កាហ្វេមានភាពល្បីល្បាញក្នុងការជួយមនុស្សឱ្យស្វាង ប៉ុន្តែតើអ្នកធ្លាប់មានអារម្មណ៍ថាងងុយគេងបន្ទាប់ពីពិសាររួចដែរឬទេ? ជាការពិតវាមិនមែនមានតែអ្នកម្នាក់នោះទេ! ខណៈពេលដែលជាតិកាហ្វេអ៊ីនត្រូវបានគេស្គាល់ថាជាឥទ្ធិពលរំញោច មានកត្តាជាច្រើនពិតជាអាចធ្វើឱ្យអ្នកមានអារម្មណ៍អស់កម្លាំងបន្ទាប់ពីពិសារកាហ្វេរួច។ តោះស្វែងយល់ពីមូលហេតុដែលវាកើតឡើង និងរបៀបដែលអ្នកអាចកែប្រែវាឡើងវិញបាន។
ការងារចម្បងរបស់ជាតិកាហ្វេអ៊ីនគឺទប់ស្កាត់អាដេណូស៊ីន(adenosine) ដែលជាសារធាតុគីមីក្នុងខួរក្បាលដែលធ្វើឱ្យអ្នកមានអារម្មណ៍ងងុយគេង។ ជាធម្មតា សារធាតុ adenosine កើតឡើងជាសញ្ញាប្រាប់រាងកាយរបស់អ្នកថា ដល់ពេលសម្រាកហើយ។ នៅពេលអ្នកផឹកកាហ្វេ ជាតិកាហ្វេអ៊ីននឹងបញ្ឈប់ adenosine ពីការបំពេញការងាររបស់វា ដែលធ្វើអោយអ្នកមានអារម្មណ៍មិនងងុយគេង។ ទោះជាយ៉ាងណាក៏ដោយ ឥទ្ធិពលនេះមិនមែនសុទ្ធតែមានលើមនុស្សគ្រប់គ្នានោះទេ ជាពិសេសប្រសិនបើអ្នកមានទម្លាប់ពិសារកាហ្វេជាប្រចាំ។ ខាងក្រោមនេះជាហេតុផលដែលអាចធ្វើឱ្យអ្នកងងុយគេងបន្ទាប់ពីពិសារកាហ្វេរួច៖
១. រាងកាយរបស់អ្នកសម្របតាមពេលវេលា ប្រសិនបើអ្នកផឹកកាហ្វេញឹកញាប់ រាងកាយរបស់អ្នកនឹងបង្កើតសារធាតុ adenosine កាន់តែច្រើន ដើម្បីរក្សាតុល្យភាពនៃជាតិកាហ្វេអ៊ីន។ នេះមានន័យថា adenosine នៅតែអាចដំណើរការបាន ដោយកាត់បន្ថយសមត្ថភាពរបស់កាហ្វេក្នុងការធ្វើឱ្យអ្នកភ្ញាក់។ ជាលទ្ធផលបន្ទាប់ពីអស់ជាតិកាហ្វេអ៊ីន ធាតុ adenosine នឹងធ្វើឲ្យអ្នកងងុយគេងជាថ្មី។
២. អ្នកប្រហែលជាខ្សោះជាតិទឹក កាហ្វេជាថ្នាំបញ្ចុះទឹកនោមកម្រិតស្រាល ដែលមានន័យថាវាជំរុញឱ្យរាងកាយអ្នកកម្ចាត់ជាតិទឹកចេញ។ ប្រសិនបើអ្នកមិនបានផឹកជាតិទឹកគ្រប់គ្រាន់ជាមួយកាហ្វេទេ នោះអ្នកអាចខ្សោះជាតិទឹក ហើយវានឹងធ្វើឱ្យអ្នកមានអារម្មណ៍អស់កម្លាំង និងមិនអាចផ្តោតអារម្មណ៍។
៣. ការប្រែប្រួលជាតិស្ករក្នុងឈាម ប្រសិនបើអ្នកចូលចិត្តកាហ្វេដាក់ស្ករច្រើន វាអាចបណ្តាលឱ្យអ្នកមានថាមពលយ៉ាងឆាប់រហ័ស ប៉ុន្តែនៅពេលដែលកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកធ្លាក់ចុះបន្ទាប់ពីនោះ អ្នកអាចនឹងមានអារម្មណ៍អស់កម្លាំងឡើងវិញ។
៤. ការរំខានការគេង ជាតិកាហ្វេអ៊ីនស្ថិតនៅក្នុងប្រព័ន្ធរាងកាយរបស់អ្នកអស់ជាច្រើនម៉ោង ដូច្នេះការផឹកកាហ្វេយឺតពេលថ្ងៃអាចរំខានដល់វដ្តនៃការគេងរបស់អ្នកនៅពេលយប់។ ដូច្នេះវាធ្វើឱ្យអ្នកគ្មានថាមពលនៅព្រឹកបន្ទាប់។
5. តួរនាទីរបស់ហ្សែន រាងកាយរបស់មនុស្សគ្រប់រូបដំណើរការជាតិកាហ្វេអ៊ីនខុសៗគ្នា។ មនុស្សខ្លះបំប្លែងជាតិកាហ្វេអ៊ីនយឺត មានន័យថាឥទ្ធិពលរបស់វាមានរយៈពេលយូរ ជួនកាលនាំឱ្យអស់កម្លាំង ជំនួសឱ្យមានថាមពលពេញលេញ។
តើធ្វើយ៉ាងណាដើម្បីទប់ស្កាត់បញ្ហានេះ? ខាងក្រោមនេះជាវិធី ជៀសវាងអារម្មណ៍នឿយហត់បន្ទាប់ពីពិសារកាហ្វេរួច
១ ផឹកទឹកឲ្យបានគ្រប់គ្រាន់៖ ត្រូវប្រាកដថាអ្នករក្សាជាតិទឹកឲ្យពេញលេញ ដើម្បីជៀសវាងការអស់កម្លាំងដែលបណ្តាលមកពីការខះជាតិទឹក។
២ កាត់បន្ថយបន្តិចម្តងៗ៖ ការកាត់បន្ថយការទទួលទានជាតិកាហ្វេអ៊ីន អាចធ្វើធ្វើឲ្យប្រតិកម្មរាងកាយរបស់អ្នកនឹងត្រឡប់មកធម្មតាវិញ។
៣ ជៀសវាងការបន្ថែមជាតិស្ករ៖ ប្រកាន់ខ្ជាប់នូវកាហ្វេធម្មតា ឬជម្រើសដែលល្អសម្រាប់សុខភាព ដើម្បីការពារការធ្លាក់ជាតិស្ករ។
៤កំណត់ម៉ោងការទទួកទានកាហ្វេរបស់អ្នក៖ ជៀសវាងការផឹកកាហ្វេពេលរសៀល ដើម្បីការពារគុណភាពដំណេករបស់អ្នក។
៥ សាកល្បងប្រើឧបករណ៍ជំរុញថាមពលផ្សេងទៀត៖ លំហាត់ប្រាណ ស្រូបខ្យល់អាកាសបរិសុទ្ធ និងអាហារសម្រន់ដែលមានជីវជាតិនឹងអាចជួយឱ្យអ្នកស្វាហាប់ដោយគ្មានជាតិកាហ្វេអ៊ីន៕