សហរដ្ឋអាមេរិក ៖ សេដ្ឋកិច្ចអាមេរិកបានធ្លាក់ចុះ ០.៣% នៅត្រីមាសទី១ ឆ្នាំ២០២៥ និងធ្លាក់ចុះខ្លាំងជាងការរំពឹងទុករបស់អ្នកវិភាគ ប៉ុន្តែប្រធានាធិបតីអាមេរិក លោក Donald Trump បែរជាបន្ទោសលោក Joe Biden ធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ ហើយលោកថា វាពុំពាក់ព័ន្ធនឹងការដំឡើងពន្ធទំនិញឡើយ ។ នេះបើតាមការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលអាមេរិក កាលពីចុងខែមេសា ឆ្នាំ២០២៥ ។

កាលពីថ្ងៃទី៣០ ខែមេសា កន្លងមក ក្រសួងពាណិជ្ជកម្មអាមេរិកបញ្ជាក់ថា សេដ្ឋកិច្ចអាមេរិកបានធ្លាក់ចុះ ០.៣% នៅត្រីមាសទី១ ឆ្នាំ២០២៥ ខណៈនៅត្រីមាសទី៤ ឆ្នាំ២០២៤ សេដ្ឋកិច្ចអាមេរិកបានកើនឡើង ២.៤% ។ វាធ្លាក់ចុះខ្លាំងជាងការព្យាកររបស់អ្នកវិភាគដែលថា សេដ្ឋកិច្ចអាមេរិកកើនឡើងត្រឹមតែ ០.៨% នៅត្រីមាសទី១ ។ នេះជាតួលេខបង្ហាញពីសេដ្ឋកិច្ចអាមេរិកធ្លាក់ចុះខ្លាំងបំផុត បើគិតចាប់ពីត្រីមាសទី១ ឆ្នាំ២០២២ ។

រយៈពេលជាច្រើនខែកន្លងមក វិធានការដំឡើងពន្ធទំនិញរបស់លោក Trump បានបង្កើនភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិកជាមួយចិន និងធ្វើឱ្យពលរដ្ឋអាមេរិកពុំសប្បាយចិត្ត ។ សេដ្ឋវិទួជាច្រើនដាស់តឿនថា ការព្យាយាមផ្លាស់ប្តូរពាណិជ្ជកម្មពិភពលោកជាថ្មីរបស់លោក Trump នឹងធ្វើឱ្យអតិផរណាអាមេរិកកើនឡើង និងសេដ្ឋកិច្ចធ្លាក់ចុះ ។

ប៉ុន្តែលោក Trump អះអាងថា សេដ្ឋកិច្ចអាមេរិកធ្លាក់ចុះ ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៥ គឺពុំមែនបណ្តាលមកពីលោកដំឡើងពន្ធទំនិញប្រទេសនានាទេ ហើយលោកបន្ទោសអតីតប្រធានាធិបតីអាមេរិក លោក Joe Biden ធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ ។.png)
លោក Trump បានសរសេរក្នុងបណ្តាញសង្គម Truth Social កាលពីថ្ងៃទី៣០ ខែមេសា ថា ៖ «ប្រទេសយើងនឹងរីកចម្រើន ប៉ុន្តែត្រវកម្ចាត់អ្វីនៅសេសសល់ពីលោក Biden ។ បញ្ហានេះត្រូវចំណាយពេលមួយរយៈ វាពុំពាក់ព័ន្ធនឹងការដំឡើងពន្ធទំនិញទេ ប៉ុន្តែលោក Biden ធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ ។ សេដ្ឋកិច្ចអាមេរិកនឹងរីកចម្រើន សូមពលរដ្ឋអត់ធ្មត់» ។
បើតាមអ្នកវិភាគ គឺសេដ្ឋកិច្ចអាមេរិកធ្លាក់ចុះនៅត្រីមាសទី១ ឆ្នាំ២០២៥ បណ្តាលមកពីឱនភាពពាណិជ្ជកម្ម ដោយសារពលរដ្ឋអាមេរិកកុម្ម៉ង់ទិញទំនិញជាមុនយ៉ាងច្រើន មុនពេលលោក Trump ដំឡើងពន្ធទំនិញនាំចូលពីក្រៅប្រទេស ។ ហេតុនេះ ធ្វើឱ្យការនាំចូលទំនិញមកអាមេរិកច្រើនជាងការនាំចេញទំនិញ ហើយប៉ះពាល់ផលិតផលក្នុងស្រុកសរុប (GDP) ។.png)
ប៉ុន្តែមន្ត្រីរដ្ឋាភិបាលអាមេរិកចាត់ទុកថា សេដ្ឋកិច្ចអាមេរិកធ្លាក់ចុះ នឹងគ្មានផលប៉ះពាល់ខ្លាំងពេកទេ ។ លោក Peter Navarro ប្រធានទីប្រឹក្សាពាណិជ្ជកម្មរបស់លោក Trump និយាយថា ៖ «នេះជាការធ្លាក់សេដ្ឋកិច្ចក្នុងអត្រាទាបបំផុត តាមដែលខ្ញុំធ្លាប់ឃើញក្នុងជីវិត ។ យើងចាំបាច់ត្រូវមើលទីផ្សារឱ្យស៊ីជម្រៅ គឺការវិនិយោគនៅអាមេរិកកើនឡើងនៅត្រីមាសទី១ ឆ្នាំ២០២៥» ។
យោងតាមក្រសួងពាណិជ្ជកម្មអាមេរិក គឺសេដ្ឋកិច្ចអាមេរិកធ្លាក់ចុះដោយសារក្រុមហ៊ុនអាមេរិកបង្កើនការលក់ទំនិញ មុនពេលអាមេរិកអនុវត្តវិធានការដំឡើងពន្ធទំនិញតាមគោលនយោបាយរបស់លោក Trump ៕










