលោកពុំអាចនៅឆ្ងាយពីសត្វឆ្កែជាទីស្រឡាញ់បានទេ បើទោះជាបាត់បង់ជីវិត ក៏ពួកគេចង់នៅក្បែរសត្វចិញ្ចឹមដែរ ។ ទីបញ្ចុះសពខ្លះមានអាងទឹកសម្រាប់ឱ្យសត្វចិញ្ចឹមលាងជើង មុនពេលទៅលេងផ្នូរម្ចាស់ ។.png)
ចំណែកក្រុមហ៊ុន Ishi no Miyabi បានផ្តល់អាជីវកម្មធ្វើស្លាកសញ្ញានៅមុខផ្នូរ ព្រមទាំងការកប់សាកសពម្ចាស់ជាមួយសត្វចិញ្ចឹម នៅទីបញ្ចុះសពក្នុងទីក្រុងកូបេ និងទីក្រុងអាខាឈិ ខេត្តហៀវងុ ។ ក្រុមហ៊ុនទុកឱ្យម្ចាស់ជាអ្នកជ្រើសរើសម៉ូដស្លាកសញ្ញាមុខផ្នូរសម្រាប់កប់សាកសពម្ចាស់ ជាមួយសត្វចិញ្ចឹម នាថ្ងៃអនាគត ។
ផ្នូរមួយកន្លែងលេចធ្លោជាងគេ ដែលផ្នូរនេះមានរាងជារង្វង់ និងមានរូបសត្វឆ្មា២ក្បាលនៅចំកណ្តាល ។ រូបភាពសត្វចិញ្ចឹមដែលងាប់ទៅ ត្រូវបានយកមកបិទភ្ជាប់ជាមួយផ្ទាំងសេរ៉ាមិចនៅមុខផ្នូរដើម្បីទប់ទល់នឹងអាកាសធាតុខាងក្រៅ និងកុំឱ្យឆាប់ខូចពេលត្រូវកំដៅថ្ងៃ ។
ដូចគ្នានេះ ក្រុមហ៊ុន Ai Pet Ceremony Amagasaki នៅខេត្តហៀវងុ ក៏បានផ្តល់សេវាកម្មកប់ខ្មោចសត្វល្អិត និងសត្វចិញ្ចឹមតូចៗក្នុងផ្នូរដែរ ដោយម្ចាស់អាចកប់សត្វដោយខ្លួនឯង ឬបញ្ជូនខ្មោចសត្វឱ្យក្រុមហ៊ុនចាត់ការឱ្យក៏បាន ។ លើសពីនេះ ទីបញ្ចុះសពតែងតែរៀបចំពិធីរំលឹកខួបការស្លាប់របស់សត្វចិញ្ចឹម ចំនួន១លើកក្នុង១ខែ ។
ការធ្វើពិធីបុណ្យ និងកប់ខ្មោចសត្វចិញ្ចឹមក្នុងផ្នូរ គឺពលរដ្ឋជប៉ុនចង់ឱ្យក្មេងៗឈ្វេងយល់ពីការស្លាប់ មិនថាមនុស្សឬសត្វ ។ ការយកសត្វមកចិញ្ចឹម មានន័យថា យើងត្រូវទទួលខុសត្រូវមើលថែវាពេលនៅរស់ និងស្លាប់ទៅ ហើយអ្នកចិញ្ចឹមសត្វ ត្រូវមានប្រាក់ និងពេលវេលា ពីព្រោះវាក៏ជាសមាជិកគ្រួសារដែរ ៕










