សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក Donald Trump ថ្លែងថា លោកតាំងចិត្តកាត់បន្ថយពន្ធទំនិញនាំចូលពីប្រទេសចិនយ៉ាងខ្លាំង គឺនឹងទម្លាក់ពីអត្រា១៤៥% នាពេលបច្ចុប្បន្ន មកនៅកម្រិតទាប ប៉ុន្តែអាមេរិកកាត់បន្ថយពន្ធទំនិញចិនឬអត់ គឺអាស្រ័យលើចិន ។ លោកនឹងប្រកាសពីអត្រាពន្ធទំនិញនាំចូលពីបណ្តាប្រទេសដៃគូពាណិជ្ជកម្មជាមួយអាមេរិកជាថ្មី រួមទាំងចិន ចាប់ពី២សប្តាហ៍ ទៅ៣សប្តាហ៍ខាងមុខ ។.png)
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេស ដោយយោងតាមបទសម្ភាសន៍របស់លោក Trump ជាមួយប្រព័ន្ធផ្សព្វផ្សាយនៅសេតវិមាន កាលពីថ្ងៃទី២៣ ខែមេសា គឺលោក Trump ប្រកាសថា អត្រាពន្ធទំនិញនាំចូលពីបណ្តាប្រទេសដៃគូពាណិជ្ជកម្មអាមេរិកដែលលោកនឹងកំណត់ជាថ្មី គឺអាស្រ័យលើលទ្ធផលការចរចារវាងរដ្ឋាភិបាលអាមេរិកជាមួយមន្ត្រីតំណាងមកពីបណ្តាប្រទេសដៃគូពាណិជ្ជកម្ម ។

លោក Trump និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង យល់ពីគ្នាទៅវិញទៅមកយ៉ាងច្បាស់ ហើយលោកសង្ឃឹមថា អាមេរិកនឹងអាចចរចាពាណិជ្ជកម្មជាមួយចិន ។ លោក Trump តាំងចិត្តកាត់បន្ថយពន្ធទំនិញចិន ចាប់ពី៥០% ទៅ៦០% ។ នេះបើតាមការចុះផ្សាយរបស់កាសែតអាមេរិក Wall Street Journal កាលពីថ្ងៃទី២៣ ខែមេសា ។
នៅថ្ងៃដដែលនេះ មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun ប្រកាសថា ចិនយល់ព្រមចរចាពាណិជ្ជកម្មជាមួយអាមេរិក ដោយឈរលើគោលការណ៍ស្មើភាព ការគោរព និងផលប្រយោជន៍រួមគ្នា ។ ចិនយល់ព្រមចរចាជាមួយអាមេរិកបានធ្វើឱ្យទីផ្សារហិរញ្ញវត្ថុសកលមានសញ្ញាវិជ្ជមាន ខណៈស្ថានភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងអាមេរិក និងចិនធ្លាក់ចុះ ។
ការចុះផ្សាយព័ត៌មានប្រទេសមហាអំណាចសេដ្ឋកិច្ចលើពិភពលោក យល់ព្រមចរចាគ្នាបានធ្វើឱ្យសន្ទស្សន៍ភាគហ៊ុន S&P 500 និងសន្ទស្សន៍ភាគហ៊ុន Nasdaq100 ក្នុងទីផ្សារភាគហ៊ុនទីក្រុងញូវយ៉ករបស់អាមេរិក កើនឡើងខ្ពស់រហូតដល់១.៦៧% និង២.៥០% កាលពីថ្ងៃទី២៣ ខែមេសា ។ ប៉ុន្តែលោក Trump ថ្លែងថា ប្រសិនបើការចរចារវាងអាមេរិក និងចិន ព្រមទាំងប្រទេសដៃគូពាណិជ្ជកម្មផ្សេងៗពុំទទួលបានលទ្ធផល លោកនឹងកំណត់ពន្ធទំនិញនាំចូលពីប្រទេសនានាបន្តទៀត ។
មូលនិធិរូបិយវត្ថុអន្តរជាតិ IMF (International Monetary Fund) បានព្យាករណ៍កាលពីដើមសប្តាហ៍ទី៤ ខែមេសា ថា បើសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន ពុំបញ្ចប់ គឺអត្រាកំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ២០២៥នេះ នឹងធ្លាក់ចុះមកពី៣.៣% នៅត្រឹមតែ២.៨% ប៉ុណ្ណោះ ដែលអត្រា៣.៣% គឺ IMF បានព្យាករណ៍នាពេលមុននេះ ។.png)
គួរបញ្ជាក់ថា រដ្ឋរបស់អាមេរិកចំនួន១២រដ្ឋ បានប្តឹងលោក Trump ទៅកាន់តុលាការពណិជ្ជកម្មអន្តរជាតិនៅទីក្រុងញូវយ៉ក ពីបទលោក Trump ដាក់ពន្ធទំនិញនាំចូលពីក្រៅប្រទេសដោយគ្មានការអនុម័តពីសភាអាមេរិក ព្រមទាំងផ្ទុយនឹងបទប្បញ្ញត្តិរដ្ឋធម្មនុញ្ញ ក៏ដូចជាបង្កើតភាពចលាចលដល់សេដ្ឋកិច្ចអាមេរិក ៕










