ប្រទេសមីយ៉ាន់ម៉ា ៖ សារព័ត៌មានបរទេសរាយការណ៍ថា សមត្ថកិច្ចមីយ៉ាន់ម៉ាបានចា.ប់ខ្លួនលោក ចន ម៉ូថេ អាយុ២១ឆ្នាំ ជាគ្រូទាយតាម TikTok ដែលមានចំនួនតាមដានរហូតដល់ជាង៣សែននាក់ ក្រោយពីគ្រូទាយរូបនេះបង្ហោះវីដេអូការទាយរបស់ខ្លួនថ្ងៃទី៩ ខែមេសា ថា នឹងមានគ្រោះរញ្ជួយដីធ្ងន់ធ្ងរកើតឡើងជាថ្មីនៅប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី២១ ខែមេសា ដែលធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ាភ័យខ្លាចពុំហ៊ាននៅក្នុងផ្ទះ ។
.jpg)
ក្រោយមីយ៉ាន់ម៉ាកើតគ្រោះរញ្ជួយដីធ្ងន់ធ្ងរកម្រិត៧.៧រិចទ័រ កាលពីថ្ងៃទី២៨ ខែមីនា ធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ាស្លាប់ចំនួន៣,៧០០នាក់, ពលរដ្ឋជាង៦ម៉ឺននាក់បាត់បង់លំនៅឋាន និងបំផ្លាញវត្តអារ៉ាមមានអាយុកាលរាប់រយឆ្នាំ ។ លោក ចន ទាយថា នៅថ្ងៃទី២១ ខែមេសា នឹងមានរញ្ជួយដីធ្ងន់ធ្ងរកើតឡើងនៅមីយ៉ាន់ម៉ា និងមានកម្លាំងរំញ័រទៅទីក្រុងទាំងអស់ មនុស្សម្នាពុំគួរនៅលើអគារខ្ពស់ទេ គួរដាក់របស់សំខាន់តាមខ្លួន និងរត់ចេញពីអគារពេលរញ្ជួយដី ។ វីដេអូរបស់លោកមានចំនួនទស្សនាជាង៣លាន៣សែននាក់ ប៉ុន្តែអ្នកជំនាញពុំអាចប៉ាន់ស្មានពីរញ្ជួយដី ដោយសារមានកត្តាស្មុគស្មាញពាក់ព័ន្ធនឹងគ្រោះមហន្តរាយនេះ ។

ពលរដ្ឋជាច្រើនរស់នៅទីក្រុងយ៉ាំងហ្គន បានជឿជាក់លើការទស្សន៍ទាយរបស់គ្រូទាយតាម TikTok ហើយនៅថ្ងៃទី២១ ខែមេសា ពួកគេពុំហ៊ាននៅក្នុងផ្ទះទេ ដោយនាំគ្នាបោះតង់នៅក្រៅផ្ទះ ក្រោយពីលោក ចន ប្រាប់ថា គឺទាយតាមក្បួនហោរាសាស្ត្រ និងមើលបាតដៃ ។.jpg)
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបញ្ជាក់ថា ៖ «ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយក្នុង TikTok ថា នឹងកើតរញ្ជួយដីធ្ងន់ធ្ងរ យើងនឹងចាប់ខ្លួនបុគ្គលនេះយើងនឹងចាត់វិធានការតាមច្បាប់ពាក់ព័ន្ធនឹងការសរសេរ ផ្សព្វផ្សាយ ឬចែកចាយព័ត៌មានមិនពិត» ។ សមត្ថកិច្ចបានចាប់ខ្លួនគ្រូទាយតាម TikTok ក្នុងលំនៅឋាននៅទីក្រុងសាកាយ កាលពីថ្ងៃទី២២ ខែមេសា ករណីផ្សាយព័ត៌មានមិនពិតដោយចេតនា និងធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ាភ័យខ្លាច ។.jpg)
គណនី TikTok របស់លោក ចន បានបង្ហោះវីដេអូការទស្សន៍ទាយពីហេតុការណ៍ផ្សេងៗ រួមទាំងគ្រោះមហន្តរាយធម្មជាតិ និងវីដេអូការដោះលែងលោកស្រី អង់សានស៊ូជី អតីតមេដឹកនាំរដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលត្រូវបណ្តេញចេញពីអំណាចដោយរដ្ឋប្រហារយោធាកាលពីឆ្នាំ២០២១ ។.jpg)
គួរបញ្ជាក់ថា ទីក្រុងម៉ាន់ដាឡៃ និងទីក្រុងសាកាយ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសាររញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនា ដែលធ្វើឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាប្រកាសស្នើសុំជំនួយពីបរទេស ៕










