ប្រទេសចិន ៖ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ក្រុមហ៊ុនអាកាសចរណ៍ចិន Xiamen Airlines បានបដិសេធពុំទទួលយកយន្តហោះ Boeing 737 MAX ដែលកុម្ម៉ង់ទិញពីក្រុមហ៊ុនអាមេរិក ក្រោយចិន និងអាមេរិកមានភាពតានតឹងផ្នែកពាណិជ្ជកម្ម ហើយធ្វើឱ្យយន្តហោះនេះហោះត្រឡប់មកអាកាសយានដ្ឋានអន្តរជាតិ King County នៅទីក្រុងស៊ីតថល សហរដ្ឋអាមេរិកវិញ ។.jpg)
បន្ទាប់មក នៅថ្ងៃទី២១ ខែមេសា យន្តហោះ១គ្រឿងទៀតរបស់ក្រុមហ៊ុន Boeing ក៏ត្រូវក្រុមហ៊ុនអាកាសចរណ៍ចិនបដិសេធពុំទទួលយកដែរ ដែលធ្វើឱ្យយន្តហោះត្រូវហោះត្រឡប់មកអាមេរិកដូចគ្នា ។ នេះបង្ហាញថា ក្រុមហ៊ុនយន្តហោះអាមេរិកបានរងផលប៉ះពាល់ដោយសារសង្គ្រាមពាណិជ្ជកម្ម ដែលប្រធានាធិបតីអាមេរិក លោក Donald Trump គឺជាអ្នកចាប់ផ្តើមបង្កាត់ភ្លើងសង្គ្រាម ។.jpg)
យន្តហោះ Boeing 737 MAX ១គ្រឿង បានហោះហើរចេញពីមជ្ឈមណ្ឌលដំឡើងយន្តហោះនៅទីក្រុង Zhoushan ក្បែរទីក្រុងសៀងហៃ កាលពីព្រឹកថ្ងៃទី២១ ខែមេសា ដោយហោះឆ្ពោះទៅកោះគួម របស់អាមេរិក ដែលជាទីតាំងសម្រាប់យន្តហោះនានាចុះចតសម្រាកពេលធ្វើដំណើរឆ្លងមហាសមុទ្រអាត្លង់ទិក ចម្ងាយ៨,០០០គីឡូម៉ែត្រ ។ កោះនេះស្ថិតនៅចន្លោះមជ្ឈមណ្ឌលផលិតយន្តហោះរបស់ក្រុមហ៊ុន Boeing នៅទីក្រុងស៊ីថល សហរដ្ឋអាមេរិក និងមជ្ឈមណ្ឌលដំឡើងយន្តហោះនៅទីក្រុងជូសាន ប្រទេសចិន ។ នេះបើតាមគេហទំព័រ AirNav Radar តាមដានការហោះហើររបស់យន្តហោះ ។
កាលពីដើមខែមេសា លោក Trump បានដំឡើងពន្ធទំនិញចិន ស្មើ១៤៥% ហើយចិនបានដំឡើងពន្ធទំនិញអាមេរិកវិញ ស្មើ១២៥% ។ ការដំឡើងពន្ធទៅវិញទៅមករវាងចិន និងអាមេរិក បានធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ចិនដែលកុម៉្មង់ទិញយន្តហោះ Boeing ប៉ះពាល់យ៉ាងខ្លាំង ដោយសារយន្តហោះ Boeing 737 MAX ថ្មី មានតម្លៃរហូតដល់៥៥លានដុល្លារអាមេរិក ។ វាជាយន្តហោះលក់ដាច់បំផុតរបស់ក្រុមហ៊ុន Boeing ហើយវាជាសញ្ញាអាក្រក់បំផុតសម្រាប់វិស័យអាកាសចរណ៍អាមេរិក ដែលទទួលបានការលើកលែងពន្ធអស់ជាច្រើនឆ្នាំ ។
សង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក បានធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ចិនបដិសេធពុំទទួលយកយន្តហោះអាមេរិក ខណៈក្រុមហ៊ុន Boeing ទើបរួចផុតពីវិធានការហាមនាំចូលយន្តហោះ 737 MAX អស់រយៈពេលជិត៥ឆ្នាំ ។ ភាពច្របូកច្របល់ក្រោយការផ្លាស់ប្តូរអត្រាពន្ធទំនិញបានប៉ះពាល់ដល់ការលក់យន្តហោះរបស់អាមេរិក ហើយធ្វើឱ្យនាយកក្រុមហ៊ុនអាកាសចរណ៍មួយចំនួនផ្អាកការទិញយន្តហោះ ដើម្បីចៀសវាងការបង់ពន្ធខ្ពស់នាពេលបច្ចុប្បន្ន ។
គួរបញ្ជាក់ថា ការបដិសេធរបស់ក្រុមហ៊ុនអាកាសចរណ៍ចិនពុំទទួលយកយន្តហោះអាមេរិក ដោយសាររដ្ឋាភិបាលចិនបញ្ជាឱ្យក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ផ្អាកទិញយន្តហោះ និងឧបករណ៍យន្តហោះពីក្រុមហ៊ុន Boeing ដើម្បីឆ្លើយតបនឹងការដំឡើងពន្ធទំនិញរបស់លោក Trump ៕










