ប្រទេសនានាក្នុងតំបន់អាស៊ីតែងតែមានសីតុណ្ហភាពកើនឡើងខ្ពស់នារដូវក្តៅ ហើយវាអាចប៉ះពាល់ខ្លាំងដល់សុខភាព ឬគ្រោះថ្នា.ក់ រហូតដល់បាត់បង់ជីវិត ដោយសារការដាច់សរសៃឈាមខួរក្បាល (Heat Stroke) ។ ហេតុនេះ លោកអ្នកគួរតែឈ្វេងយល់ពីវិធីថែទាំសុខភាព ឬការពារខ្លួន ពីព្រោះការដាច់សរសៃឈាមខួរក្បាលកើតឡើងដោយសាររាងកាយបង្កើតកំដៅ និងទទួលកំដៅពីខាងក្រៅ ហើយរាងកាយបញ្ចេញកំដៅមិនទាន់ ទើបសីតុណ្ហភាពរាងកាយកើនឡើងខ្ពស់ដល់ជាង៤០អង្សាសេ ។
បើទុកឱ្យរាងកាយក្តៅខ្លាំងលើស២ម៉ោង គឺអាចធ្វើឱ្យមានគ្រោះដល់ប្រព័ន្ធផ្សេងៗក្នុងរាងកាយ និងស្លាប់តែម្តង ។ ប៉ុន្តែបើព្យាបាលបានត្រឹមត្រូវ យើងនឹងផុតពីគ្រោះថ្នាក់ ៩០% ។
តើការដាច់សរសៃឈាមខួរក្បាលមានរោគសញ្ញាអ្វីខ្លះ?
-ងងឹតមុខ អស់កម្លាំង ឈឺក្បាល ក្អួតចង្អោរ ដកដង្ហើមញាប់ ញ័រខ្លួន និងបេះដូងលោតខ្លាំង
-សីតុណ្ហភាពក្នុងរាងកាយកើនឡើងយ៉ាងឆាប់រហ័ស មិនបែកញើស
-ក្តៅខ្លួនខ្លាំង ស្បែកពណ៌ក្រហមខ្លាំង និងមានសីតុណ្ហភាពកើនឡើងដល់ជាង៤០អង្សាសេ
-អារម្មណ៍ច្របូកច្របល់ ឆាប់ខឹង និយាយស្តីមិនដឹងរឿង និងបាត់បង់ស្មារតី ។
ចំណែករោគសញ្ញាបង្ហាញថា ការដាច់សរសៃឈាមខួរក្បាលនឹងប៉ះពាល់ដល់អាយុជីវិត រួមមាន ៖ ពុំបែកញើស ស្រេកទឹក ក្តៅខ្លួនកាន់តែខ្លាំង ឈឺក្បាល បេះដូងលោតញាប់ ។ បើមានរោគសញ្ញាទាំងនេះ គួរសម្រាកភ្លាមៗ ពីព្រោះបើព្យាបាលមិនទាន់ពេលវេលាទេ យើងអាចស្លាប់បាន ។
*តើគួរការពារការដាច់សរសៃឈាមខួរក្បាលតាមវិធីណាខ្លះ?
-ផឹកទឹកឱ្យគ្រប់គ្រាន់
-ស្លៀកខោអាវរលុងដើម្បីមានខ្យល់ចេញ-ចូលល្អ
-ស្ថិតនៅកន្លែងមានខ្យល់ចេញ-ចូល
-ហាត់ប្រាណពេលព្រឹក ឬល្ងាច
-ចៀសវាងផឹកគ្រឿងស្រវឹង ។
*តើអ្នកណាខ្លះប្រឈមនឹងដាច់សរសៃឈាមខួរក្បាល?
-អ្នកធ្វើការក្រោមកំដៅថ្ងៃក្តៅខ្លាំងរយៈពេលយូរ ដូចជា ៖ កម្មករ កសិករ និងកីឡាករ
-មនុស្សចាស់ កុមារ អ្នកសម្រាកពុំគ្រប់គ្រាន់ អ្នកផឹកស្រាច្រើន
-អ្នកមានជំងឺប្រចាំកាយ ដូចជា ៖ លើសឈាម, ទឹកនោមផ្អែម, បេះដូង, សួត និងអ្នកលេបថ្នាំបញ្ចុះលាមក ។
*វិធីព្យាបាលបឋមសម្រាប់អ្នកដាច់សរសៃឈាមខួរក្បាល រួមមាន ៖
-នាំអ្នកជំងឺមកកន្លែងម្លប់មានអាកាសធាតុត្រជាក់ ឬខ្យល់ចេញ-ចូល
-នាំអ្នកជំងឺសម្រាកផ្ទាល់ដី និងលើកជើងទាំង២ឡើងលើដើម្បីជួយឱ្យឈាមរត់
-ដោះខោអាវចេញខ្លះដើម្បីឱ្យកំដៅចេញពីរាងកាយឆាប់រហ័ស
-យកកន្សែងពោះគោជ្រលក់ទឹកធម្មតាមកជូតខ្លួន ជូតក្លៀក ក និងថ្ងាស ដើម្បីបញ្ចេញកំដៅ
-បើកង្ហារ ឬបក់ឱ្យខ្លាំងៗដើម្បីកាត់បន្ថយសីតុណ្ហភាពរាងកាយឱ្យធ្លាក់ចុះទាបបំផុត
-បើអ្នកជំងឺនៅតែពុំដឹងខ្លួន ចូរនាំអ្នកជំងឺទៅមន្ទីរពេទ្យជាបន្ទាន់ ៕