យោងតាម Sina នៅថ្ងៃទី ២៣ ខែមេសា តំណាងរបស់តារាសម្តែង Dilraba Dilmurat បាននិយាយថា ពួកគេបានបញ្ជូនញត្តិទៅតុលាការនៅទីក្រុងប៉េកាំង ដោយចោទប្រកាន់ក្រុមហ៊ុនផ្សព្វផ្សាយវប្បធម៌មួយពីបទ «រំលោ.ភលើរូបភាព» របស់តារាសម្តែង។ យោងតាមមេធាវីរបស់តារាស្រីរូបនេះក្រុមហ៊ុនបានចេញផ្សាយខ្សែភាពយន្តខ្លីមួយស្តីពី Douyin ដែលប្រើបច្ចេកវិទ្យាទំនើបដើម្បីប្តូរមុខ Dilraba ទៅលើតួអង្គមួយ។ តាមពិតនាងមិនមានការសម្តែងនៅក្នុងរឿងនោះទេ។

កាលពីដើមខែមេសា ទស្សនិកជនជាច្រើនបានទស្សនាវីដេអូខ្លីមួយ ហើយបានដឹងថាភាពយន្តដែលផលិតដោយក្រុមហ៊ុននោះមានឈុតជាច្រើនដែលតួឯកស្រីមានមុខដូច Dilraba ដោយអះអាងថាក្រុមនាវិកបានប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីកែសម្រួលវា។ ឧបទ្ទវហេតុនេះបានធ្វើឱ្យមានការរំជើបរំជួលនៅក្នុងមតិសាធារណៈហើយក្រោយមកក្រុមហ៊ុនត្រូវលុបចោលឈុតដែលបង្ហាញពីមុខរបស់តារាសម្តែង។

មេធាវីម្នាក់បាននិយាយថាតារាល្បីៗនិងមនុស្សសាមញ្ញមានសិទ្ធិទទួលបានមុខមាត់និងកិត្តិយស។ ប្រសិនបើក្រុមហ៊ុនមួយប្រើប្រាស់ AI តាមអំពើចិត្ត ដើម្បីបញ្ចូលមុខតួសម្តែងទៅក្នុងភាពយន្ត វាអាចជាការក្លែងបន្លំ ព្រោះមានអ្នកមើលដែលជ្រើសរើសមើលវីដេអូនេះ ព្រោះវាមានលក្ខណៈជាតារាដែលពួកគេចូលចិត្ត។
ក្រៅពីបណ្តឹងខាងលើ Dilraba បច្ចុប្បន្នកំពុងបន្តសំណុំរឿងជាង២០ករណីទៀត ដែលភាគច្រើនចោទប្រកាន់អ្នកដែលប្រឌិតព័ត៌មានអំពីជីវិតស្នេហារបស់នាង ឬចោទប្រកាន់មនុស្សដែលប្រឌិតព័ត៌មានបង្ខូចកេរ្តិ៍ឈ្មោះតារាស្រីរូបនេះ។
ស្ថានភាពរបស់តារាល្បីៗដែលត្រូវបានគេបង្ខូចកេរ្តិ៍ឈ្មោះ និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយតាមអ៊ីនធឺណិតគឺជារឿងធម្មតាក្នុងប្រទេសចិន។ ក្នុងរយៈពេលពីរឆ្នាំមកនេះ ទីភ្នាក់ងារគ្រប់គ្រងអ៊ីនធឺណិតបានចាត់វិធានការជាច្រើនដើម្បីកែតម្រូវ និងទប់ស្កាត់ស្ថានការណ៍។ គណនីរាប់ពាន់ត្រូវបានបិទដោយសារការផ្សព្វផ្សាយខ្លឹមសារមិនពិត៕










