ប្រាសាទបុរាណមួយដែលមានអាយុកាលជាងមួយពាន់ឆ្នាំ មានទាំងសម្រស់ដ៏ស្រស់ត្រកាល ក្បាច់រចនាចម្លាក់ល្អឯក និងនៅរក្សាទម្រង់ដើមបានល្អស្ទើទាំងស្រុង ប៉ុន្តែបែរជាសង្ងំខ្លួនយ៉ាងស្ងៀមស្ងាត់ក្បែរប្រាសាទអង្គរវត្ត ត្បិតមិនសូវមានអ្នកស្គាល់ និងទៅលេងច្រើន ដូចប្រាសាទដទៃទៀតនៅខេត្តសៀមរាប។
បើយើងធ្វើដំណើរ ចេញពីទីប្រជុំជន ទេសចរណ៍ក្រុងសៀមរាប រួចបន្តដំណើរមក សម្រស់ដ៏ស្រស់ត្រកាល រកអ្វីប្រៀបផ្ទឹមគ្មាន របស់ប្រាសាទក្រវ៉ាន់ កំពុងឈរបង្អួតរាងឡើង ដែលមានវ័យចំណាស់ជាងគេ ក្នុងចំណោមប្រាង្គប្រាសាទ ដែលកសាងអំពីឥដ្ឋ និងកំបោរបាយអរ។
ទីតាំងរបស់ប្រាសាទក្រវ៉ាន់ ស្ថិតនៅក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ដែលប្រសិនបើយើងធ្វើដំណើរមកប្រាសាទអង្គរតូច ហើយបត់ស្ដាំដៃចំងាយប្រហែល ៣ គីឡូម៉ែត្រ រួចឆ្ពោះទៅកាន់ស្រះស្រង់នោះ យើងនឹងប្រទះឃើញប្រាសាទក្រវ៉ាន់ បានកសាងនៅឆ្នាំ ៩២១នៃគ.ស ក្នុងរាជព្រះបាទហស៌វរ្ម័នទី១ (Harshavarman I) ឆ្នាំ៩១០-៩២៣ដើម្បីឧទ្ទិសដល់ព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា។

ប្រាសាទនេះកសាងអំពីឥដ្ឋសាងសង់នៅលើខឿនមួយជាន់មានតួប៉មឈរតម្រៀបជួរគ្នា តួប៉មកណ្តាលមានទំហំធំជាងគេ និងខ្ពស់ជាងគេ។ តួប៉មទាំងប្រាំបែរមុខទៅទិសខាងកើត ដែលមានទ្វារមួយបើចំហ និងទ្វារបីទៀតជាទ្វារបញ្ឆោត សរស និងផ្តែរធ្វើអំពីថ្មភួក។នៅខាងមុខនៃតួប៉មទាំងប្រាំមានទីលានមួយនិងខឿនមួយប្រហែលជាហោត្រៃ។

តាមរយៈចម្លាក់នានានៅលើប្រាង្គប្រាសាទនេះ វិចិត្រករខ្មែរសម័យនោះចង់បង្ហាញពីជម្រៅឥទ្ធិពលពិសិដ្ឋរបស់ព្រះមហាក្សត្រក្នុងការថែរក្សាលោកយើងនេះឲ្យបានគង់វង្សជានិច្ចនិរន្ត ព្រោះលោកយើងនេះនឹងត្រូវបំផ្លាញឲ្យវិនាសអន្តរាយពីសម័យកាលមួយទៅសម័យកាលមួយ ហើយក៏ត្រូវបង្កើត ជាថ្មីម្ដងទៀត ដោយមហិទ្ធិរិទ្ធិរបស់ព្រះអាទិទេពអង្គនេះឡើងវិញ។
.jpg)
បើសង្កេតតាមរយៈតួប្រាសាទ និងចម្លាក់ដែលបន្សល់ទុកតាមផ្ដែរមួយចំនួន គេអាចសន្និដ្ឋានបានថា ជាសំណង់ដែលមានការឆ្លាក់ តុបតែងពុំទាន់ចប់សព្វគ្រប់នៅឡើយ។ ក្នុងប្រវត្តិសាស្ត្រសិល្បៈ និងស្ថាបត្យកម្ម ចំណោមប្រាសាទ ដែលសាងសង់ពីឥដ្ឋ “ប្រាសាទក្រវ៉ាន់” ជាប្រាសាទមួយ ដែលមានលក្ខណៈពិសេសជាងគេ ព្រោះជាសំណង់ដែលសង់លើខឿនរាបស្មើ ហើយលម្អដោយតួប៉ម ៥តំរៀបគ្នាតែមួយជួរ(ពីជើងទៅត្បូង) និងមានចម្លាក់ ឆ្លាក់ផ្ទាល់លើជញ្ជាំងឥដ្ឋ។ ហើយចម្លាក់លើជញ្ជាំងឥដ្ឋទាំងនេះ មិនមានប្រើបាយអបន្ថែមពីលើ ដើម្បីបូកតែងលម្អដូចប្រាសាទមួយចំនួនផ្សេងទៀតឡើយ។

គួរបញ្ជាក់ថា នៅតួប៉មប្រាសាទក្រវ៉ាន់មានចម្លាក់ជាច្រើន ដែលរៀបរាប់អំពីរឿងទេវកថា របស់អាទិទេពព្រះវិស្ណុ និងក្រុងពាលី។ មិនត្រឹមតែប៉ុណ្ណោះ ប្រាសាទក្រវ៉ាន់បានបន្សល់ទុកនូវចម្លាក់អំពីអាពាហ៍ពិពាហ៍របស់ព្រះវិស្ណុ និងព្រះនាងលក្ម្សីផងដែរ ។ បន្ថែមពីនេះ នៅតួប៉មខាងជើងបង្អស់នៃប្រាសាទនេះវិញ ក៏មានចម្លាក់បង្ហាញពីរូបទេពីជាច្រើនអង្គ ដែលភាគច្រើននៅមានលក្ខណៈច្បាស់ល្អ។ និងក្រៅពីនេះ ក៏មានចម្លាក់ជាច្រើនទៀតដែលរៀបរាប់ពីទេវកថាផ្សេងៗគ្នាផងដែរ។
បើទោះជាស្ថិតនៅត្រឹមប្រហែល៣គីឡូម៉ែត្រពីប្រាសាទអង្គរវត្តក្ដី ប៉ុន្តែជារឿយៗមិនថាក្រុមទស្សនាប្រាសាទបុរាណវង់តូវ ឬវង់ធំឡើយ តែងតែរំលង និងពុំសូវចាប់អារម្មណ៍មកទស្សនាប្រាសាទក្រវ៉ាន់នេះ បានកុះករដូចប្រាសាទដទៃឡើយ ទោះជាវារក្សាទម្រង់ដើមនៅល្អស្ទើតែទាំងស្រង់ និងមានលក្ខណៈពិសេសៗក៏ដោយ៕










