ប្រទេសឥណ្ឌា ៖ រដ្ឋាភិបាលឥណ្ឌាបានបញ្ជាឱ្យបិទព្រំដែនជាប់ប៉ាគីស្ថាន ព្រមទាំងលុបចោលទិដ្ឋាការពលរដ្ឋប៉ាគីស្ថាន និងបណ្តេញមន្ត្រីទូតប៉ាគីស្ថានចេញពីឥណ្ឌា ក្រោយខ្មាន់កាំភ្លើ.ង ៤នាក់ បា.ញ់ភ្ញៀវទេសចរស្លាប់អស់២៦នាក់ និងរបួសជាង២០នាក់ នៅទីក្រុងប៉ាហាលហ្គាម តំបន់កាសមៀ ។ វាជាហេតុការណ៍វាយប្រ.ហារភ្ញៀវទេសចរដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំ ស្របពេលឥណ្ឌាមានភាពតានតឹងជាមួយប៉ាគីស្ថានម្តងទៀត ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ។
.jpg)
កាលពីថ្ងៃទី២៤ ខែមេសា ក្រសួងការបរទេសឥណ្ឌាបានប្រកាសបិទព្រំដែនធំៗជាប់ប្រទេសប៉ាគីស្ថាន ក្រោយកើតហេតុការណ៍ខ្មាន់កាំភ្លើងបាញ់ប្រហារភ្ញៀវទេសចរនៅជ្រលងភ្នំក្នុងទីក្រុងប៉ាហាលហ្គាម ស្លាប់អស់២៦នាក់ ។ ជាមួយគ្នានេះ រដ្ឋាភិបាលឥណ្ឌាក៏បានលុបចោលគម្រោងលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋប៉ាគីស្ថានផងដែរ និងកំណត់ឱ្យអ្នកកាន់វីសាប្រភេទ SAARC ចាកចេញពីទឹកដីឥណ្ឌា ក្នុងរយៈពេល៤៨ម៉ោង ។

លើសពីនេះ រដ្ឋាភិបាលឥណ្ឌាបានបណ្តេញទីប្រឹក្សាយោធាក្នុងស្ថានទូតប៉ាគីស្ថាននៅទីក្រុងញូវដេលី និងគ្រោងបណ្តេញមន្ត្រីទូតប៉ាគីស្ថានជាច្រើនរូបទៀតនៅចុងខែមេសា ក៏ដូចជាផ្អាកសន្ធិសញ្ញាបែងចែកទឹករវាងប្រទេសទាំងពីរដោយគ្មានកំណត់ ។
ឥណ្ឌាមិនត្រឹមតែតាមចាប់ខ្លួនខ្មាន់កាំភ្លើងប៉ុណ្ណោះទេ ប៉ុន្តែនឹងចាត់វិធានការតាមច្បាប់លើអ្នកនៅពីក្រោយខ្នងការបាញ់ប្រហារនេះ មិនថាពួកគេនៅកន្លែងណាទេ ឥណ្ឌានឹងចាប់ខ្លួនឱ្យបាន ។ នេះបើតាមលោក រ៉ាឆាណាត ស៊ីង រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា ។

ខ្មាន់កាំភ្លើងបានបាញ់ប្រហារភ្ញៀវទេសចរក្នុងតំបន់ទេសចរណ៍ដ៏ពេញនិយមនៅទីក្រុងប៉ាហាលហ្គាម ដែលជាតំបន់ខ្ពង់រាប ខណៈការធ្វើដំណើរមកតំបន់នេះ ត្រូវជិះសេះ ឬដើរ ។ បើតាមអ្នកឃើញហេតុការណ៍ គឺខ្មាន់កាំភ្លើងបានបាញ់ភ្ញៀវទេសចរកំពុងសម្រាកក្នុងតង់ រីឯភ្ញៀវទេសចរជាច្រើនដែលរួចផុតពីសេចក្តីស្លាប់ប្រាប់ថា ភ្ញៀវទេសចរដែលស្លាប់ទាំង២៦នាក់ បានគាំទ្រនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ។

ក្រោយមក ក្រុមប្រដាប់អាវុធ The Resistance Front បាននិយាយក្នុងបណ្តាញសង្គមថា ពួកគេមិនពេញចិត្តចំពោះការចូលមកតាំងទីលំនៅរបស់មនុស្សជាង៨៥,០០០នាក់ ។ លោក Narendra Modi ថ្លែងថា នឹងចាត់វិធានការជនល្មើសតាមច្បាប់ ដែលការបាញ់ប្រហារនេះធ្វើឱ្យភ្ញៀវទេសចរភ័យរត់ចេញពីតំបន់ទេសចរណ៍ ។ មេដឹកនាំប្រទេសជាច្រើន ដូចជា ៖ អាមេរិក រុស្ស៊ី អ៊ីរ៉ង់ បារាំង និងអារ៉ាប់រួម បានថ្កោលទោសហេតុការណ៍នេះយ៉ាងខ្លាំង ។
ការបិទព្រំដែនប៉ាគីស្ថាន និងបណ្តេញមន្ត្រីទូតប៉ាគីស្ថាន ដោយសាររដ្ឋាភិបាលឥណ្ឌាយល់ថា ប៉ាគីស្ថាននៅពីក្រោយខ្នងខ្មាន់កាំភ្លើងដែលបាញ់ភ្ញៀវទេសចរក្នុងប្រទេសរបស់ខ្លួន ទោះជាគ្មានភស្តុតាងច្បាស់លាស់ក្តី ។ បើតាមការសន្និដ្ឋាន ការបាញ់ប្រហារនេះ គឺដោយសារឥណ្ឌា និងប៉ាគីស្ថានបរាជ័យក្នុងការចរចា ឬមកពីឥណ្ឌាមានភាពតានតឹងផ្នែកសាសនាក្នុងប្រទេស ៕










