នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ក្នុងជំនួបខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បានចុះហត្ថលេខាលើឯកសារចំនួន៧រវាងកម្ពុជា-ថៃ។នៅក្នុងនោះគេឃើញមានការចុះកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃ ស្តីពីការសាងសង់ស្ពានព្រំដែនផ្សារព្រំ-បានផាកាត។

ព្រំដែនផ្សារព្រំ ស្ថិតនៅក្នុងខេត្តប៉ៃលិន ជាប់នឹងច្រកបានផាកាត ខេត្តចាន់បុរី នៃព្រះរាជាណាចក្រថៃ។ ច្រកនេះ បានក្លាយជាច្រកអន្តរជាតិ ដែលមានភ្ញៀវទេសចរ ពលករ និងការដឹកជញ្ជូនទំនិញចេញ-ចូលឆ្លងកាត់ព្រំដែនយ៉ាងសកម្ម។
ស្ពាននេះ មានប្រវែងប្រហែល៤០ម៉ែត្រ មានផ្លូវដើរប្រវែង៣ម៉ែត្រ និងគន្លងផ្លូវរថយន្តទៅមក២គន្លង ចំណាយថវិការប្រមាណ៤៣មុឺនដុល្លារ។
គួរបញ្ជាក់ថា ស្ពាននេះ ត្រូវបានប្រសិទ្ធនាមថាជា ”ស្ពានមិត្តភាពចាន់បុរី-ប៉ៃលិន” សាងសង់ឡើង ដើម្បីជំនួសឱ្យស្ពានបេឡេត៍ ចាស់ទ្រុឌទ្រោមដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន៕










