សហរដ្ឋអាមេរិក ៖ លោក Elon Musk មហាសេដ្ឋីលំដាប់ពិភពលោក និងជាម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យានាំមុខ ដូចជា ៖ ក្រុមហ៊ុន Tesla, SpaceX, Neuralink និងបណ្តាញសង្គម X រំពឹងថា នាថ្ងៃអនាគតដ៏ខ្លី មនុស្សយន្តនឹងធ្វើការជំនួសគ្រូពេទ្យវះកាត់ ហើយមនុស្សយន្តនឹងមានសមត្ថភាពខ្ពស់វះកាត់អ្នកជំងឺបានល្អ និងឆាប់រហ័សជាងគ្រូពេទ្យ ។

កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ លោក Elon Musk បានសរសេរក្នុងបណ្តាញសង្គម X ថា រយៈពេល៥ឆ្នាំទៀត មនុស្សយន្តនឹងមានសមត្ថភាពវះកាត់អ្នកជំងឺលើសគ្រូពេទ្យជំនាញវះកាត់ ហើយលោកបាននិយាយពីក្រុមហ៊ុន Neuralink ដែលត្រូវពឹងផ្អែកមនុស្សយន្តបញ្ចូលអេឡិចត្រូតដើម្បីភ្ជាប់ខួរក្បាលជាមួយកុំព្យូទ័រ ថា មនុស្សយន្តនឹងធ្វើការឆាប់រហ័ស និងច្បាស់លាស់ ខណៈមនុស្សពុំអាចធ្វើបាន ។

ការលើកឡើងរបស់លោក Elon Musk គឺជាការឆ្លើយតបនឹងការបង្ហោះរបស់ Influencer ដ៏ល្បីម្នាក់ឈ្មោះ Mario Nawfal ក្នុងបណ្តាញសង្គម X ដែលនិយាយពីការរីកចម្រើនរបស់មនុស្សយន្តធ្វើការផ្នែកវេជ្ជសាស្ត្រ ដូចជា ៖ មនុស្សយន្ត Hugo របស់ក្រុមហ៊ុន Medronic ។ Influencer រូបនេះនិយាយថា មនុស្សយន្ត Hugo បានសាកល្បងវះកាត់ជាក់ស្តែង រហូតដល់១៣៧លើក មិនថាការវះកាត់ក្រពេញប្រូស្តាត និងតម្រងនោម ហើយលទ្ធផលការវះកាត់របស់មនុស្សយន្ត គឺល្អជាងការរំពឹងទុករបស់គ្រូពេទ្យ ។ .png)
Influencer ដដែលបន្តថា មនុស្សយន្តអាចវះកាត់អ្នកជំងឺយ៉ាងឆាប់រហ័ស ស្មើ៩៨.៥% ដែលខ្ពស់ជាងការរំពឹងទុករបស់គ្រូពេទ្យត្រឹមតែ៨៥% ។ ការវះកាត់របស់មនុស្សយន្ត ចំនួន១៣៧លើក គឺមានតែ២លើកប៉ុណ្ណោះ ដែលមនុស្សយន្តត្រូវសុំជំនួយពីគ្រូពេទ្យជំនាញវះកាត់ ដោយសារមានបញ្ហាបច្ចេកទេស ។
កន្លងមក លោក Elon Musk ធ្លាប់និយាយពីបច្ចេកវិទ្យា Interface តភ្ជាប់រវាងខួរក្បាល និងកុំព្យូទ័រ (Brain-Computer Interface – BCI) ដែលក្រុមហ៊ុន Neuralink កំពុងអភិវឌ្ឍន៍បច្ចេកវិទ្យានេះ ដោយលោកបញ្ជាក់ថា បច្ចេកវិទ្យា Interface នឹងអាចជំនួសបច្ចេកវិទ្យាក្នុងទូរស័ព្ទដៃ នាថ្ងៃអនាគត ។.png)
ក្រុមហ៊ុន Neuralink បានទទួលជោគជ័យលើការបង្កប់បន្ទះឈីបទំហំតូចក្នុងខួរក្បាលអ្នកជំងឺ៣នាក់ គឺក្រោយពីវះកាត់រួច អ្នកជំងឺទាំងនេះអាចគ្រប់គ្រង Cursor នៅលើកុំព្យូទ័រ និងអាចលេងវីដេអូហ្គេម ។ អ្នកជំងឺម្នាក់ដែលពុំអាចនិយាយបាន អាចប្រើប្រាស់បន្ទះឈីបក្នុងខួរក្បាលដើម្បីទំនាក់ទំនងតាមរយៈសំឡេងបង្កើតដោយបច្ចេកវិទ្យា AI ។
លោក Elon Musk បានប្រកាសពីគម្រោងសាកល្បងរបស់ក្រុមហ៊ុន Neuralink ដោយកំណត់គោលដៅបង្កប់បន្ទះឈីបក្នុងខួរក្បាលអ្នកជំងឺ ចាប់ពី២០នាក់ ទៅ៣០នាក់ នៅឆ្នាំ២០២៥នេះ ៕










